ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) ដឹកនាំគណៈប្រតិភូពាណិជ្ជកម្ម និងអ្នកវិនិយោគជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា។
ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ស្វាមគន៍ចំពោះគណៈប្រតិភូពាណិជ្ជកម្ម និងអ្នកវិនិយោគជប៉ុន ដែលមកទស្សនកិច្ចនៅប្រទេសកម្ពុជា។ សម្ដេច បានចាត់ទុកថា ដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីចូលរួមចំណែកពង្រឹងចំណងមិត្តភាពរវាង កម្ពុជា-ជប៉ុន ជាពិសេសជំរុញលើកទឹកចិត្តឱ្យមានការវិនិយោគកាន់តែច្រើនឡើងបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) បានថ្លែងថា ឯកឧត្តម និងគណៈប្រតិភូពាណិជ្ជកម្ម និងអ្នកវិនិយោគជប៉ុនទាំងអស់ ពិតជាមានសេចក្តីរីករាយយ៉ាងខ្លាំង ដែលសម្ដេចក្រឡាហោម បានអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសមនាពេលនេះ។ ឯកឧត្តម បានបន្ថែមថា កាលពីឆ្នាំ២០១៩ សមាគមជប៉ុន-កម្ពុជា ក៏បានដឹកនាំគណៈប្រតិភូពាណិជ្ជកម្ម និងអ្នកវិនិយោគជប៉ុន មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ហើយក៏បានចូលជួបសម្ដែងការគួរសមជាមួយសម្ដេចក្រឡាហោម ផងដែរ។
ជាចុងក្រោយ សម្ដេចក្រឡាហោម ក៏បានជូនពរដល់គណៈប្រតិភូពាណិជ្ជកម្ម និងអ្នកវិនិយោគជប៉ុនទាំងអស់ សូមទទួលបានជោគជ័យក្នុងការងាររបស់ខ្លួននាឱកាសបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជានេះផងដែរ៕




















