ភ្នំពេញ៖ ទោះបីនៅក្នុងអំឡុងកូវីដ១៩នាឆ្នាំ២០២០និង២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានស្ថាបនានិងជួសជុលសួនច្បារបានចំនួន២កន្លែង ដើម្បីលើកសោភណ្ឌភាពរាជធានីភ្នំពេញ និងម្យ៉ាងទៀតដើម្បីទុកជាកន្លែងឱ្យបងប្អូនប្រជាពលរដ្ឋបានហាត់ប្រាណដើម្បីសុខភាពផងដែរ។
លោកសំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី
ភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី១៧ មករានេះថា៖នៅក្នុងឆ្នាំ២០២០និង២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបន្តការងារស្ថាបនានិងជួសជុលសួនច្បារបានចំនួន២កន្លែង បើទោះបីក្នុងតំណាក់កាលនៃការរីករាលដាលជម្ងឺកូវីដ-១៩ក៏ដោយ ពោលគឺ ដៃម្ខាងធ្វើការអភិវឌ្ឍ ឯដៃម្ខាងទៀត ទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ។
សួនច្បារ២កន្លែងនេះរួមមាន៖ ទី១ ស្ថាបនាសួនច្បារថ្មី នៅតាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ ខាងមុខវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ ព្រៃឈើ សត្វព្រៃ លើផ្ទៃក្រឡាជិត១ម៉ឺនម៉ែត្រការ៉េ ដែលមានបណ្តោយប្រវែង៥៥០ម៉ែត្រ និងទទឹង១៦ម៉ែត្រ បានស្ថាបនាបញ្ចប់១០០ភាគរយ។ សួនច្បារថ្មីនេះ រៀបចំឡើងឱ្យមាន ជាទីធ្លាសម្រាប់លំហែកំសាន្ត កន្លែងហាត់ប្រាណ ឧបករណ៍ក្មេងលេង ដាំដើមឈើ ដាំស្មៅ បង្គន់សាធារណៈ ចំណតរថយន្តនិងម៉ូតូ ជាមួយនិងបង្គោលបំភ្លឺសួនច្បារតែនៅមិនទាន់បានសាងសង់បង្គន់អានាម័យនិងចំណតរថយន្តនៅឡើយទេ។
លោកសំ សាមុត បានបន្តថា៖ លោកឃួង ស្រេង អភិបាលភ្នំពេញ បានយកចិត្តទុកដាក់ខ្លាំងណាស់ លើការកែលម្អរសួនច្បារនានា នៅក្នុងរាជធានីភ្នំពេញ ។ជាក់ស្ដែង នៅខណ្ឌសែន សុខនេះ ពីមុនមិនធ្លាប់មានសួនច្បារសាធារណៈនោះទេ តែដោយ លោកឃួង ស្រេង បានពិនិត្យឃើញថា ទីតាំងខាងលើ អាចស្ថាបនាសួនច្បារសាធារណៈបាន ទើបលោកអភិបាលរាជធានី ណែនាំឱ្យមានការស្ថាបនាសួនច្បារខាងលើនេះតែម្តង។ដោយហេតុថាសួនច្បារមិនត្រឹមតែជាកន្លែងទាក់ទាញនូវភ្ញៀវជាតិអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងមួយ សម្រាប់ប្រជាពលរដ្ឋបានហាត់ប្រាណផងដែរ ដោយហេតុថា ការហាត់ប្រាណជាឱសថដ៏សក្កិសិទ្ធ ក្នុងការព្យាបាលជម្ងឺគ្រប់ប្រភេទ។
ទី២ទៀតបានធ្វើការ ជួសជុលកែលម្អរសួនច្បារនៅមុខ អគារទីស្តីការក្រសួងការពារជាតិ ។សួនច្បារនេះត្រូវបានលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ណែនាំឲ្យធ្វើការជួសជុលកែសម្រួលឡើងវិញកាលពីខែកក្កដាឆ្នាំ២០២១ ដោយធ្វើការកែលម្អឡើងវិញ ចាប់ពីក្តាន់២ រហូតដល់ក្រសួងការពារជាតិ ដែលមានទំហំ១ហិកតា ដែលពីមុនសួននេះ មានស្មៅ ដើមផ្កា ដើមឈើ និងមានផ្លូវតូច ។ តែពេលនេះបានពង្រីកឲ្យផ្លូវធំទូលាយមានទាំងសួនច្បារ មានស្មៅ បើកផ្លូវនៅមុខក្រសួងការពារជាតិទទឹង៤៥ម៉ែត្រ សម្រេចបាន១០០%។ សួនថ្មីនេះបានរៀបជាថ្មក្រានីត ដាំស្មៅ បំពាក់អំពូលភ្លើងដែលអាចឱ្យប្រជាពលរដ្ឋមានកន្លែងហាត់ប្រាណងាយស្រួល ជាមួយនឹងទីតំាង ធំទូលាយជាងមុន។
លោក សំ សាមុត បានបន្តថា អង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ នៅតែបន្តថែទាំ សួរច្បារនានានៅក្នុងរាជធានីភ្នំពេញ ដើម្បីរក្សាបាននូវពណ៌បៃតងទាំងខែប្រាំងនិងខែវស្សា ។ បន្ថែមពីលើនេះទៀត ការថែទាំដើមឈើ ការកាប់លះដើមឈើ ការដកដើមឈើដែលងាប់ចេញ ដាំថ្មី ជំនួសនៅតែបន្តធ្វើសកម្មភាពរហូត៕