ភ្នំពេញ៖ អគារថ្មីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកម្ពស់០៩ជាន់កសាងសម្រេចបានលទ្ធផល៩០ភាគរយនោះហើយ។អគារថ្មីនេះគ្រោងនឹងកសាងឱ្យរួចរាល់នៅមុនថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែ២០២២ខាងមុខខណៈដែលក្រុមជាងសំណង់និងក្រុមវិស្វករកំពុងពន្លឿនកសាងអគារថ្មីនេះ។នៅរសៀលថ្ងៃចន្ទទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅអគារថ្មីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានរៀបចំពិធីសូត្រមន្តប្រោះព្រំ សុំសេចក្តីសុខ សិរីសួស្តី ជ័យមង្គល តាមជំនឿសាសនា នៅក្នុងឱកាសសម្ពោធការិយាល័យថ្មីសម្រាប់ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមន្រ្តីនគរបាលការិយាល័យជំនាញបានចូលទៅបំរើការងារជាបណ្តើរៗនោះហើយ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញនិង ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចព្រះ វ័នរ័ត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទីពីរគង្គនៅវត្តច័ន្ទបុរីវង្ស។ក្នុងនោះមានការចូលរួមពីលោកលោកស្រីស្នងការរង លោកនាយការិយាល័យជំនាញទាំង៣៣ លោកអធិការនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងលោក លោកស្រី ភ្ញៀវកិត្តិយស តាជីយាយជី មួយចំនួនទៀតបានចូលរួមផងដែរ។
សូមបញ្ជាក់ថាអគារធ្វើការថ្មីកម្ពស់៩ជាន់របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកសាងមានទំហំ៤០ម៉ែត្រគុណ៥០ម៉ែត្រកសាងឡើងដើម្បីជំនួសអគារចាស់ដែលមានសភាពទ្រុឌទ្រោមទៅហើយនោះ។នៅក្នុងតំណាក់កាលនៃការកសាងអគារកម្ពស់៩ជាន់នោះត្រូវគេមើលឃើញថាក្រុមជំនាញវិស្វករនិងជាងសំណង់បាននិងសម្រុកកសាងទាំងយប់ទាំងថ្ងៃឱ្យបានលឿនឆាប់រហ័សអនុវត្តទៅតាមកិច្ចកុងត្រាដោយធានាទាំងគុណភាពនិងសុវត្ថិភាពសំណង់។អគារថ្មីនេះ ចាត់ទុកជាសមិទ្ធិផលប្រវត្តិសាស្រ្តថ្មីមួយសម្រាប់កងកម្លាំងនគរបាលរាជធានីភ្នំពេញ មានកន្លែងធ្វើការងារល្អសមរម្យ ហើយត្រូវបានបំពាក់នូវឧបករណ៍សម្ភារៈប្រើប្រាស់ទំនើបៗឱ្យមន្រ្តីនគរបាលបំពេញភារកិច្ច សម្រាប់លើកកម្ពស់នៃការផ្តល់សេវាសន្តិសុខនិងសេវាសាធារណៈជូនប្រជាពលរដ្ឋនិងភ្ញៀវជាតិ-អន្តរជាតិឱ្យកាន់តែមានប្រសិទ្ធភាព។
អគារថ្មីនេះផងដែរកសាងឡើងក្រោមការដឹកនាំផ្ទាល់ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានជួយឧបត្ថម្ភគាំទ្រពីក្រសួងមហាផ្ទៃ ,អគ្គស្នងការដ្ឋាននគរបាលជាតិនិងមានការចូលរួមពីស្បុរសជន ក្នុងការគិតគូរលើកកម្ពស់ដោះស្រាយកែប្រែកន្លែងធ្វើការងាររបស់នគរបាលជាតិឱ្យបានស្អាតល្អតាមស្តង់ដារស្របតាមភាពរីកសម្រើននៃសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា៕









