ឯកឧត្តម ឈាង វុន ត្រូវបានរដ្ឋាភិបាលជប៉ុនជ្រើសរើសជាម្ចាស់គ្រឿងឥស្សរិយយស Rising Sun, Gold and Silver Star

នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នៅនិវេសដ្ឋានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា ជប៉ុន បានទទួលគ្រឿងឥស្សរិយយស Rising Sun,Gold and Silver  star  ពីឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុន ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ  សមាជិក សមាជិការដ្ឋសភា និងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាររួមទាំងក្រុមគ្រួសាររបស់ឯកឧត្តម  ឈាង  វុន  ផងដែរ។

————————————–

នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នៅនិវេសដ្ឋានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា ជប៉ុន បានទទួលគ្រឿងឥស្សរិយយស Rising Sun,Gold and Silver  star  ពីឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុន ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ  សមាជិក សមាជិការដ្ឋសភា និងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាររួមទាំងក្រុមគ្រួសាររបស់ឯកឧត្តម  ឈាង  វុន  ផងដែរ។

ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុន បានមានប្រសាសន៍អបអរសាទរ ឯកឧត្តម ឈាង វុន  ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពសភាកម្ពុជា ជប៉ុន ដែលបានយកចិត្តទុកដាក់ពង្រឹងនូវចំណងមិត្តភាព សាមគ្គីភាព  និងកិច្ចសហប្រតិបត្តិការល្អរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ  ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន  លោក  អ៊ូបាជី និងលោកជំទាវ ព្រមទាំងមិត្តសភាជប៉ុន កម្ពុជាផងដែរ។

ថ្លែងក្នុងពិធីទទួលគ្រឿងឥស្សរិយយស  ឯកឧត្តម ឈាង វុន

ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា ជប៉ុនបានមានប្រសាសន៍ថា  ឯកឧត្តម មានអារម្មណ៍រំភើបរីករាយក្រៃលែង ដោយត្រូវបានរដ្ឋាភិបាលជប៉ុនជ្រើសរើសជាម្ចាស់ គ្រឿងឥស្សរិយយស Rising Sun, Gold and Silver Star។ ឯកឧត្តមពិតជាមានកិត្តិយស និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់មហាកិត្តិយសនេះ និងបានផ្តល់នូវតម្លៃនៃការខំប្រឹងប្រែងរបស់ឯកឧត្តម ក្នុងកិច្ចការទំនាក់ទំនងជម្រុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជប៉ុន នៅក្នុងក្របខណ្ឌអង្គការនីតិប្បញ្ញត្តិ ក៏ដូចជានីតិប្រតិបត្តិ។

ឯកឧត្តម  ឈាង  វុន  ក៏បានលេីកឡេីងបន្ថែមថា  សម្រាប់ឯកឧត្តម  គ្រឿងឥស្សរិយយស Rising Sun, Gold and Silver Star នេះ មិនមែនបានមកដោយសារតែ  ឯកឧត្តមតែម្នាក់ឯងនោះទេ ហើយក៏មានមនុស្សជាច្រើនរូបផ្សេងទៀត ដែលសក្តិសមនឹងទទួលបានផងដែរ ដោយពួកគេបានគាំទ្រ និងបានចូលរួមយ៉ាងសកម្មដល់ការខិតខំប្រឹងប្រែងរបស់ឯកឧត្តម នៅក្នុងកិច្ចដំណើរការកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ក៏ដូចជាទំនាក់ទំនងរវាងពលរដ្ឋនៃប្រទេសយើងទាំងពីរផងដែរ។

ឯកឧត្តម  ប្រធានគណៈកម្មការទី២  នៃរដ្ឋសភា  ក៏បានសម្តែងនូវអំណរព្រះគុណ និងដឹងគុណដ៏ជ្រាលជ្រៅបំផុត ថ្វាយចំពោះព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គទាំងទ្វេតែងតែបានលះបង់ព្រះកាយពល ក្នុងការបំពេញព្រះរាជតួនាទីលើកកម្ពស់ស្មារតីសាមគ្គីជាតិរវាង ប្រជាជនកម្ពុជា ឲ្យរស់នៅជាមហាគ្រួសារតែមួយ។

ឯកឧត្តម  ក៏បានសម្តែងនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំកំពូលៗផ្សេងទៀត ដែលតែងតែផ្តល់ការទុកចិត្ត ផ្តល់កិត្តិយសដល់រូបឯកឧត្តម ផ្តល់ឱកាសឲ្យឯកឧត្តម បានចូលរួមចំណែកលើកកម្ពស់ការកសាងអភិវឌ្ឍន៍ប្រទេស ជាតិ។

ឯកឧត្តម ក៏សូមថ្លែងអំណរគុណចំពោះក្រុមគ្រួសាររបស់ឯកឧត្តម ចំពោះការស្រឡាញ់ និងការគាំទ្រគ្រប់កាលៈទេសៈ ក្នុងដំណើរការបំពេញភារកិច្ចបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋរបស់ឯកឧត្តម។

 ឯកឧត្តមក៏ថ្លែងអំណរគុណផងដែរ  ចំពោះបណ្តាប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិ ជាពិសេស មិត្តជប៉ុន ដែលបានផ្តល់នូវសក្តានុពលដ៏ថ្លៃថ្លាសម្រាប់កម្ពុជា ហើយឯកឧត្តមសូមសម្តែងនូវការដឹងគុណចំពោះកាយវិការប្រកបដោយការគាំទ្រ និងជំនួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាល និងប្រជារាស្ត្រជប៉ុន ដែលបានចូលរួមកសាងព្រះរាជាណាចក្រកម្ពុជាឡើងវិញ ដោយធានាបានដល់ការធ្វើឲ្យប្រសើរនូវហេដ្ឋារចនាសម្ព័ន្ធ សង្គម សេដ្ឋកិច្ច អភិបាលកិច្ចល្អ និង សេវាសាធារណៈជាច្រើនផ្សេងទៀត។ ជាមួយគ្នានេះ ការវិនិយោគឯកជនរបស់ជប៉ុននៅកម្ពុជា ក៏ត្រូវបានទទួល ការគាំទ្រពីរាជរដ្ឋាភិបាលជប៉ុនផង និងពីរាជរដ្ឋាភិបាលកម្ពុជាផង។

ក្នុងដំណើរទស្សនកិច្ចថ្មីៗនេះនៅព្រះរាជាណាចក្រកម្ពុជារបស់ឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន បានបង្ហាញកាន់តែច្បាស់ថែមទៀតចំពោះទំនាក់ទំនងល្អរវាងជប៉ុន-កម្ពុជា។ ជប៉ុនបានដើរតួនាទីស្នូលក្នុងការជួយកម្ពុជា រួមចំណែកអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស១៩៩១ ដោយប្រើប្រាស់ថវិកា និងសម្ភារៈ មធ្យោបាយយ៉ាងសន្ធឹកសន្ធាប់ក្នុងអំឡុងពេលវត្តមានរបស់អ៊ុនតាក់នៅកម្ពុជា ក៏ដូចជានៅក្រោយអំឡុងពេលអ៊ុនតាក់នេះ ផងដែរ។

នៅអង្គការសហប្រជាជាតិ នៃទីក្រុងហ្សឺណែវ ជប៉ុនគឺជាប្រទេសដែលជួយជ្រោមជ្រែង “Sponsor” កម្ពុជាក្នុងការងារសិទ្ធិមនុស្ស នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលខ្លួនឯកឧត្តមផ្ទាល់ធ្លាប់ធ្វើជាឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ។

ឯកឧត្តមសូមថ្លែងអំណរគុណចំពោះជនរួមជាតិរបស់ឯកឧត្តម ដែលតែងតែគាំទ្រ និងសាទរចំពោះគោលនយោបាយ

ឈ្នះ ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា គណបក្សប្រជាជនកម្ពុជា ដែលបានផ្តល់នូវបរិយាកាសអំណោយផលចំពោះការជំរុញឲ្យមាននូវប្រព័ន្ធអេកូឡូស៊ី សន្តិភាពដ៏រឹងមាំមួយនៅកម្ពុជា។ សន្តិភាពនេះ គឺជាកត្តាកំណត់នូវស្ថេរភាព និងការអភិវឌ្ឍសង្គមនៅកម្ពុជា ហើយក៏ជាកត្តាតែមួយគត់ ដើម្បីលទ្ធភាពឲ្យកម្ពុជាឆ្ពោះទៅដល់គោលដៅប្រាក់ចំណូលមធ្យមកំរិតខ្ពស់ឆ្នាំ២០៣០ និងប្រាក់ចំណូលកំរិតខ្ពស់ឆ្នាំ២០៥០។ នៅពេលនោះហើយ ដែលយើងអាចកំណត់បានថា អ្វីៗដែលយើងមាន នៅពេលនោះ គឺជានយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

គ្រឿងឥស្សរិយយសដែលឯកឧត្តមទទួលបាននៅពេលនេះ ពិតជាមានសារៈសំខាន់ បញ្ជាក់យ៉ាងច្បាស់អំពីទំនាក់ទំនងល្អ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសយើងទាំងពីរកន្លងមក ហើយក៏នៅតែបន្តពង្រឹងនិងពង្រីកទំនាក់ទំនងគ្នា ដើម្បីសម្រេចឲ្យបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមក៏បានគូសបញ្ជាក់ជូន ភ្ញៀវកិត្តិយសដែលមានវត្តមាននៅទីនេះឲ្យបានជ្រាបផងដែរថា ក្នុងក្របខណ្ឌការទូតសភាទ្វេភាគី កម្ពុជា ជប៉ុន យើងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងគ្នានិងគ្នា តាមរយៈការផ្លាស់ប្តូរបទពិសោធន៍គ្នា ទៅវិញទៅមក ការធ្វើទស្សនកិច្ចផ្លូវការ សំដៅធានាបានដល់ការលើកកំពស់ប្រសិទ្ធភាព គុណភាពនិងការកសាង សមត្ថភាពស្ថាប័នឲ្យកាន់តែរឹងមាំ។

ឆ្លៀតឱកាសនេះ ឯកឧត្តមក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះខ្លឹមសារ និងពាក្យពេចន៍ដ៏មានអត្ថន័យរបស់ឯកឧត្តម អ៊ិម៉ា មឹរ៉ា ប្រធានក្រុមមិត្តភាពសភាជប៉ុន-កម្ពុជា ដែលបានផ្ញើជូនរូបឯកឧត្តម។

ជាថ្មីម្តងទៀត ឯកឧត្តមសូមថ្លែងអំណរគុណចំពោះ ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តយកចិត្តទុកដាក់និងជួយគាំទ្រដល់ប្រទេសកម្ពុជាឲ្យសម្រេចបាននូវផែនការអភិវឌ្ឍន៍ជាតិ។

នៅក្នុងឱកាសនោះដែរ  លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា ក៏បានថ្លែងនូវសេចក្តីសោមនស្សរីករាយក្រៃលែង សូមចូលរួមអបអរសាទរចំពោះ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ក្នុងឱកាសប្រកបដោយមហាកិត្តិយសដ៏ឧត្តុងឧត្តម ដែល ឯកឧត្តម ទទួលបានគ្រឿងឥស្សរិយយស “Rising Sun, Gold and Silver Star” ពីរដ្ឋាភិបាលប្រទេសជប៉ុននាពេលនេះ។

លោកជំទាវ  និន  សាផុន  ក៏បានលេីកឡេីងផងដែរ  ពីការផ្តល់គ្រឿងឥស្សរិយយស “Rising Sun, Gold and Silver Star” ពីរដ្ឋភិបាលជប៉ុន ជូន ឯកឧត្តម ពិតជាការផ្តល់តម្លៃ និងមហាកិត្តិយសដ៏ឧត្តុងឧត្តម ថ្លៃថ្លាក្រៃលែង សម្រាប់រដ្ឋសភា ក៏ដូចជា ជាតិ មាតុភូមិកម្ពុជាទាំងមូល ដែលបង្ហាញឲ្យឃើញថា ឯកឧត្តម ពិតជាថ្នាក់ដឹកនាំមានស្នាដៃទាំងក្នុងស្ថាប័នជាតិ ក៏ដូចជាលើឆាកអន្តរជាតិ ហើយទន្ទឹមគ្នានេះ ក៏បង្ហាញពីចំណងមិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ផងដែរ។

ក្នុងឱកាសដ៏មហានក្ខត្តប្ញក្សនេះ លោកជំទាវ សូមជូនពរ ឯកឧត្តម ទទួលបានជោគជ័យដ៏ត្រចះត្រចង់ថ្មីៗថែមទៀតក្នុងការបំពេញភារកិច្ចជូនជាតិ មាតុភូមិ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ព្រមទាំងវត្ថុសក្តិសិទ្ធិទាំងអស់ក្នុងលោក ប្រោសប្រទានពរជ័យជូន ឯកឧត្តម លោកជំទាវ ព្រមទាំង បុត្រា បុត្រី ចៅប្រុស ចៅស្រី ទទួលបានសេចក្តីសុខគ្រប់ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

Leave a Reply