ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោក ហាសិបេ ត្សឺយ៉ូហ្ស៊ី (HASEBE Tsuyoshi) ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុននីកកេ (Nikkei Inc.) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងចូលរួមជាមួយប្រមុខរដ្ឋ/រដ្ឋាភិបាល និងឥស្សរជនជាន់ខ្ពស់មកពីបណ្ដាប្រទេសអាស៊ីដ៏ទៃទៀត ថ្លែងសុន្ទរកថាក្នុងសន្និសីទ អន្តរជាតិ លើកទី២៧ ស្ដីពី «អនាគតរបស់អាស៊ី» ក្រោមមូលបទ «ការកំណត់ឡើងវិញនូវតួនាទីរបស់ទ្វីបអាស៊ីនៅក្នុងពិភពលោកដែលបែកខ្ញែក» ដែលនឹងប្រព្រឹត្តទៅក្នុងទម្រង់រូបវ័ន្តផង និង តាមប្រព័ន្ធអនឡាញផង នៅថ្ងៃទី ២៦-២៧ ខែ ឧសភា ឆ្នាំ២០២២ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
នេះបេីយោងតមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៥ ខែឧសភានេះ ។
ក្រសួងការបរទេសបានបន្តថា នៅក្នុងសុន្ទរកថាតាមប្រព័ន្ធវីដេអូ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងផ្តោតលើចំណុចសំខាន់ៗរួមមាន៖ ការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញក្រោយពីវិបត្តិជំងឺកូវីដ-១៩ ការបន្តដាក់សម្ពាធលើបរិយាកាស សន្តិសុខសកល ការប្រកួតប្រជែងភូមិសាស្រ្ដនយោបាយរវាងមហាអំណាច និងសារសំខាន់នៃ ពហុភាគី និយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិដោយផ្អែកលើវិធានច្បាប់។ សម្តេចតេជោ ក៏នឹងគូសបញ្ជាក់ផងដែរអំពីផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ និងអំពើភេរវកម្មឆ្លងដែន និងតួនាទីរបស់អាស៊ាន រួមទាំងកម្ពុជា ក្នុងការកសាងអនាគតដ៏ត្រចះត្រចង់សម្រាប់ទ្វីបអាស៊ី និងពិភពលោក។
ការអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី នៅក្នុងសន្និសីទ អន្តរជាតិខាងលើ នឹងឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដើរតួនាទីដ៏សកម្មនៅក្នុងការកសាងអនាគតប្រកបដោយនិរន្តរភាពមួយសម្រាប់អាស៊ី និងពិភពលោកជាពិសេសនៅក្នុងបុព្វហេតុស្តារឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩៕
