ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតសឹង្ហបុរី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ បានអនុញ្ញាតឱ្យលោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ បានអនុញ្ញាតឱ្យលោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍វត្តមានលោកជំទាវ និងសហការីមកធ្វើទស្សនកិច្ចខេត្តព្រះសីហនុ ព្រមទាំងជម្រាបជូនពីភូមិសាស្ត្រខេត្តព្រះសីហនុ មានក្រុង២ ស្រុក៣ មានកោះ៣២ ឆ្នេរប្រវែង ១៧៥គីឡូម៉ែត្រ។ ក្រោយពីកម្ពុជាទទួលបានឯករាជ្យ សម្តេចព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” បានរៀបចំបង្កើតខេត្តព្រះសីហនុ ដែលមានសក្តានុពលសេដ្ឋកិច្ច បានចាប់ផ្តើមកសាងសង់ផ្លូវជាតិលេខ៤ និងបន្តសាងសង់កំពង់ផែក្រុងព្រះសីហនុ ដែលមានសារៈសំខាន់ ក្នុងការដឹកជញ្ជូនទំនិញចេញ-ចូលប្រមាណ ៧០ភាគរយ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

ឯកឧត្តម បានបន្ដថា បច្ចុប្បន្នរាជរដ្ឋាភិបាល បានសហការជាមួយរដ្ឋាភិបាលជប៉ុន JICA សាងសង់ពង្រីកកំពង់ផែក្រុងព្រះសីហនុជំហានទី១ អាចឱ្យនាវាមានជម្រៅទឹក ១៣,៥០ម៉ែត្រ ចូលចតបាននៅឆ្នាំ២០២៥ និងបន្តពង្រឹងបន្ថែមដល់ឆ្នាំ២០២៩ អាចឱ្យនាវាមានជម្រៅទឹក ១៥ម៉ែត្រ ចូលចតបាន ហើយនាវានៅលើពិភពលោក ៩៧ភាគរយ ចូលចតបានធ្វើឱ្យតម្លៃដឹកជញ្ជូនតាមផ្លូវទឹកមានការថយចុះប្រកួតប្រជែងប្រទេសក្នុងតំបន់។ ឯកឧត្តម បានបន្ថែមថា ខេត្ត ក៏មានព្រលានយន្តហោះអន្តរជាតិ ដែលមានផ្លូវរត់ប្រវែង ៣,៤០០ម៉ែត្រ បច្ចុប្បន្នកំពុងបន្តសាងសង់ស្ថានីយចេញដំណើរ។ លើសពីនេះ ខេត្ត មានផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ គ្រោងនឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២២ ខាងមុខនេះ។

ឯកឧត្តម បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានទម្លាក់កញ្ចប់ថវិកា ក្នុងការកែលម្អជាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្នុងក្រុងព្រះសីហនុចំនួន ៣៧ខ្សែ ដឹកនាំដោយឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិ អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។ ផ្អែកតាមផែនការមេ រាជរដ្ឋាភិបាល បានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាតារារះនាទិសនារតី។

ជាងនេះទៅទៀត ឯកឧត្តម អភិបាលខេត្តព្រះសីហនុ ក៏បានលើកឡើងទៀតថា នៅខេត្តព្រះសីហនុ ក៏មានជនជាតិសឹង្ហបុរី បានមកធ្វើការវិនិយោគលើផ្នែកអចលនៈទ្រព្យ និងទេសចរណ៍ និងស្នើសុំឱ្យ លោកជំទាវឯកអគ្គរដ្ឋទូតសឹង្ហបុរី ជួយផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្តព្រះសីហនុ ដល់ប្រជាពលរដ្ឋសឹង្ហបុរី និងជំរុញអ្នកវិនិយោគប្រទេសសឹង្ហបុរីមកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ ឱ្យកាន់តែច្រើនបន្ថែមទៀត។

ជាកាឆ្លើយតប លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសឹង្ហបុរី បានថ្លែងអំណរគុណចំពោះ ឯកឧត្តមអភិបាលខេត្ត ដែលឱ្យលោកជំទាវ និងសហការីចូលជួបពិភាក្សាការងារ ហើយក៏ជាលើកទីពីរដែលលោកជំទាវ បានមកកាន់ខេត្តព្រះសីហនុ គឺលើកទី១ បានចូលរួមកិច្ចប្រជុំវេទិការទេសចរណ៍អាស៊ានកាលពីខែមករា ឆ្នាំ២០២២កន្លងមក ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានបន្ធូរបន្ថយនៃការរឹតបណ្តឹងវិបត្តិកូវីដ-១៩ ធ្វើឱ្យមានទំនុកចិត្តក្នុងតំបន់។

លោកជំទាវ បានបន្តថា ការមកទស្សនកិច្ចនាពេលនេះ លោកជំទាវ ក៏បានទៅទស្សនារូបសំណាក “ព្រះថោងនាងនាគ” មានលក្ខណៈស្អាតជាស្នាដៃខ្មែរ ក្រោមការដឹកនាំរបស់ឯកឧត្តមអភិបាលខេត្ត មានការអភិវឌ្ឍរីកចម្រើននូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ហើយលោកជំទាវ ក៏ចង់ឃើញការអភិវឌ្ឍថ្មីៗបន្ថែមទៀតមានដូចជា៖ កំពង់ផែ ផ្លូវល្បឿនលឿន ក្នុងអាណត្តិរបស់លោកជំទាវ ជាឯកអគ្គរដ្ឋទូតសឹង្ហបុរី ប្រចាំកម្ពុជា និងគម្រោងជាច្រើនផ្សេងទៀតធ្វើឱ្យទីក្រុងនេះ ក្លាយជាទីក្រុងឆ្លាតវៃ និងជាមជ្ឍមណ្ឌលហិរញ្ញវត្ថុ។ ក្នុងនាមខេត្តព្រះសីហនុ ជាខេត្តប៉ូលសេដ្ឋកិច្ចរបស់កម្ពុជា ដែលមានរាជធានីភ្នំពេញ សៀមរាប៕

Leave a Reply