ភ្នំពេញ៖ យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ទំហំពាណិជ្ជកម្មកម្ពុជា-រុស្ស៉ីកាលពីឆ្នាំ២០២១ មានចំនួនជាង ៩៤.១៨លានដុល្លារ កើនឡើងជាង ៣០លានដុល្លារ បើធៀបនឹងកាលពីឆ្នាំ២០២០ ដែលមានចំនួន ៦៣.៨១លានដុល្លារ។
ទិន្នន័យនេះបានបញ្ជាក់ថា កម្ពុជានាំចេញទៅរុស្ស៉ីមានទឹកប្រាក់ជាង ៥៩.៥៤លានដុល្លារ ខណៈការនាំចូលពីរុស្ស៉ីវិញមានទឹកប្រាក់ចំនួន ៣៤.៦៤លានដុល្លារ។ ដោយឡែកការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-អ៊ុយក្រែនកាលពីឆ្នាំ២០២១វិញ មានទឹកប្រាក់ជាង ៨.៥៦លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅអ៊ុយក្រែនចំនួនជាង ៦លានដុល្លារ និងនាំចូលពីអ៊ុយក្រែនចំនួន ២.៤លានដុល្លារ។
ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា សង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែនមិនទាន់មានផលប៉ះពាល់ដល់ការនាំចេញនាំចូលរបស់ប្រទេសកម្ពុជានោះទេ លើកលែងតែតម្លៃប្រេងដែលបានកើនឡើង។ ឯកឧត្តមបន្តថា កម្ពុជានៅបន្តនាំចេញទៅរុស្សីជាធម្មតា និងនៅតែបន្តនាំចូលមកពីរុស្សីជាធម្មតា ដោយអត់មានប៉ះពាល់នោះទេ។ សម្រាប់តម្លៃប្រេង គឺជារឿងមួយ ដែលរាជរដ្ឋាភិបាលយកចិត្ដទុកដាក់ ហើយសង្ឃឹមថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែននឹងបញ្ចប់ឆាប់ៗនេះ ដូច្នេះអ្វីៗនឹងត្រឡប់មករកប្រក្រតីភាពវិញនៅពេលឆាប់ៗខាងមុខ។
ជុំវិញតម្លៃប្រេងនេះដែរ ក្រសួងនឹងរៀបចំធ្វើការផ្លាស់ប្តូរការជូនដំណឹងពីពេលវេលាកំណត់តម្លៃប្រេងឥន្ធនៈ ពី១៥ថ្ងៃម្តង មកត្រឹម១០ថ្ងៃម្តងវិញ ដើម្បីឱ្យឆាប់មានការផ្លាស់ប្តូរប្រែប្រួលនូវតម្លៃប្រេង និងដើរឱ្យទាន់នៃការឡើងចុះ នៃតម្លៃប្រេងឥន្ធនៈ។ ការលើកឡើងខាងលើនេះរបស់ឯកឧត្តម ប៉ែន សុវិជាតិ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ក្នុងសិក្ខាសាលាភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់៖ ផលប៉ះពាល់ បញ្ហាប្រឈម និងកំណើនអនាគតសម្រាប់អាស៊ីបូព៌ា និងអាស៊ានកាលពីពេលថ្មីៗនេះ៕