តាកែវ៖ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញបើកកិច្ចប្រជុំជាមួយនឹងលោកប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក-លោកស្រី ជាអភិបាល អភិបាលរងក្រុង-ស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងសប្បុរសជននានា ដើម្បីកៀរងគរថវិកាសម្រាប់ទ្រទ្រង់ការងារមនុស្សធម៌ របស់សាខាកាកបាទក្រហកម្ពុជាខេត្តតាកែវ នៅក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ខាងមុខនេះ។
នាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា បានថ្លែងថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីធ្វើការផ្សព្វផ្សាយការងារមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ដែលបានអនុវត្តន៍កន្លងមក ក្នុងការចុះជួយបងប្អូនប្រជាពលរដ្ឋ នៅតាមបណ្ដាក្រុង ស្រុកទាំង១០ ក្នុងខេត្តតាកែវ ដែលបានកើតមានឡើងដោយប្រធានស័ក្តិ គ្រោះធម្មជាតិ រន្ទះបាញ់ គ្រោះទឹកជំនន់ រងគ្រោះរាំងស្ងួត រងគ្រោះថ្នាក់ផ្សេងៗ និងបានជួយដល់ជនទីទ័លក្រីក្រជាច្រើននាក់ ដោយមិនរើសអើងជាតិសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយអ្វីទាំងអស់ សំខាន់ជួយ បងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា។
ឯកឧត្តម អភិបាលខេត្តតាកែវ ក៏បានធ្វើការអំពាវនាវដល់ម្ចាស់រោងចក្រ សហគ្រាស ធនតូច មធ្យមទាំងអស់ និងសប្បុរសជនជិតឆ្ងាយ បន្តជួយបរិច្ចាកធនធាន និងសម្ភារៈ ផ្ទាល់ខ្លួន ដើម្បីបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការចូលរួមជាមួយការងារមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បន្តធ្វើសកម្មភាពមនុស្សធម៌នៅតាមមូលដ្ឋាន ដើម្បីទុក្ខប្រើប្រាស់សម្រាប់ជាប្រយោជន៍ ជួយដល់ជនក្រីក្រ និងជនងាយរងគ្រោះ ព្រមទាំងជួយដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត ដែលជួបប្រទះនូវគ្រោះមហន្តរាយផ្សេងៗនៅក្នុងខេត្តតាកែវ៕







