សមាជិកសភាកម្ពុជា ប្រាប់ទៅសហគមន៍អន្តរជាតិថា សង្គ្រាមអាចបញ្ចប់បានដោយការចរចារ និងការសន្ទនា

ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានថ្លែងដោយលើកទស្សនៈរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា «សង្រ្គាមមិនអាចបញ្ចប់បានដោយសង្គ្រាមនោះទេ តែសង្គ្រាមអាចបញ្ចប់បានដោយការចរចារ និងការសន្ទនា ដោយគោរពយ៉ាងពេញលេញចំពោះអធិបតេយ្យភាពជាតិ ឯករាជ្យភាពជាតិ និងបូរណភាពទឹកដី»។  

 (អារ៉ាប់រួម)៖ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានថ្លែងដោយលើកទស្សនៈរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា «សង្រ្គាមមិនអាចបញ្ចប់បានដោយសង្គ្រាមនោះទេ តែសង្គ្រាមអាចបញ្ចប់បានដោយការចរចារ និងការសន្ទនា ដោយគោរពយ៉ាងពេញលេញចំពោះអធិបតេយ្យភាពជាតិ ឯករាជ្យភាពជាតិ និងបូរណភាពទឹកដី»។  

ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសឯកឧត្តមដឹកនាំគណៈប្រតិភូសភាកម្ពុជាទៅចូលរួមសម័យប្រជុំពេញអង្គ លើកទី៩ នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព និងសន្និសីទអន្តរជាតិ ស្តីពីភាពអត់ឱននិងសន្តិភាព ហៅកាត់ IPTP នៅទីក្រុងអាប៊ូដាប៊ី និងឌូបៃ នៃប្រទេសអារ៉ាប់រួម កាលពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ដែល មានការចូលរួមពីសមាជិកសភាមកពីជាង៨០ប្រទេស មកពីទ្វីបអាស៊ី អាហ្រ្វិក អាមេរិកឡាទីន និងអឺរ៉ុប ព្រមទាំងតំណាងអង្គការជាតិនិងអន្តរជាតិនានា ស្របពេលមានជម្លោះដោយភ្លើងសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន។

ឯកឧត្តម សួស យ៉ារ៉ា បានលើកឡើងនូវចំណុចសំខាន់ៗ ដើម្បីសម្រេចបានសន្តិភាព ប្រកបដោយចីរភាពរួមមាន៖ ១-កិច្ចសហប្រតិបត្តិការពហុភាគី ២-ការអភិវឌ្ឍន៍យុវជន ៣-ភាពជាដៃគូរវាងរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជន ៤-ការគោរពចំពោះទស្សនៈនិងជំនឿខុសៗគ្នា និង៥-ការជំរុញការសិក្សាស្រាវជ្រាវ និងសហប្រតិបត្តិការរវាងធនាគារខួរក្បាល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភានៅថ្ងៃទី៣១ ខែមីនានេះ។

សេចក្តីប្រកាសព័ត៌មាន បន្តថា ក្នុងឱកាសនោះដែរ រដ្ឋសភាកម្ពុជាដែលតំណាងដោយ ឯកឧត្តម សួស យ៉ារ៉ា ក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយសភាអន្តរជាតិ IPTP និងជួបពិភាក្សាការងារជាមួយប្រធានក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱន និងសន្តិភាព ដែលជាស្ថាប័នកំពូល នៃសភាអន្តរជាតិ IPTP ដើម្បីជំរុញការតភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន និងប្រទេសទាំងពីរ ក្នុងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាសមាជិកនិងបណ្តាស្ថាប័ននានា លើការជំរុញភាពអត់ឱននិងសន្តិភាព ការទប់ស្កាត់សង្គ្រាម ការដោះស្រាយជម្លោះ និងការស្ថាបនានិងស្តារប្រទេសឡើងវិញក្រោយសង្គ្រាម៕

Leave a Reply