នាព្រឹកថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ចើញជាអធិបតីក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមហាខ្ញូង និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពង្រ នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន។ ក្នុងពិធីនោះមានការអញ្ជើញចូលរួមពីឯកឧត្តម អភិបាលរងខេត្ត ស្នងការ ស្នងការរងនគរបាលខេត្តកំពង់ចាម ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក ឃុំក្នុងស្រុកកោះសូទិន និងបងប្អូនប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជម្រុញឲ្យសមត្ថកិច្ចនគរបាល បន្តខិតខំធ្វើការងារ ឲ្យប្រជាពលរដ្ឋមានទំនុកចិត្ត និងរៀបចំឥរិយាបថ ឱ្យសក្កិសមជាអ្នកបម្រើប្រជាពលរដ្ឋ។ ឯកឧត្តម អភិបាលខេត្តបន្តថា បន្ទាប់ពីទទួលបានអាគារប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មី សូមស្នើដល់សមត្ថកិច្ចនគរបាល ត្រូវខិតខំបន្តធ្វើការងារប្រកបដោយប្រសិទ្ធភាព ធ្វើយ៉ាងណាបម្រើសេវាសន្តិសុខជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ ធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្តមកលើសមត្ថកិច្ចយើង ដែលជាមន្ត្រីនគរបាលយុត្តិធម៌។ ត្រូវខិតខំសម្របសម្រួល បង្កលក្ខណៈងាយស្រួល ជូនប្រជាពលរដ្ឋ ពេលពួកគាត់មកទទួលសេវាផ្សេងៗ និងត្រូវបន្តពង្រឹងសមត្ថភាព ក្នុងការបំពេញការងារប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវ រួមគ្នាដោះស្រាយសំណូមពរ ឬបញ្ហាប្រឈមនានា នៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ដល់សមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមជាមួយនឹងរដ្ឋបាលខេត្ត ទៅបានដោះស្រាយបញ្ហាប្រឈមជាច្រើន ដូចជាការបង្ក្រាបបទល្មើសនានា រួមទាំងបទល្មើសធនធានធម្មជាតិ ល្បែងស៊ីសង និងបានចូលរួមយ៉ាងសកម្មជាមួយក្រុមគ្រូពេទ្យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ លើសពីនេះ សម្រាប់ខេត្តកំពង់ចាម ក្នុងចលនាប្រឡងប្រណាំងភូមិឃុំមានសុវត្ថិភាព ទទួលបានជ័យលាភីលេខ១ នៃប៉ុស្តិ៍រដ្ឋបាលទាំង ១០៩ នៃឃុំ សង្កាត់ ក្នុងខេត្តកំពង់ចាមតែម្តង សម្រាប់ឆ្នាំ២០២១។
ឯកឧត្តម អភិបាលខេត្តបន្តថា ដើម្បីការពារតំណែងជ័យលាភី លេខ១ នេះ ឱ្យបានតទៅមុខទៀត ដូច្នេះនគរបាលយុត្តិធម៌ អាជ្ញាធរ ភូមិ ឃុំ ត្រូវខិតខំបន្ថែមទៀតក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋកាន់តែមានទំនុកចិត្ត មកលើសមត្ថកិច្ចរបស់យើង៕









