ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសពីការមិនគាំទ្រ លើ ការផ្តល់អាវុធទៅឱ្យភាគីណាមួយនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន នោះឡើយ។
ការបញ្ជាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាដូចនេះ នៅក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៣ ប្រវែងជាង ១៣៤គីឡូម៉ែត្រ ចាប់ពីរាជធានីភ្នំពេញ (ចោមចៅ) ដល់ក្រុងកំពត ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ដោយមានការចូលរួមពី ឯកឧត្តម វ៉ាង វិនធៀន (H.E. Mr. Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
សម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះ ធ្វើឡើង បន្ទាប់ពីមានបណ្តាប្រទេសជាច្រើនជាពិសេស ប្រទេសលោក ខាងលិច បានសម្រេចចិត្តផ្តល់ជំនួយផ្នែកយោធាដល់ប្រទេស អ៊ុយក្រែន ដើម្បី ប្រយុទ្ធជាមួយនឹងកងទ័ពរុស្ស៊ីដែលកំពុងតែវាយ លុកទៅលើខ្លួន។
សម្ដេចតេជោ ថា សម្រាប់សម្តេច ការធ្វើយ៉ាងដូច្នេះគឺជាការធ្វើ អន្តរជាតូបនីយកម្មសង្គ្រាមដែលនឹងទៅ ហួសពីព្រំដែន សង្គ្រាម រវាងរុស្ស៊ីនិងអ៊ុយក្រែន។
សម្តេចបន្តថា មានតែការចរចាតែមួយគត់ ទើបអាចឈានទៅ ដោះស្រាយជម្លោះនេះបាន គេមិនអាចយកសង្គ្រាមបញ្ចប់ សង្គ្រាមបាននោះឡើយ។យ៉ាងណាក៏ ដោយ ការថ្លែងរបស់ សម្តេចនេះគឺធ្វើឡើងមិនមែនក្នុងនាមសម្តេចជាប្រធានអាស៊ាននោះឡើយ។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា ក៏បានមាន ប្រសាសន៍ផងដែរថា កម្ពុជា ដែលធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២ នេះ មិនមែនសាមញ្ញនោះទេ ព្រោះមានរឿងកើតឡើង ជាបន្តបន្ទាប់ ដូចជា DOC មីយ៉ាន់ម៉ា និងរុស្ស៊ី-អ៊ុយក្រែនជាដើម ។ ប៉ុន្តែទោះបីជាយ៉ាងណា បានថ្លែងអំណរអរគុណគ្រប់ភាគីពាក់ព័ន្ធ លើកទឹកចិត្តកម្ពុជា ធ្វើជាប្រធានអាស៊ាន៕




