ប៉ៃលិន ៖ ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំមន្ត្រីជំនាញ និងក្រុមការងារ ចុះពិនិត្យមើលស្ថានភាពជាក់ស្តែងដល់ទីតាំង និងចាត់វិធានការក្តៅចំពោះក្រុមជនខិលខូច ដែលលួចឈូសឆាយទន្ទ្រានកាន់កាប់ដីព្រៃភ្នំរបស់រដ្ឋដោយខុសច្បាប់ ស្ថិតនៅចំនុចអូរកប់អង្ករ ភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ក្នុងឱកាសនោះ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ជំរុញអោយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់ ជាន់ថ្នាក់ ត្រូវស្វែងរកឱ្យឃើញអ្នកប្រព្រឹត្ត និងអ្នកពាក់ព័ន្ធ និងត្រូវចាប់ឱ្យបាននូវជនណា ដែលកំពុងមានសកម្មភាពបំផ្លាញដីព្រៃ ជីកកាយដីភ្នំ ដែលជាកម្មសិទ្ធិរបស់រដ្ឋនេះ ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ដោយមិនត្រូវបន្ធូរដៃឡើយ ព្រោះបើមិនចាត់វិធានការក្ដៅនោះទេ ដីព្រៃភ្នំនៅតំបន់នេះ នឹងរងការឈូសឆាយទន្ទ្រានកាន់កាប់ជាបន្តបន្ទាប់។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើដល់មន្ត្រីជំនាញពាក់ព័ន្ធ និងអជ្ញាធរមូលដ្ឋាន ត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹងច្បាប់ និងគុណសម្បត្តិនៃដីព្រៃភ្នំធម្មជាតិ ដើម្បីចៀសវាងពួកគាត់ធ្វើការកាប់ទន្ទ្រាន ឈូលឆាយដីព្រៃតំបន់ភ្នំ ដែលជាកម្មសិទ្ធិរបស់រដ្ឋ និងណែនាំដល់អាជ្ញាធរភូមិ ឃុំ មិនត្រូវធ្វើការចុះហត្ថលេខាឬទទួលស្គាល់ម្ចាស់កម្មសិទ្ធិ ដែលប្រើប្រាស់ដីព្រៃរបស់រដ្ឋឡើយបើពុំនោះទេ អាជ្ញាធរភូមិ ឃុំនិងអ្នកពាក់ព័ន្ធដទៃទៀតក៏ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ ។
លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមទាំងអស់គ្នាក្នុងការថែរក្សានូវព្រៃឈើ និងភ្នំដែលជាកម្មសិទ្ធិរបស់រដ្ឋ និងជាសម្បត្តិធម្មជាតិដ៏ស្រស់ត្រកាល ដើម្បីទុកជាប្រយោជន៍សម្រាប់ជាតិ និងសហគមន៍របស់យើងពិសេសថែរក្សាទុកអោយបានគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយបានឃើញ និងបានស្គាល់អំពីព្រៃឈើ និងភ្នំនានាដែលជាទ្រព្យសម្បត្តិធម្មជាតិមិនអាចកាត់ថ្លៃបាន ។
សូមបញ្ជាក់ថា បន្ទាប់ពីចុះពិនិត្យជាក់ស្តែងដល់ទីតាំងរំលោភបំពានដីរដ្ឋ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានរៀបចំក្រុមការងារដែលមានមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះធ្វើការវាស់វែងកំណត់ព្រំប្រទល់ដីព្រៃភ្នំជាកម្មសិទ្ធិរបស់រដ្ឋអោយបានច្បាស់លាស់ ចៀសវាងមានជនឆ្លៀតឱកាសលួចធ្វើការឈូសឆាយទន្ទ្រានកាន់កាប់ធ្វើជាកម្មសិទ្ធបុគ្គលជាបន្តទៀត៕






