កោះកុង៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាត និងណែនាំពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបប្រជុំជាមួយតំណាងប្រជាពលរដ្ឋក្រុម ៣១៧គ្រួសារ។
សូមបញ្ជាក់ថា គោលបំណងនៃការស្នើជួបប្រជុំជាមួយរដ្ឋបាលខេត្តនេះ តំណាងប្រជាពលរដ្ឋ បានលើកឡើងអំពីសំណើ និងសំណូមពរចំនួន៣ រួមមាន៖
១-ស្នើសុំជួយពន្លឿនការធ្វើស្ពាន ក្នុងទីតាំងដីដែលរាជរដ្ឋាភិបាល បានបែងចែកជូនប្រជាពលរដ្ឋ។
២-ស្នើសុំដីចំនួន ៨ឡូត៍ ដែលនៅសល់ពីការបែងចែកជូនប្រជាពលរដ្ឋ សម្រាប់ធ្វើជាតំបន់អេកូទេសចរណ៍។
៣-ស្នើសុំជួយអន្តរាគមន៍ ករណីមន្ទីរបរិស្ថានចាប់គោយន្តដឹកឈើ និងពិន័យអន្តរកាល ៣ ៥០០ ០០០រៀល។
ជាការឆ្លើយតបនឹងសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ ឯកឧត្តម សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានបញ្ជាក់ជូនតំណាងប្រជាពលរដ្ឋ មានដូចខាងក្រោម៖
១-ករណីស្នើស,ពន្លឿនការធ្វើស្ពាន រដ្ឋបាលខេត្តបាននិងកំពុងខិតខំធ្វើឱ្យបានលឿនហើយ ខណៈពេលនេះកំពុងអនុវត្តនីតិវិធីដេញថ្លៃផងដែរ។
២-ករណីស្នើសុំដីឡូត៍ដែលនៅសល់ចំនួន ៨ឡូត៍ សម្រាប់ធ្វើជាតំបន់អេកូទេសចរណ៍ គឺទាល់តែមានការប្រជុំពិភាក្សាជាមួយអាជ្ញាធរ មន្ទីរ អង្គភាពជំនាញ គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តសិន។ ចំពោះដីដែលបែងចែកជូនប្រជាពលរដ្ឋ ហើយនៅសល់ដីនោះ គឺត្រូវចុះបញ្ជីជាដីរដ្ឋ មិនមែនអាចយកទៅបែងចែកតាមចិត្តបាននោះទេ។
៣-ករណីមន្ទីរបរិស្ថានចាប់គោយន្តដឹកឈើ និងពិន័យអន្តរកាលចំនួន ៣ ៥០០ ០០០រៀលនេះ ជាការអនុវត្តតាមច្បាប់កំណត់៕






