ហ្សឺណែវ៖ ប្រធានអង្គការសុខភាពពិភពលោក WHO នៅថ្ងៃពុធសប្ដាហ៍នេះបញ្ជាក់ថា វីរុសកូវីដ១៩បំប្លែងថ្មី អូមីក្រុង មិនបង្កឱ្យមនុស្សធ្លាក់ខ្លួនឈឺធ្ងន់ដូច ឬខ្លាំងជាងមេរោគបំប្លែងថ្មី ឌែលតា នោះទេ ប៉ុន្តែវានៅតែអាចបង្កគ្រោះថ្នាក់ដល់អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការ។
បើតាមអង្គការសុខភាពពិភពលោក (WHO) ភាគច្រើននៃអ្នកជំងឺកូវីដ១៩ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅជុំវិញពិភពលោក គឺជាអ្នកមិនទាន់បានចាក់វ៉ាកសាំងបង្ការ ហើយប្រសិនបើករណីឆ្លងនៅតែបន្តកើនឡើងនោះវាអាចនឹងលេចចេញនូវមេរោគបំប្លែងថ្មីដទៃទៀតជាបន្តបន្ទាប់ ដែលមានភាពកាចសាហាវខ្លាំងជាងវីរុស អូមីក្រុង។
ទន្ទឹមនេះ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយថា មកទល់នឹងសព្វថ្ងៃ មានប្រទេសច្រើនជាង៩០ ដែលមិនទាន់សម្រេចបានការចាក់វ៉ាក់សាំងបង្ការតាមគោលដៅកំណត់ ដែលតម្រូវឱ្យបានយ៉ាងហោច ៤០ភាគរយនៃប្រជាជនសរុបរបស់ពួកគេនោះទេ ខណៈច្រើនជាង ៨៥ភាគរយនៃប្រជាជននៅក្នុងតំបន់អាហ្វ្រិកនៅមិនទាន់បានចាក់វ៉ាក់សាំង សូម្បីតែមួយដូស៕