នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារបន្តចុះសំណេះសំណាលសួរសុខទុក្ខជាមួយពលរដ្ឋចំនួន ៣៦ភូមិ ក្នុងឃុំចំនួន០២ នៃស្រុកអូររាំងឳ ក្នុងនោះ១៤ភូមិ ក្នុងឃុំមៀន និង២២ភូមិ ក្នុងឃុំគងជ័យ។
មានប្រសាសន៍សំណេះសំណាល ឯកឧត្តមបណ្ឌិត បានលើកឡើងប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ថា សូមឲ្យមើលព្រៃទាំងមូល កុំមើលដើមឈើតែ១ដើម មានន័យថា មន្ត្រីរាជការដែលល្អ៩៩% កុំយកប្រៀបធៀបមួយចំនួនតូចដែលខូចខិលនោះ ដូច្នេះហើយ សូមកុំខឹងគោវាយរទេះ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏សូមឲ្យបងប្អូនពលរដ្ឋចូលរួមបោះឆ្នោតទាំងអស់គ្នា ជាពិសេសបន្តបោះឆ្នោតគាំទ្រសម្តេចតេជោ ជានាយករដ្ឋមន្ត្រី ដែលខិតខំលះបង់កំលាំងកាយចិត្តតស៊ូនាំយកសន្តិភាព ថែរក្សាសន្តិភាព និងបន្តអភិវឌ្ឍន៍រីកចម្រើនរហូតសព្វថ្ងៃនេះ។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានលើកឡើងពីយុទ្ធសាស្ត្រស្រោចវ៉ាក់សាំងទូទាំងប្រទេសជូនពលរដ្ឋបានយ៉ាងល្អ របស់សម្តេចតេជោ ដែលធ្វើឲ្យកម្ពុជាជោគជ័យលើការងារប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ បើប្រៀបធៀបទៅនឹងប្រទេសមួយចំនួនធំ។
ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានបន្តអំពាវនាវឲ្យពលរដ្ឋ និងអាណាព្យាបាលទាំងអស់ សូមនាំកុមារអាយុចាប់ពី០៣ឆ្នាំ រហូតដល់មនុស្សចាស់ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី០១ ក៏ដូចជាដូសជំរុញ សូមមកចាក់ដោយឥតគិតថ្លៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺនេះ ដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច ក៏ដូចជាអាយុជីវិតខ្លួន ក្រុមគ្រួសារ និងសហគមន៍យើង៕















