នៅក្នុងកិច្ចប្រជុំនោះ លោក វ៉ៅ សុខា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ស្វាគមដោយ គូសបញ្ជាក់ថា កន្លងមក រដ្ឋបាលខេត្តកែប បានយកចិត្តទុកដាកអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ដើម្បីបង្កើតបរិយាកាសល្អ សម្រាប់ការធ្វើសកម្មភាពពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំង ជម្រុញការតាមដាន ស្ថានភាពថ្លៃទំនិញសំខាន់ៗ សម្រាប់បំរើអោយជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន និងធ្វើរបាយការណ៍ជូនថ្នាក់ជាតិ ដើម្បីជាមូលដ្ឋាន តាមដាន វិភាគ វាយតម្លៃ និងមានវិធានការទប់ស្កាត់ អតិផរណាក្នុងករណីចាំបាច់ ។
លោក អភិបាលរងបន្ថែមថា ដោយផ្អែកលើខេត្តកែប មានការអភិវឌ្ឍរីកចំរើន លើកគ្រប់វិស័យ ពិសេស វិស័យកសិកម្ម ឧស្សហកម្ម សេវាកម្ម ពាណិជ្ជកម្ម ទេសចរណ៍ វិនិយោគសាធារណៈ និងឯកជន ក្នុងគោលបំណងលើកស្ទួយ និងការពារផលប្រយោជន៍ជូន ផលិតករ អាជីវករ សេវាករ ពាណិជករ ដែលកំពុងធ្វើធុរកិច្ច និងសកម្មភាពពាណិជ្ជកម្ម នៅក្នុងភូមសាស្ត្រខេត្តកែប និងដើម្បីពង្រឹង ភាពជាដៃគូរវាងរដ្ឋបាលខេត្ត ជាមួយសភាពាណិជ្ជកម្ម ដែលជាតួអង្គស្នូលក្នុងការជម្រុញកំណើនសេដ្ឋកិច្ច និងសង្គម ក្នុងនោះលោក អភិបានរងខេត្តក៏បានលើកឡើងនូវសំណូមពរ ចំនួនពីរគឺ៖
-ទី១ សូមក្រសួងពាណិជ្ជកម្មផ្តល់ការគាំទ្រ និងពិនិត្យលទ្ធភាពបង្កើតសភាពាណិជ្ជកម្មមណ្ឌលខេត្តកែប ដោយផ្តាច់ចេញពីមណ្ឌលខេត្តកំពត
-ទី២ ស្នើអោយក្រុមហ៊ុន សហគ្រាស អាជីវករ សេវាករ ពាណិជ្ជករ មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ចូលរួមសហការ ជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងក្រុមការងារក្រសួងពាណិជ្ជកម្ម ក្នុងការរៀបចំបង្កើតសភាពាណិជ្ជកម្មខេត្ត ដើម្បីជម្រុញការអភិវឌ្ឍខេត្ត អោយកាន់តែរីកចំរើនថែមទៀត ។
សូមបញ្ជាក់ថា ក្នុងដំណើរការនៃកិច្ចប្រជុំពិភាក្សានេះ បានលើកឡើងនូវបែបបទ និតិវិធី និងអត្ថប្រយោជន៍ផ្សេងៗ រួមទាំង បទបង្ហាញ និងការណែនាំ អំពីលទ្ធភាព នៃការបង្កើតសភាពពាណិជ្ជកម្ម ដោយ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខធិការក្រសួងពាណិជ្ជកម្ម និងចំណាប់អារម្មណ៍អំពីយន្តការភាពជាដៃគូរ រវាងរដ្ឋបាលរាជធានី ខេត្ត និងសភាពាណិជ្ជកម្ម រាជធានី ខេត្ត និងឯកឧត្តម ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ដើម្បីផ្តល់ធាតុចូល ក្នុងការវាយតម្លៃ លទ្ធភាព និងភាពសម្រប់គ្រប់ជ្រុងជ្រោយ ឈានទៅបង្កើតសភាពាណិជ្ចកម្មមណ្ឌលខេត្តកែប អោយទទួលបានជោគជ័យ។
ក្នុងនោះដែរ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានកោតសសើរ និងវាយតំលៃខ្ពស់ចំពោះភាពរីកចំរើន និងការអភិវឌ្ឍគ្រប់វិស័យរបស់ខេត្តកែប ពិសេសវិស័យពាណិជ្ជកម្ម ដែលបានអនុវត្តគម្រោងជម្រុញទីផ្សាខ្នាតតូចរបស់រាជរដ្ឋាភិបាល ដែលដឹកនាំអនុវត្តដោយក្រសួងពាណិជ្ជកម្ម អោយទទួលបានលទ្ធផលល្អប្រសើ ។ ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមថាគោលបំណងសំខាន់ ក្នុងការបង្កើតនូវសភាពាណិជ្ជកម្ម គឺដើម្បីពង្រឹងស្ថាប័នពាណិជ្ជកម្ម ពិសេសវិស័យឯកជន ដែលជាដៃគូមិនអាចខ្វះបានក្នុងការជម្រុញកំណើនសេដ្ឋកិច្ច ។ ក្នុងឯកឧត្តមរដ្ឋលេខាធិកា ក៏បានក្រើនរំលឹក ដល់មន្ទីរពាណិជ្ជកម្មខេត្តកែប បន្តផ្សព្វផ្សាយច្បាប់ស្តីពីសភាពាណិជ្ជកម្ម និងលិខិត បទដ្ឋានពាក់ព័ន្ធ ដល់អាជីវករ សេវាករ ពាណិជ្ជករ និងសហការជាមួយ មន្ទីរ អង្គភាពពាក់ព័ន្ធ៕












