ភ្នំពេញ៖ តាមរយៈសារសំឡេងពិសេស នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ នេះ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុនសែន បានអំពាវនាវទៅដល់ ប្រជាពលរដ្ឋ ដែលធ្វើដំណើរលេងកម្សាន្ត ក្រៅពីខេត្តរតនគីរី មណ្ឌលគីរី ស្ទឹងត្រែង និងខេត្តព្រះវិហារ សូមប្រយ័ត្នជាមួយនឹងការយកចិត្តទុកដាក់ ទៅលើការការពារខ្លួន តាមវិធានការ “ ៣កុំ និង ៣ ការពារ ” និងបានអំពាវនាវ ចំពោះប្រជាពលរដ្ឋ ដែលបានដើរលេងកម្សាន្ត នៅពេលដែលវិលត្រឡប់ទៅផ្ទះវិញ គួរតែមានការទទួលយក នូវវ៉ាក់សាំង នៅទីកន្លែងដែលបានរៀបចំ ដើម្បីឲ្យអត្រា នៃដូសជម្រុញ សម្រាប់ប្រជាពលរដ្ឋ មានភាពស៊ាំ ដើម្បីធានាថា ក្រោយពេលចូលឆ្នាំខ្មែរ វ៉ាក់សាំង ដូសជំរុញ ចាក់បានចំនួនច្រើន។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថាៈ ថ្ងៃចូលឆ្នាំខ្មែរ បានចូលមកដល់ និងឆ្លងហួសមកដល់ថ្ងៃទី២ សង្កេតឃើញថា ប្រជាពលរដ្ឋ បានធ្វើដំណើរលេងកម្សាន្ត នៅតាមទីកន្លែងនានា យ៉ាងច្រើន ហើយជាថ្ងៃដែលសប្បាយរីករាយ បន្ទាប់ពីខកខាន អស់រយៈពេល ២ ឆ្នាំ កន្លងផុតទៅ។
សម្តេចបានបញ្ជាក់ថាៈ “ នៅក្នុងការសប្បាយរីករាយនេះ សង្កេតឃើញថា បងប្អូន ប្រជាពលរដ្ឋរបស់យើង ពិសេសក្មួយៗ ចៅៗ គឺមិនសូវមានពាក់ម៉ាស់នោះទេ។ ហើយជាមួយគ្នានេះ ក៏យើងសង្កេតឃើញថា ទីកន្លែងដែលមានការចាក់វ៉ាក់សាំង អ្នកដែលទទួលវ៉ាក់សាំង ក៏មានចំនួនតិចតួចនៅឡើយ។ អាស្រ័យហេតុនេះ សូមអំពាវនាវ ចំពោះ បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរលេងកម្សាន្តក្រៅពីខេត្តរតនគីរី មណ្ឌលគីរី ស្ទឹងត្រែង និងខេត្តព្រះវិហារ សូមមេត្តាប្រយ័ត្ន ជាមួយនឹងការយកចិត្តទុកដាក់ ទៅលើការការពារខ្លួន តាមវិធានការ “ ៣កុំ និង ៣ការពារ” ។
ទន្ទឹមនេះ អំពាវនាវចំពោះ ប្រជាពលរដ្ឋ ដែលបានដើរលេងកម្សន្តនៅពេលដែលវិលត្រឡប់ ទៅផ្ទះវិញ គួរតែមានការទទួលយក នូវវ៉ាក់សាំងនៅទីកន្លែង ដែលបានរៀបចំ ដើម្បីឲ្យអត្រា នៃដូសជំរុញ សម្រាប់ប្រជាពលរដ្ឋ មានភាពស៊ាំ ដើម្បីធានាថា ក្រោយពេលចូលឆ្នាំខ្មែរ វ៉ាក់សាំងដូសជំរុញ ចាក់បានចំនួនច្រើន”។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវចំពោះ ប្រជាពលរដ្ឋ នៅពេលដែល មានការសង្ស័យ ខិតខំធ្វើតេស្ត ដើម្បីពិនិត្យថា តើមានឆ្លង ឬមិនឆ្លង? ដើម្បីមានវិធានការ ការពារខ្លួនផ្ទាល់ និងការពារ នៅក្នុងក្រុមគ្រួសារ។
សូមឲ្យគ្រប់ទីកន្លែងទាំងអស់ យកចិត្តទុកដាក់ ទៅលើកិច្ចការពារខ្លួន ក្នុងការឆ្លងកូវីដ១៩ ទោះបីទម្រង់ណាក៏ដោយ។ ហើយសូមឲ្យមានការលេង ដោយមានសណ្តាប់ធ្នាប់ ការសប្បាយរីករាយ នៅពេលដែលរាជរដ្ឋាភិបាល បានប្រើអស់លទ្ធភាព ដើម្បីជួយដល់ប្រជាពលរដ្ឋ ក្នុងការការពារខ្លួន ឲ្យរួចផុតអំពីគ្រោះកាចចង្រៃ នៅក្នុងការឆ្លងរីករាលដាល នៃកូវីដ១៩ ។ ហើយសង្ឃឹមថា មិនមានការឆ្លងនៅក្នុងសហគមន៍ ក្រោយចូលឆ្នាំខ្មែរ ដែលជាកង្វល់ដ៏ធំរបស់សម្តេច នៅក្នុងពេលនេះ៕