ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពី ការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដល់អង្គការមិនមែនរដ្ឋាភិបាលបរទសប្រចាំនៅកម្ពុជា ដើម្បីចូលរួមបង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ហិរញ្ញប្បទាននេះ។
លិខិតដែលជម្រាបជូនតំណាងអង្គការមិនមែនរដ្ឋាភិបាលបរទសប្រចាំនៅព្រះរាជាណាចក្រកម្ពុជាចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២បានឲ្យដឹងថា «ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធ មហាប្រល័យ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ០៨:៣០នាទី ព្រឹក តាមប្រព័ន្ធអនឡាញ»។
បើតាមក្រសួងការបរទេស គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីកាតព្វកិច្ចរបស់អង្គការមិនមែនរដ្ឋាភិបាលបរទេស ចូលរួមអនុវត្តច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយ អាវុធមហាប្រល័យ ឱ្យមានប្រសិទ្ធភាព និងចូលរួមបង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ។ ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ត្រូវបានសម័យប្រជុំពេញអង្គរដ្ឋសភា ពិភាក្សា និងអនុម័ត នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ។
ច្បាប់ស្តីពី ការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យនេះ មានគោលបំណងធានាប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដោយកំណត់អំពីវិធានការត្រួតពិនិត្យ បង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ កម្ពុជា បានចូលជាសមាជិកនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក ស្តីពីការសម្អាតប្រាក់ (Asia Pacific Group on Money Laundering /APG) នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០៤ ។ ក្នុងតួនាទីជាសមាជិកក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកនេះ កម្ពុជាត្រូវអនុវត្តតាមស្ដង់ដាអន្តរជាតិស្ដីពី ការប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងការរីកសាយភាយ អាវុធមហាប្រល័យរបស់ក្រុមការងារហិរញ្ញវត្ថុ (Financial Action Task Force/FATF)។ ការចូលជាសមាជិកនេះ កម្ពុជាត្រូវមានក្របខ័ណ្ឌគតិយុត្ត និងយន្តការអនុវត្តសម្រាប់ប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងការរីកសាយភាយអាវុធមហាប្រល័យ។