បេសកជនពិសេសថ្មី របស់អង្គការសហប្រជាជាតិ ប្ដេជ្ញាធ្វើការជាមួយប្រធានអាស៊ាន ដើម្បីរួមចំណែកដោះស្រាយបញ្ហាវិបត្តិនៅមីយ៉ាន់ម៉ា

នៅក្នុងជំនួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូ ជាមូយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ លោកជំទាវ ណូលីន ហេយហ្សឺ (Noeleen Hayzer) បេសកជនពិសេសថ្មីរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា បានប្ដេជ្ញាចិត្តធ្វើការជាមួយប្រធានអាស៊ាន ដើម្បីរួមចំណែកដោះស្រាយបញ្ហាវិបត្តិនៅមីយ៉ាន់ម៉ា ។

ភ្នំពេញ៖ នៅក្នុងជំនួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូ ជាមូយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ លោកជំទាវ ណូលីន ហេយហ្សឺ (Noeleen Hayzer) បេសកជនពិសេសថ្មីរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា បានប្ដេជ្ញាចិត្តធ្វើការជាមួយប្រធានអាស៊ាន ដើម្បីរួមចំណែកដោះស្រាយបញ្ហាវិបត្តិនៅមីយ៉ាន់ម៉ា ។

ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់បណ្ដាញសារព័ត៌មាននៅក្រោយបញ្ចប់កិច្ចពិភាក្សានេះថា សម្តេចតេជោនាយករដ្ឋមន្ត្រី និងលោកជំទាវ ធ្លាប់បានជួបពិភាក្សាគ្នាកាលពីឆ្នាំ២០១២ មកម្ល៉េះ ដែលក្នុងនោះលោកជំទាវ បានមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងក្របខណ្ឌ ESCAP ហើយពេលនេះ គឺជួបក្នុងក្របខណ្ឌកិច្ចសហការរវាងអាស៊ាន និងអង្គការសហប្រជាជាតិ ដោយសារឆ្នាំនេះ កម្ពុជា ជាប្រធានអាស៊ាន ហើយលោកជំទាវជាបេសកជនពិសេសរបស់ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ។

លោកជំទាវបានអបអរសាទរសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលទទួលតួនាទីជាប្រធានអាស៊ាននៅឆ្នាំនេះ ហើយជាពិសេសទៀត កម្ពុជា ក៏មានប្រេសិតពិសេសនៃអាស៊ាន ទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ានេះដែរ ។ លោកជំទាវ បានគូសបញ្ជាក់ផងដែរថា លោកជំទាវពិតជាមានការរីករាយចំពោះអ្វីដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី បានជំរុញការងារពាក់ព័ន្ធនឹងមីយ៉ាន់ម៉ា ដោយសារមាននៅក្នុងស្មារតីមួយក្នុងការបន្ទាន់អំពីសភាពការណ៍នៅមីយ៉ាន់ម៉ា។

លោកជំទាវបានគូសបញ្ជាក់ថា ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្ត្រីជាប្រធានអាស៊ាននេះ គឺថា សម្ដេច បានសំដែងឲ្យឃើញថា គឺសម្ដេច បានដើរតួនាទីសំខាន់ នៅក្នុងកិច្ចការអន្តរជាតិ ហើយជាពិសេស លោកជំទាវរពឹងថា អង្គការសហប្រជាជាតិ ក៏ដូចជាលោកជំទាវក្នុងនាមបេសកជនពិសេសរបស់អង្គការសហប្រជាជាតិនេះ អាចសហការគ្នា ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ ជាពិសេសបញ្ហាមីយ៉ាន់ម៉ានេះតែម្ដង។

ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានអរគុណលោកជំទាវ ដែលកន្លងមក ធ្លាប់ធ្វើការជាមួយគ្នា ហើយឥឡូវនេះ យើងនឹងបន្តធ្វើការជាមួយគ្នាទៀត ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរថា សម្ដេចបានអបអរលោកជំទាវ ដែលបានទទួលការងារជាបេសកជនពិសេសរបស់ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិស្ដីពីមីយ៉ាន់ម៉ានេះ ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់សម្ដេច ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដែលសំខាន់គឺមិនចេញឆ្ងាយពីធម្មនុញ្ញអាស៊ាន ហើយនិងចំណុចដែលឯកភាពគ្នាទាំង ៥ចំណុចជាឯកច្ឆន្ទនៅក្នុងប្រទេសអាស៊ានទាំង ១០នេះ ហើយជាពិសេសទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរថា ថ្វីត្បិតឆ្នាំ២០២១ ការងារអាស៊ានជាងនេះ គឺថា វាមិនបានដើររលូនទេ អញ្ចឹងអ្វីដែលសល់ពីឆ្នាំ២០២១ មកដល់ឆ្នាំ២០២២ ដែលកម្ពុជា ធ្វើជាប្រធានអាស៊ាន នេះ។

គោលដៅរបស់សម្ដេចទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ា គឺរកមធ្យោបាយ ដើម្បីបញ្ចប់ភាពហិង្សា និងនឹងរៀបចំឲ្យមានបទឈប់បាញ់នេះ ដែលជាកត្តាសំខាន់ក្នុងចំណុចឯកច្ឆន្ទទាំង ៥ របស់អាស៊ាននេះ ហើយធ្វើយ៉ាងណាផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ាដែលត្រូវការជាចាំបាច់នៅក្នុងគ្រានេះ។

លើសពីនេះទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រីថា យើងមិនអាចនៅជាប់គាំងនៅក្នុងស្ថានភាពនេះទេនគឺត្រូវធ្វើយ៉ាងណារកមធ្យោបាយដើម្បីទម្លុះនូវស្ថានភាពជាប់គាំងនេះ ដោយសំខាន់ត្រូវចាប់យកឱកាស ដើម្បីជំរុញការចរចានេះ ហើយជាពិសេសទៀត នៅក្នុងផ្ទៃក្នុងអាស៊ាននេះ គឺយើងត្រូវធ្វើការជាមួយគ្នា ដើម្បីឲ្យមានការឯកភាពគ្នានេះ។

នៅក្នុងការងារនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីការងារ២ដែលជាអាទិភាពនៅក្នុងចំណុចឯកច្ឆន្ទទាំង ៥ រួមមាន៖ ទី១ គឺបទឈប់បាញ់ និងអំពើហិង្សានេះ, ទី២ គឺការផ្ដល់ជំនួយមនុស្សធម៌នៅក្នុងប្រទេសនេះ។ ក្នុងន័យនេះ សម្តេចតេជោ បានគូសបញ្ជាក់ផងដែរថា យើងត្រូវធ្វើការជាមួយគ្នាមិនមែនតែជាមួយអាស៊ានទេ គឺជាមួយអ្នកពាក់ព័ន្ធផ្សេងទៀតជាពិសេស គឺអង្គការសហប្រជាជាតិនេះតែម្ដង។

សម្តេចតេជោបានគូសបញ្ជាក់ផងដែរពាក់ព័ន្ធនឹងការធ្វើការងារនៅក្នុងបទឈប់បាញ់នេះ ដោយសម្ដេចគិតថា ធ្វើយ៉ាងណា ជំរុញឲ្យមាន អាស៊ានTroika ដែលមានកម្ពុជា ជាប្រធានអាស៊ាន ហើយនិងអតីតប្រធានអាស៊ាន គឺប្រទេសព្រុយណេ និងប្រធានអាស៊ាន ក្រោយពីកម្ពុជា គឺប្រទេសឥណ្ឌូនេស៊ី និងអគ្គលេខាធិការអាស៊ាន ដើម្បីជម្រុញការងារ និងសម្របសម្រួលតាមដានការងារបទឈប់បាញ់គ្នានេះ។

ពាក់ព័ន្ធការងារមនុស្សធម៌ ដែលជាការងារអទិភាព សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា តួនាទីក្នុងការងារនេះ គឺប្រេសិតពិសេសរបស់អាស៊ាននេះ អគ្គលេខាធិការអាស៊ាន និងមជ្ឈមណ្ឌលអាហារ រួមទាំងការសម្របសម្រួលនៅភាគីរបស់មីយ៉ាន់ម៉ា បូកនិងភ្នាក់ងារអង្គការសហប្រជាជាតិ ជាពិសេសភ្នាក់ងារ ឬអង្គការណាមួយរបស់អង្គការសហប្រជាជាតិ ដែលលោកជំទាវ អាចចូលរួមចំណែកក្នុងការនានាផងដែរ។

និយាយជារួម សម្ដេចតេជោនាយករដ្ឋមន្ត្រី និងលោកជំទាវ មានការឯកភាពគ្នាទៅលើចំណុចថា ត្រូវតែមានការងារបន្ទាន់ ជាពិសេស ការអនុវត្តបទឈប់បាញ់ បញ្ឈប់អំពើហិង្សា និងការផ្ដល់ជំនួយ ហើយនិងការសន្ទនាជាមួយភាគីពាក់ព័ន្ធទាំងអស់នេះ។

លោកជំទាវ បានគូសបញ្ជាក់ម្តងទៀតថា លោកជំទាវពិតជាអរគុណ ហើយនិងគិតថា អ្វីដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី កំពុងតែធ្វើនេះ គឺសំខាន់ដោយសារអង្គការសហប្រជាជាតិ ឃើញតួនាទីសំខាន់របស់អង្គការតំបន់ ពិសេសអាស៊ានជាដើម។ លោកជំទាវ បានបង្ហាញការប្ដេជ្ញាចិត្ត នឹងធ្វើការជាមួយអាស៊ាន ប្រធានអាស៊ាននេះ ជាពិសេស ក្នុងការធ្វើយ៉ាងណាកុំឲ្យស្ថានភាពនៅមីយ៉ាន់ម៉ា គឺធ្លាក់ចុះជាងស្ថានភាពបច្ចុប្បន្ននេះ ហើយជាពិសេសទៀត លោកជំទាវនៅតែគិតថា តួនាទីប្រធានអាស៊ាន និងប្រទេសអាស៊ានពាក់ព័ន្ធផ្សេងទៀត និងជំរុញការអនុវត្តនូវចំណុចចំនួន ៥ ដែលមានការឯកភាពគ្នានោះ។

លោកជំទាវមានប្រសាសន៍ថា យើងនៅតែជំរុញធ្វើយ៉ាងណា ឱ្យនៅពេលខាងមុខនេះ អាស៊ាន និងអង្គការសហប្រជាជាតិ ធ្វើការជាមួយគ្នាឲ្យបានជិតស្និទ្ធថែមទៀត។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានស្នើឲ្យលោកជំទាវ ធ្វើការផ្ទាល់ជាមួយប្រេសិតពិសេសរបស់អាស៊ាន គឺឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីធ្វើការសម្របសម្រួល និងជំរុញកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន និងអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយបញ្ហាវិបត្តិនៅមីយ៉ាន់ម៉ា ៕ 

Leave a Reply