សម្តេចតេជោ ឆ្លើយតបភ្លាមៗទៅប្អូនៗប្រឡងធ្លាក់បាក់ឌុប ក្រោយស្នើសុំសម្តេចឱ្យជួយ

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីកម្ពុជា ​បាន​ប្រកាស​ច្រានចោលភ្លាមៗ នូវ​សំណើ​របស់បេក្ខជន​ប្រឡង​​ធ្លាក់​សញ្ញាបត្រមមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលហ៊ានចូល​ស្នើ​សុំ​នាយករដ្ឋមន្ត្រីឱ្យជួយដល់ខ្លួនបានជាប់វិញ ។

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីកម្ពុជា ​បាន​ប្រកាស​ច្រានចោលភ្លាមៗ នូវ​សំណើ​របស់បេក្ខជន​ប្រឡង​​ធ្លាក់​សញ្ញាបត្រមមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលហ៊ានចូល​ស្នើ​សុំ​នាយករដ្ឋមន្ត្រីឱ្យជួយដល់ខ្លួនបានជាប់វិញ ។

ការឆ្លើយតបរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើង ក្រោយពីមានបេក្ខជន​ប្រឡង​បាក់​ឌុ​ប​ធ្លាក់ជាច្រើនរូបបានស្នើសុំសម្តេចជួយសម្រួលពិនិត្យការកែវិញ្ញាសារឡើងវិញ ខណៈខ្លះទៀតក៏បានស្នើសុំសម្តេចសម្របសម្រួលឱ្យខ្លួនបានជាប់តែម្តង ។ តែយ៉ាងណាមិញ សម្តេចលោកបានបញ្ជាក់ថា ការប្រឡងគឺជារឿងចាំបាច់ ហើយបើកូនៗចៅៗរៀនចេះ គឺពិតជាប្រឡងជាប់ ។ចំពោះសំណើរ «សុំជាប់បាក់ឌុប» សម្តេច​នាយក​រដ្ឋមន្ត្រី​បានឆ្លើយតបក្នុង​ប្រអប់​ខ​មិន​ «​បដិសេធ» ចោលតែម្តង ។

បេក្ខជន​ប្រឡង​បាក់​ឌុ​ប​ធ្លាក់ម្នាក់ បានប្រើប្រាស់ គណនី​ហ្វេ​ស​ប៊ុ​កឈ្មោះ ថា Anji Naya ​បាន​ស្នើសុំសម្តេចយ៉ាងដូច្នេះថា
«​ជម្រាបសួរ​លោកតា​សម្តេច បើ​ចៅ​ប្រលង​ធ្លាក់ តើ​មានការ​យោគយល់​បន្តិច​ទេ លោកតា​ចៅ​សុំ​តែ​ម៉ា​ជាប់​ទេ សុំ​លោកតា​អនុគ្រោះ​ផង​» ។

ភ្លាម​ៗ សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​ឆ្លើយ​តប​ថា ៖ «​បើ​ប្រឡង​ធ្លាក់​ហើយ បែរជា​មានការ​យោគយល់​ឱ្យ​ជាប់ យើង​មិនបាច់​ប្រឡង​ទេ​នាំ​អស់​លុយ និង​កម្លាំង ។ សូម​ចៅ​ខិតខំ​រៀន ដើម្បី​ឆ្នាំ​ក្រោយ​ចូល​ប្រឡង​បន្ត​ទៀត​»​។ ទោះបី​មាន​ជំងឺ​កូ​វី​ដ​កំពុង​វាយលុក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្តី ការ​ប្រឡង​បាក់​ឌុ​ប​ឆ្នាំ​សិក្សា​២០២០-២០២១​នេះ បេក្ខជន​មិន​ត្រូវ​បាន​សម្រេច​ឱ្យ​ជាប់​ដោយ​ស្វ័យប្រវត្តិ​ទៀត​ទេ ដែល​ខុស​ពី​ឆ្នាំ​មុន បេក្ខជន​ប្រឡង​ទាំងអស់ ត្រូវ​បាន​សម្រេច​ឱ្យ​ជាប់​ដោយ​ស្វ័យប្រវត្តិ ដោយ​គ្មាន​បែង​ចែង​និទ្ទេស ។

សម្រាប់​បាក់​ឌុ​ប​ឆ្នាំ​សិក្សា ២០២០-២០២១​នេះ ដែល​សម័យ​ប្រឡង​បាក់​ឌុ​ប​នៅ​ថ្ងៃ​ទី​២៧-២៨ ខែធ្នូ ឆ្នាំ​២០២១ មាន​បេក្ខជន​ប្រឡង​ជាប់ ចំនួន​៧២០១៦​នាក់ ដែល​ស្មើនឹង​៦៥,៦៥​ភាគរយ ។

លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ធ្លាប់​បាន​ឲ្យ​ដឹង​ថា ថវិកា​សម្រាប់​ចំណាយ​ក្នុង​ការ​រៀបចំ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០២១ មាន​ទឹកប្រាក់​សរុប​ចំនួន ២១ ១៩១.៩​លាន​រៀល ស្មើនឹង​ជាង ៥​លាន​ដុល្លារ​អា​មេ​រិ​ក ។

ការ​ចំណាយ​នេះ គឺ​សម្រាប់​ឧបត្ថម្ភ​លើ​គណៈកម្មការ​នានា​ក្នុង​កិច្ច​ដំណើរការ​ប្រឡង​ដែល​មាន​៤​ដំណាក់កាល រួម​មាន ការ​តាក់តែង​ប្រធាន​វិញ្ញាសា ពេល​សំ​ណេ​រ ពេល​កំណែ និង​បូក​ស្រង់ ដោយ​កុំព្យូទ័រ ។ ក្រោយ​ការ​ប្រកាស​លទ្ធផល​ប្រឡង​បាក់​ឌុ​ប​ឆ្នាំ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​សរសេរ​លើ​បណ្តាញ​សង្គម ដោយ​បាន​ចូលរួម​អបអរសាទរ​ចំពោះ​បេក្ខជន​ដែល​បាន​ប្រឡង​ជាប់​មធ្យមសិក្សា​ទុតិយភូមិ​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស ។

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​កោតសរសើរ​ចំពោះ​បេក្ខជន​ដែល​បាន​ជាប់​និទ្ទេស​A ទាំងអស់ ដែល​ឆ្នាំ​នេះ​មានរ​ហូ​ក​ដល់​១៧៥៣​នាក់ ។ ដូច​ឆ្នាំ​មុន​ៗ​ដែរ លើកលែងតែ​ឆ្នាំ​២០២០​ដែល​ឱ្យ​ជាប់​ទាំងអស់​គ្នា​ដោយ​គ្មាន​និ​ទេ្ទ​ស​ដោយសារ​កូ​វី​ដ​១៩ ។ សម្តេច​នាយក​រដ្ឋមន្ត្រី បញ្ជាក់​ថា​៖ «​ឆ្នាំ​នេះ​ខ្ញុំ និង​ជួប​ជាមួយ​ចៅ ៗ​ដើម្បី​លើកទឹកចិត្ត​សម្រាប់​ចៅ​ៗ ដែល​បាន​ខិតខំ​រៀនសូត្រ​រហូត​ប្រឡង​ជាប់ និង​ទទួល​បាន​និទ្ទេស​A ។ ពេលវេលា និង​ទីកន្លែង​ជួប​និង​ជម្រាប​តាម​ក្រោយ តាម​រយៈ​រដ្ឋមន្ត្រី​ហង្ស ជួនណា​រ៉ុ​ន​» ។

ចំណែក នៅ​ថ្ងៃ​ទី​១៧ មក​រា គេ​ក៏​ឃើញ​មាន​បេក្ខជន​ដែល​ប្រឡង​ធ្លាក់​បាន​ធ្វើការ​តវ៉ា​ចំពោះ​លទ្ធផល​របស់​ខ្លួន នៅ​មុខក្រសួង​អប់រំ​យុវជន យុវជន និង​កីឡា ប្រមាណ​២០០​នាក់ ។

យ៉ាងណា​ក្តី​គេ​មិន​ទាន់​ឃើញ​មានការ​ឆ្លើយ​តប​ពី​ក្រសួង ​អប់រំ យុវជន និងកីឡានោះទេ ។ ប៉ុន្តែ​បើ​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួង​អះអាងថា អ្វី​ៗ​គឺ​ត្រូវធ្វើ​តាម​ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ស្នើ​បេក្ខជន​ប្រឡង​ធ្លាប់​ខំរៀន ដើម្បី​ប្រឡង​ឆ្នាំ​ក្រោយ​ទៀត ។

សូម​ជម្រាប​ថា​បេក្ខជន​ប្រឡង​បាក់​ឌុ​ប​ជាប់​ឆ្នាំ​២០២១​មាន​ចំនួន ៧២០១៦ នាក់ ត្រូវជា ៦៥.៦៥%(​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៩ ចំនួន ៦៨.៦២%) ក្នុង​នោះ​បេក្ខជន​ដែ ល​ទទួល​បាន​និទ្ទេស A មាន​ចំនួន ១៧៥៣ នាក់ (​ឆ្នាំ​២០១៩ ចំនួន ៤៤៣ នាក់​), និទ្ទេស B មាន​ចំនួន ៥ ២១៥ នាក់ (​ឆ្នាំ​២០១៩ ចំនួន ២ ៤៣០ នាក់​), និទ្ទេស C មាន​ចំនួន ១១ ៦៣៤ នាក់ (​ឆ្នាំ​២០១៩ ចំនួន ៥៨៤៧ នាក់​), និទ្ទេស D មាន​ចំនួន ២៣ ៤៩៩ នាក់ (​ឆ្នាំ​២០១៩ ចំនួន ១៤ ១០០ នាក់​), និង​និទ្ទេស E មាន​ចំនួន ២៩ ៩១៥ នាក់ (​ឆ្នាំ​២០១៩ ចំនួន ៥៦ ២៣២ នាក់​)​។

បេក្ខជន​គ្រប់​រាជធានី ខេត្ត ទទួល​បាន​និទ្ទេស A ចំនួន ១ ៧៥៣ នាក់ ក្នុង​នោះ បេក្ខជន​មក​ពី​រាជធានី ភ្នំពេញ ៥៦៥ នាក់​, ខេត្តសៀមរាប ១៥៣ នាក់​កណ្តាល ១២៧ នាក់​បាត់ដំបង ១២៣ នាក់​កំពង់ចាម ១១៨ នាក់​, បន្ទាយ​មាន​ជ័យ ៩៩ នាក់​, តាកែវ ៩៩ នាក់​, ព្រៃវែង ៨៧ នាក់​, កំពត ៧៥ នាក់​, ត្បូងឃ្មុំ ៥៤ នាក់​, ក្រចេះ ៤៥ នាក់​, កំពង់ធំ ៤១ នាក់​, កំពង់ស្ពឺ ៣៣ នាក់​, ពោធិ៍សាត់ ២៨ នាក់​, ស្វាយ​រៀង ២៦ នាក់​, កំពង់ឆ្នាំង ២២ នាក់​, ព្រះ​សីហ​នុ ២០ នាក់​, រតនគិរី ០៩ នាក់​, ស្ទឹង​ត្រែង ០៦ នាក់​, ប៉ៃលិន ០៦ នាក់​, ឧត្តរមានជ័យ ០៥ នាក់​, កោះកុង ០៤ នាក់​, ព្រះ​វិហារ ០៤ នាក់​, កែប ០៣ នាក់​, និង​ខេត្តមណ្ឌលគិរី ០១ នាក់​៕

Leave a Reply