រដ្ឋមន្ត្រីការបរទេសកម្ពុជាថ្លែងសារគន្លឹះ ក្នុងឱកាសអបអរសាទរទិវាអាស៊ី-អឺរ៉ុប

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រី ការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងសារគន្លឹះ ក្នុងឱកាសអបអរសាទរទិវាកិច្ចប្រជុំអាស៊ី-អឺរ៉ុប( ASEM) ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ។

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រី ការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងសារគន្លឹះ ក្នុងឱកាសអបអរសាទរទិវាកិច្ចប្រជុំអាស៊ី-អឺរ៉ុប( ASEM) ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ។

ក្នុងសារគន្លឹះដែលបានផ្សព្វផ្សាយដោយក្រសួងការបរទេសនៅថ្ងៃទី១១ខែមីនាឆ្នាំ២០២២នេះបានបញ្ជាក់ថាឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បាន មាន ប្រសាសន៍ ថា៖ ស្របពេលដែលឆ្នាំនេះគឺជាខួបលើកទី២៦ នៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) តាងនាមឱ្យរាជរដ្ឋាភិបាល កម្ពុជា ខ្ញុំមានសេចក្តីសោមនស្សរីករាយសូមថ្លែង សារជូនពរ ដ៏កក់ក្តៅបំផុតជូនដល់ដៃគូ ASEM និងប្រជាជននៃទ្វីប ទាំងពីរ ទាំងអស់របស់យើង សូមជួបតែសុភមង្គល វិបុលសុខ សុខភាពល្អព្រមទាំងការស្តារឡើងវិញពីជំងឺរាតត្បាតកូវីដ-១៩ ប្រកបដោយចីរភាព។

វាបានក្លាយជាការអនុវត្តរបស់យើងដែលកំណត់យកខែមីនា ដើម្បីប្រារព្ធទិវា ASEMចាប់តាំងពីពេលបង្កើតវាឡើង ក្នុង ឆ្នាំ២០១៦ នៅប្រទេសម៉ុងហ្គោលី រួចមក។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបន្តថា យើងអាចមាន មោទនភាព ចំពោះកំណត់ត្រារយៈពេល ២៦ឆ្នាំកន្លងមកនេះ នៃភាពជាដៃគូដ៏រឹងមាំរវាងអាស៊ី និងអឺរ៉ុប របស់ ASEM។ បច្ចុប្បន្ននេះ ASEM គឺជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ធំ បំផុត នៅក្រៅអង្គការសហប្រជាជាតិ ដែលតំណាងឱ្យ ៦០ ភាគរយ នៃចំនួនប្រជាជនពិភពលោក ៥៥ភាគរយ នៃ ពាណិជ្ជកម្ម ពិភពលោក ៦៥ភាគរយនៃសេដ្ឋកិច្ចពិភពលោក និង ៧៥ភាគរយនៃទេសចរណ៍ពិភពលោក។

ជាមួយនឹងការរួមចំណែកដ៏សំខាន់នេះ ASEM ពិតជាវេទិកា ប្រកបដោយអត្ថន័យមួយនៅក្នុងកិច្ចការសកល ដែលមាន ពហុភាគីនិយមជាស្នូល។

កាលពីឆ្នាំមុន យើងមានឱកាសជាប្រវត្តិសាស្ត្រ និងកិត្តិយស ដ៏អស្ចារ្យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ASEM លើកទី១៣ (ASEM 13) ក្រោមប្រធានបទ “ការពង្រឹង ពហុភាគី និយមដើម្បីកំណើនរួមគ្នា” ហើយខ្ញុំពិតជាមាន សេចក្តីសោមន្សរីករាយដែលបានឃើញ មេដឹកនាំ ASEM ផ្តល់ សារសំខាន់បំផុតទៅលើគុណតម្លៃស្នូលរបស់ ASEM ក៏ដូចជាទៅលើការប្តេជ្ញា របស់ខ្លួនធ្វើឱ្យប្រសើរឡើងវិញ នូវពហុភាគីនិយមឆ្ពោះទៅរកអនាគតនៃកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប កាន់តែរឹងមាំ ប្រកបដោយចីរភាព បរិយាប័ន្ននិង ថាមវន្ត។ ជាថ្មីម្តងទៀត ស្មារតីនៃភាពមិនផ្លូវការ ភាពបត់បែន ភាពជាដៃគូស្មើភាព កុងស៊ុងស៊ីស និងផលប្រយោជន៍ ទៅវិញ ទៅមក បានលេចធ្លោយ៉ាងខ្លាំងនៅក្នុងដំណើរការនៃ កិច្ចប្រជុំ កំពូលទាំងមូលតែម្តង។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ទៀតថា ថ្នាក់ដឹកនាំ ASEM បានបង្ហាញពីការចូលរួមយ៉ាងម៉ឺងម៉ាត់ របស់ខ្លួននៅក្នុងការដោះស្រាយបញ្ហាប្រឈមសកល និង តំបន់ ដូចបានឆ្លុះបញ្ចាំងជាមួយ នឹងសកម្មភាពជាសកល របស់ មេដឹកនាំ ASEM ប្រឆាំងនឹងជំងឺកូវីដ-១៩ និងការ ប្រែប្រួល អាកាសធាតុ ការប្តេជ្ញាចិត្តលើកកម្ពស់សុខភាព និងសុវត្ថិភាពសាធារណៈ ការយកចិត្តទុកដាក់លើការមាន ការងាររបស់យុវជន និងការ លើកកម្ពស់សិទ្ធិអំណាចរបស់ ស្ត្រី ព្រមទាំងការតាំងចិត្តដោះស្រាយកំណែទម្រង់អង្គការ ពាណិជ្ជកម្មពិភពលោក ក្នុងចំណោមបញ្ហាផ្សេងៗទៀត។ សំខាន់ជាងនេះទៅទៀត ថ្នាក់ដឹកនាំ ASEM ជាចុង ក្រោយបានអនុម័តលើឯកសារលទ្ធផលសំខាន់ៗចំនួនបីគឺ៖ (១) សេចក្តីថ្លែងការណ៍របស់ប្រធាន អង្គប្រជុំ ASEM13 (២) សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ស្តីពីការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញក្រោយជំងឺកូវីដ-១៩ និង (៣) ឯកសារ ផែនការ អនាគតស្តីពីការតភ្ជាប់របស់ ASEM ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបន្ថែមថា ឯកសារលទ្ធផល ទាំងនេះបានក្លាយជាសមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយនៅក្នុងកិច្ចសហប្រតិបត្តិការ ASEM ព្រមទាំងបានពង្រឹងសាមគ្គីភាព និងការប្តេជ្ញាចិត្តរួមគ្នារបស់យើង ដើម្បីបន្តរក្សា និងលើក កម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅអាស៊ី និងអឺរ៉ុប ក៏ដូចជាកសាងអនាគតមួយ ប្រកបដោយបរិយាប័ន្ន ចីរភាព និងមានភាពធន់សម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអ្នក ជំនាន់ក្រោយទៀតរបស់យើង។ ASEM ត្រូវតែតស៊ូបន្តទៀត សម្រាប់ទសវត្សរ៍បន្ទាប់ៗទៀតនាពេលខាងមុខនេះ និងទៅ ថ្ងៃ អនាគត ដើម្បីធានាថា វិបុលភាព និងការអភិវឌ្ឍប្រកប ដោយ ចីរភាព ត្រូវបានធានាសម្រាប់ដៃគូ ASEM ទាំងអស់ និងប្រហែលជាអាចសម្រាប់បណ្តាប្រទេសផ្សេងទៀតនៅជុំវិញពិភពលោក ផងដែរ។ ការប្តេជ្ញាចិត្តរបស់ ASEM ឆ្ពោះទៅ កសាងសហគមន៍មួយប្រកបដោយភាពសុខដុមរមនា មាន លក្ខណៈប្រកួតប្រជែង មានភាពធន់ និងចីរភាព សម្រាប់ ប្រជាជននៅអាស៊ី និងអឺរ៉ុប នៅតែបន្តជា អាទិភាព កំពូល មួយ របស់ខ្លួន។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបន្ថែមទៀតថា ដើម្បីសម្រេចបានគោលដៅខាងលើនេះ ដៃគូ ASEM ទាំងអស់ត្រូវតែសហការគ្នាឱ្យបានស្អិតរមួតនៅក្នុងគោលដៅរួមនេះ ដើម្បីធានាថា ពហុភាគីនិយមនឹងនាំមកនូវស្ថិរភាព និងវិបុលភាពដើម្បីកំណើនរួមគ្នា ព្រមទាំងធានាឱ្យបានថា ពហុភាគីនិយម នឹងដោះស្រាយបញ្ហាតំបន់ និងសកល ដែលមានស្រាប់ និងកំពុងកើតមានឡើង ក្នុងគោលបំណង ឈានទៅសម្រេចឱ្យបាននូវគោលដៅ អភិវឌ្ឍន៍ប្រកបដោយ ចីរភាពឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិ។

ក្នុងន័យនេះ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច និងទន្ទឹង រង់ចាំ បន្តអនុវត្តការងារយ៉ាងជិតស្និទ្ធជាមួយដៃគូ ASEM ទាំងអស់ ក៏ដូចជាភាគីពាក់ព័ន្ធនានា ក្នុងការអនុវត្តវិធានការ ផ្សេងៗ ដូចមានចែងនៅក្នុងឯកសារលទ្ធផល ASEM13 នាពេលថ្មីៗនេះ ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការ ASEM បន្ថែមទៀត ដោះស្រាយបញ្ហាដែលជាកង្វល់រួម ព្រមទាំង លើកស្ទួយទំនាក់ទំនងជាមិត្តភាពក្នុងចំណោមដៃគូទាំងអស់ឈានទៅដល់កម្រិតខ្ពស់ថ្មីមួយទៀត ៕ 

Leave a Reply