កាលពីថ្ងៃ អាទិត្យ ទី៩ មករាប្រធានាធិបតីស្រីលង្កាបានស្នើសុំឱ្យប្រទេសចិនធ្វើការរៀបចំរចនាសម្ព័ន្ធបំណុលរបស់ខ្លួនឡើងវិញ និងផ្ដល់ឥណទានអនុគ្រោះសម្រាប់ការនាំចូលផលិតផលសំខាន់ៗ ខណៈពេលដែលប្រទេសជាកោះនេះប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចអាក្រក់បំផុតរបស់ខ្លួន។
បើតាមសេចក្ដីថ្លែងការរបស់ខុទ្ទកាល័យប្រធានាធិបតីហ្គោតាបាយ៉ា រាជប៉ាកសា លោកប្រធានាធិបតីរូបនេះបានប្រាប់រដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាង យី ដែលកំពុងធ្វើទស្សនកិច្ចក្នុងប្រទេសស្រីលង្កា ថាវាគឺជាការ «ការជួយបន្ធូរដ៏ធំបំផុតសម្រាប់ប្រទេសនេះ ប្រសិនបើមានការយកចិត្តទុកដាក់ទៅលើការរៀបចំរចនាសម្ព័ន្ធការសងបំណុលឡើងវិញ ដែលជាដំណោះស្រាយចំពោះវិបត្តិសេដ្ឋកិច្ចដែលបានកើតឡើងក្នុងការប្រឈមមុខនឹងការរាតត្បាតនៃជំងឺកូវីដ-១៩»។
សេចក្ដីថ្លែងការណ៍ដដែលនេះក៏បានលើកឡើងថាលោករាជប៉ាកសាក៏បានសួរលោកវ៉ាងអំពីឥណទានសម្រាប់ជួយសម្របសម្រួលការនាំចូលដើម្បីអនុញ្ញាតឱ្យរោងចក្របន្តដំណើរការដោយមិនមានការរអាក់រអួល។
ប្រទេសចិនគឺជាម្ចាស់បំណុលធំបំផុតរបស់ប្រទេសស្រីលង្កា ហើយដំណើរទស្សនកិច្ចរបស់លោកវ៉ាង យីបានកើតឡើងចំពេលដែលមានការព្រួយបារម្ភថារដ្ឋាភិបាលរបស់លោករាជប៉ាកសាអាចដួលរលំដោយសារការក្ស័យធនមិនអាចសងបំណុល។
សេដ្ឋកិច្ច ដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើវិស័យទេសចរណ៍ របស់កោះនេះ បានរងផលប៉ះពាល់យ៉ាងខ្លាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈពេលដែលមូលនិធិរូបិយប័ណ្ណបម្រុងរបស់ធនាគារកណ្ដាលស្រីលង្កាគឺជិតអស់ទៅហើយ ធ្វើឱ្យមានកង្វះម្ហូបអាហារ និងផលិតផលចាំបាច់ដែលត្រូវនាំចូលពីបរទេស។
កាលពីសប្ដាហ៍មុនមូលនិធិរូបិយប័ណ្ណបម្រុងរបស់ស្រីលង្កាបានធ្លាក់ដល់ ១,៥ ពាន់លានដុល្លារ ដែលមិនគ្រប់សម្រាប់ទ្រទ្រង់ការនាំចូលសម្រាប់ប៉ុន្មានសប្ដាហ៍ខាងមុខ។ កាលពីថ្ងៃសុក្រសប្ដាហ៍មុន អាជ្ញាធរអគ្គិសនីប្រទេសនេះបានដាក់កម្រិតលើការប្រើប្រាស់ បន្ទាប់ពីខ្លួនមានកង្វះរូបិយប័ណ្ណបរទេសដើម្បីនាំចូលប្រេងពីបរទេស។ បន្ថែមពីលើនេះទៅទៀត សម្រាប់ឆ្នាំ ២០២២ ស្រីលង្កាមានកាតព្វកិច្ចសងបំណុលបរទេសរហូតទៅដល់ ៧ ពាន់លានដុល្លារ ដែលរួមមានការសងដើមមូលបត្របំណុលជាង ៥០០ លានដុល្លារនៅខែមករា និងជាង ១ ពាន់លានដុល្លារនៅខែកក្កដា។
រដ្ឋាភិបាលស្រីលង្កាបានខ្ចីបំណុលយ៉ាងច្រើនពីប្រទេសចិន ដើម្បីសាងសង់គម្រោងហេដ្ឋារចនាសម្ពន្ធធំៗ មួយចំនួន ប៉ុន្តែក្រុមអ្នករិះគន់បាននិយាយថារដ្ឋាភិបាលបានធ្វេសប្រហែសក្នុងការចំណាយប្រាក់ទាំងនេះទៅលើគម្រោងមិនចាំបាច់ ដែលមិនបានជួយបង្កើនចំណូលរបស់រដ្ឋាភិបាល។ កាលពីឆ្នាំ ២០១៧ ដោយមិនអាចសងបំណុល ១,៤ ពាន់លាន ដែលត្រូវបានខ្ចីសម្រាប់សាងសង់កំពង់ផែមួយ រដ្ឋាភិបាលស្រីលង្កាបានសម្រេចធ្វើការសម្បទានកំពង់ផែនោះទៅឱ្យក្រុមហ៊ុនចិន។
យ៉ាងណាមិញស្ថានភាពបច្ចុប្បន្ននេះ បានធ្វើឱ្យគ្រួសារប្រជាពលរដ្ឋស្រីលង្កាជួបការខ្វះខាតយ៉ាងខ្លាំង។ ពលរដ្ឋរង់ចាំជាជួរយ៉ាងយូរដើម្បីទិញទំនិញសំខាន់ៗ ដូចជាម្សៅទឹកដោះគោ ហ្គាស និងប្រេងកាត។ តម្លៃបានកើនឡើងយ៉ាងខ្លាំង ហើយធនាគារកណ្ដាលបាននិយាយថា អត្រាអតិផរណាបានកើនឡើងដល់ ១២,១% នៅចុងខែធ្នូ ដែលកើនពី ៩,៩% ក្នុងខែវិច្ឆិកា។ អតិផរណាតម្លៃម្ហូបអាហារបានកើនឡើងដល់ជាង ២២% ក្នុងរយៈពេលដូចគ្នានេះ៕
——————————–
សូមចូលរួមជាសមាជិកតេឡេក្រាម https://t.me/lorsovanney