ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ថា ខណៈនេះក្រសួងបានបន្តរៀបចំនិងសហការរៀបចំឯកសារដើម្បីស្នើសុំចុះ “ប្រាសាទកោះកេរ” “នំបញ្ចុក” “ក្បាច់គុនល្បុក្កតោ” និង “ទីក្រុងបាត់ដំបង” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក, បញ្ជីបេតិកភណ្ឌ វប្បធម៌អរូបីនៃមនុស្សជាតិ និងបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិត (Creative Cities Network) របស់អង្គការយូណេស្កូ។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងដូច្នេះក្នុងពិធីបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:នាព្រឹកថ្ងៃទី៩ខែកុម្ភៈ ឆ្នាំ២០២២សាលសន្និសីទចតុម្មុខ។
លោកជំទាវរដ្ឋមន្ត្រីបញ្ជាក់បន្ត ថាក្រសួងក៏បានបន្តរៀបចំបញ្ជីត្រៀមដើម្បីគ្រោងស្នើសុំចុះសម្បត្តិវប្បធម៌ដែលមាន សក្តានុពលផ្សេងទៀត ទៅក្នុងបញ្ជីបេតិកភណ្ឌរបស់អង្គការយូណេស្កូ រួមមាន ក្រុមប្រាសាទបន្ទាយឆ្មារ, រមណីយដ្ឋានអង្គរបុរីនិងភ្នំដា, រមណីយដ្ឋានគូលែន, ក្រុមប្រាសាទបេងមាលា, ក្រុមប្រាសាទព្រះខ័ន កំពង់ស្វាយ, រមណីយដ្ឋានឧដុង្គ, “សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង, មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក, អតីតមន្ទីរឃុំឃាំង ម-១៣”និងព្រះរាជពិធីបុណ្យអុំទូក ផងដែរ៕


