នាថ្ងៃពុធ ទី២៣ ខែមិនា ឆ្នាំ២០២២ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីឆ្លងសាលាភត្ត និងសមិទ្ធផលនានា នៅវត្តឧត្តមព្រៃធំ ស្ថិតនៅឃុំស្មោងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង។
ឆ្លៀតក្នុងឪកាសនេះ ឯកឧត្តម អភិបាលខេត្ត សូមរម្លឹកបន្តិចថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខ ជាមួយការចង្អុលបង្ហាញដោយផ្ទាល់ ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានខិតខំប្រឹងប្រែង រក្សាបាននូវសុខសន្តិភាពពេញលេញ ខាងនយោបាយ សន្តិសុខរឹងមាំ ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច សង្គមកិច្ច សាមគ្គី ឯកភាពជាតិ ការពង្រឹងលទ្ធិប្រជាធិបតេយ្យ ជាពិសេស លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានការរីកចម្រើន និយាយដោយឡែក ក្នុងពិធីសម្ពោធនាពេលនេះ ក៍បានបញ្ជាក់ពីសមិទ្ធផលថ្មីមួយទៀតសម្រាប់ជាចំណងដៃចំពោះព្រះសង្ឃ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទចំណុះជើងវត្តជិត ឆ្ងាយក្នុងស្រុកកំចាយមារ សម្រាប់បូជាគោរពប្រតិបត្តិតាមគន្លងព្រះពុទ្ធសាសនាផងដែរ។
ជាមួយគ្នានេះដែរ ឯកឧត្ដម អភិបាលខេត្ត សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ អស់លោក លោកស្រី ថ្នាក់ដឹកនាំគ្រប់មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែក និងផ្តល់កិច្ចសហការគាំទ្រ សម្របសម្រួល ក្នុងការអនុវត្តការងារ និងបំពេញតួនាទីភារកិច្ចរបស់ខ្លួន ញាំងអោយកម្មវិធីសម្ពោធនាពេលនេះ ប្រព្រឹត្តទៅយ៉ាងរលូនគួរជាទីមោទនៈ។
ទន្ទឹមនឹងនេះ ឯកឧត្ដម អភិបាលខេត្ត សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ និងសូមបោះឆ្នោតជូនគណបក្សណាដែលនាំមកនៅសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ពិតប្រាកដ។
សារជាថ្មីម្តងទៀត ឯកឧត្ដម អភិបាលខេត្ត សូមបួងសួងដល់វត្ថុស័ក្តសិទ្ធិលើលោក ជួយតាមថែរក្សាថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងព្រះអនុគុណស្រុក ព្រះគ្រូចៅអធិការវត្ត ឧបាសក ឧបាសិកា ចំណុះជើងវត្ត និងអង្គពិធីទាំងមូល សូមមានសុខភាពល្អ បរិបូរណ៍ប្រាជ្ញាឈ្លៀសវៃ និងជ័យជំនះគ្រប់ភារកិច្ច ពិសេស ចៀសផុតពីជម្ងឺឆ្លងកូវីដ-១៩ ដ៍កាចសាហាវនាបច្ចុប្បន្ននេះ៕








