(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារធនធាន ១ខ្នង កម្ពស់២ជាន់ មាន១០បន្ទប់ និងសមិទ្ធផលនានា ក្នុងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន អម្ពរវ័នជំនីក ស្ថិតក្នុងភូមិស្វាយដំណាក់ ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ អ្នកតំណាងរាស្ត្រ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ស្រុក ឃុំ អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាព និងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន សមាគមន៍នានា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស កាយរិទ្ធ យុវជនកាកបាទក្រហម ស.ស.យ.ក និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ៕















