សៀមរាប៖ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការគណបក្សខេត្តសៀមរាប មានប្រសាសន៍បថា អ្វីដែលសំខាន់នោះ គឺយើងទាំងអស់គ្នាត្រូវតែចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ និងកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩ ដោយបន្តអនុវត្តនូវ វិធានការ ៣កុំ ៣ការពារ និងការណែនាំរបស់ក្រសួងសុខាភិបាល នូវវីរុសបំប្លែងថ្មី (អូមីក្រុង) ដែលបានដើរទន្ទឹមគ្នា ក្នុងពេលបើកឡើងវិញនូវវិស័យទេសចរណ៍នានាទូទាំងប្រទេស ក្នុងនោះខេត្តសៀមរាបបានធ្វើឲ្យសន្ទុះភ្ញៀវទេសចរបរទេសដំណើរការឡើងបានជាហូរហែ ។
ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍បែបនេះ ក្នុងពិធីសំណេះសំណាលជាមួយនិវត្តន៍ជន មន្ត្រីរាជការ តាមសា្ថប័ន មន្ទីរ អង្គភាពជុំវិញខេត្ត និងក្រុងសៀមរាប ប្រមាណជាង ១,០០០នាក់ នៅមន្ទីរបក្សខេត្ត នាព្រឹកថ្ងៃទី០៥ កុម្ភ: ឆ្នាំ២០២២នេះ ។
ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត អនុប្រធានគណ:កម្មាធិការគណបក្សខេត្ត និងជាប្រធានគណ:ប្រចាំការគណបក្សខេត្ត មានប្រសាសន៍ថា ថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ និង រដ្ឋបាលក្រុង ស្រុក ដែលបានចូលនិវត្តន៍កន្លងមកបានបំពេញការងារយ៉ាងសកម្មបម្រើសង្គមជាតិនិង ប្រជាជន ។
ក្នុងនាមប្រធានក្រុមប្រឹក្សាខេត្ត និងជំនួសមុខឲ្យសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត សូមកោតសរសើនិងថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្រ្តីរាជការក្នុងខេត្ត អាជ្ញាធរក្រុង ស្រុកទាំង ១២ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញតួនាទីភារកិច្ច តាមជំនាញ និងបានជំនះរាល់ការលំបាកផ្សេងៗ ដែលតែងតែកើតមានឡើងនៃបញ្ហាប្រឈមនានា ដែលមានក្នុងខេត្តកន្លងមកនោះ ដើមី្បបំពេញនូវតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ។
គួររំលឹកផងដែរថា អំណោយដែលចែកជូនដល់និវត្តន៍ជន មន្ត្រីរាជការ តាមសា្ថប័ន មន្ទីរ អង្គភាពជុំវិញខេត្ត និងក្រុងសៀមរាប ប្រមាណជាង ១,០០០នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ២ម៉ឺនរៀល ម៉ី ១កេស ទឹកត្រី ១យូរ ត្រីខ ១យួរ ៕












