រសៀលថ្ងៃអាទិត្យទី៣០ ខែមករា ឆ្នាំ២០២២ មានកិច្ចប្រជុំត្រៀមរើអគារសាលាខេត្តព្រះសីហនុសព្វថ្ងៃនេះដើម្បីសាងសង់ថ្មីជំនួសវិញ។
កិច្ចប្រជុំនេះបានធ្វើឡើងក្រោមវត្តមានអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់,ឯកឧត្តម យស់ ឆោម ម៉ារ៉ាឌី និង ឯកឧត្តម លី រស្មី ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីមួយចំនួនទៀតនៅខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថា ការសាងសង់អគារថ្មីនេះ បានទទួលការឯកភាពពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងមានការគាំទ្រពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ។ អគារសាលាខេត្តព្រះសីហនុ គ្រោងបើកដំណើរការសាងសង់នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ គ្រោងប្រើរយៈពេល ១៨ខែ ។
ចំពោះស្ថាបត្យកម្មនៃអគារយកតាមរចនាបទសំបូរព្រៃគប់ ដែលជាអគារមានលក្ខណៈទំនើបស៊ីវីល័យដំបូងគេនៅក្នុងរាជធានី ខេត្ត ៕








