រាជធានីភ្នំពេញ៖ ឯកឧត្តម គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា រាជរដ្ឋាភិបាលប្រមូលចំណូលថវិកាជាតិ បានជិត៥០លានដុល្លារ ពីការអនុញ្ញាតឲ្យរថយន្ដអត់ពន្ធចង្កូតស្ដាំ និងឆ្វេង ចូលមកបង់ពន្ធ ត្រឹមឱសានវាទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។
ឯកឧត្តម គុណ ញឹមបញ្ជាក់ថា “ចាប់តាំងពីថ្ងៃចាប់ផ្តើមអនុវត្តយុទ្ធនាការប្រមូលពន្ធ និងអាករនាខែកញ្ញា រហូតដល់ដំណាច់ខែធ្នូ ២០២១ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទទួលបានការបង់ពន្ធ រថយន្តចង្កូតឆ្វេង ចំនួន ២៤០៤គ្រឿង ដោយប្រមូលបានចំណូលថវិកាជាតិ ចំនួនប្រមាណ ២៩.៥៣ លានដុល្លារ និងទទួលប្រាក់កក់លើរថយន្តចង្កូតស្តាំ ចំនួន៣,០៣៧គ្រឿង ដោយទទួលប្រាក់កក់ចំនួន ប្រមាណ២០.០៣លានដុល្លារ។ សរុបទាំងរថយន្តចង្កូតឆ្វេង និងរថយន្តស្ដាំបានចំនួន៥,៤៤១គ្រឿង ជាមួយនឹងទឹកប្រាក់៤៩.៥៦លានដុល្លារ”។
ឯកឧត្តម បានឲ្យដឹងទៀតថា តាមការប៉ាន់ស្មានដំបូងដែលថា មានរថយន្តគ្មានពន្ធមានស្រាប់ក្នុងស្រុក ប្រមាណជិត១០,០០០គ្រឿង។ ដូច្នេះលទ្ធផលត្រឹមដំណាច់ ខែធ្នូ ឆ្នាំ ២០២១ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អាចវាយតម្លៃថា សម្រេចបានជាង៥០%ហើយ។
បន្ថែមពីនោះទៀត ឯកឧត្តម គុណ ញឹម បានគូសបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងចាប់ផ្តើមឡើងវិញ នូវការបង្ក្រាបរថយន្តគ្មានពន្ធ តាមដងផ្លូវសាធារណៈ ជាបណ្តើរៗ។ ក្នុងករណីបង្ក្រាបបាន ម្ចាស់រថយន្តត្រូវបង់ពន្ធអាករ និងប្រាក់ពិន័យផង។ នេះជាវិធានការបន្ថែម ដើម្បីជំរុញឲ្យម្ចាស់រថយន្តចូលខ្លួនមកបំពេញកាតព្វកិច្ចពន្ធ និងអាករដោយស្ម័គ្រចិត្ត៕