ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជម្រុញដល់ប្រជាពលរដ្ឋមកចាក់វ៉ាក់សាំងដុសជំរុញឱ្យបាន គ្រប់គ្នា ព្រោះយើងរកឃើញអ្នកឆ្លងមេរោគកូវីដបំប្លែងថ្មី អូមីក្រុង ចូលក្នុងសហគមន៍ ១៤ករណីហើយ ។ នេះបើតាមសារពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន ផ្ញើជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពនៃការឆ្លងកូវីដ១៩ ប្រភេទអូមីក្រុង ចូលក្នុងសហគមន៍ នៅព្រលប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដូច្នេះថា ឥឡូវនេះ មេរោគកូវីដបំប្លែងថ្មីដែលហៅថា អូមីក្រុង បានចាប់ផ្ដើមលុកលុយទៅក្នុងសហគមន៍របស់យើង ហើយកិច្ចការបន្ទាន់របស់យើង គឺពង្រឹងវិធានការការពារ ដើម្បីកុំឱ្យរីករាលដាលធ្ងន់ធ្ងរ។ សម្ដេច បានបន្តថា ថ្ងៃទី១០ មករា យើងរកឃើញ ៣៤ករណី ក្នុង ៣៤ករណី មានការនាំចូល ២៤ករណី នឹងឆ្លងចូលក្នុងសហគមន៍ចំនួន ១០ករណី ។
ក្នុងស្ថានការណ៍បែបនេះ សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យយកចិត្តទុកដាក់លើវិធានការ និងការការពារឱ្យបានខ្លាំងក្លាបំផុត នោះ គឺការអនុវត្តវិធានការ ៣កុំ ៣ការពារ ដើម្បីធានាថា សហគមន៍របស់យើងមានភាពរឹងមាំ។ ជាមួយគ្នានេះ សម្ដេច បានចេញបទបញ្ជា ហើយជំរុញល្បឿននៃការចាក់វ៉ាក់សាំងដុសជំរុញជូនប្រជាពលរដ្ឋរបស់យើង ក្នុងនោះគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំង បានចែកជូនវ៉ាក់សាំង Astrazeneca ក៏ដូចជា Moderna បញ្ជូនទៅតាមបណ្ដាខេត្តរួចហើយ សម្រាប់ Pfizer គឺការចាក់នៅទីក្រុងភ្នំពេញ ដែលយើងមិនមានប្រព័ន្ធសុវត្ថិភាពសំរាប់ការបញ្ជូន pfizer នេះ ទៅតាមបណ្ដាខេត្តនោះទេ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី សូមបញ្ជាក់ជូនថាបើទោះបីជាវ៉ាក់សាំងប្រភេទណាក៏ដោយ តម្រូវការបញ្ហាសំខាន់ គឺគ្រូពេទ្យត្រូវមានគ្រប់គ្រាន់ ដើម្បីចាក់។ បន្ថែមលើនោះ អ្វីដែលសំខាន់ជាងនេះទៀត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវតែពង្រឹង និងយកចិត្តទុកដាក់ទៅលើការប្រមូលមនុស្សមកចាក់ឲ្យបានគ្រប់គ្នានូវដុសជំរុញ ដើម្បីជាវិធានការទប់ស្កាត់ជាមួយនឹងមេរោគបំផ្លាញថ្មីនេះ។
សម្ដេចតេជោ បានបញ្ជាក់ផងដែរថា លក្ខខណ្ឌនៃការទទួលបានដុសទី៣ គឺត្រូវតែជាលក្ខខណ្ឌដែលអនុវត្តទៅតាមស្តង់ដារសុខាភិបាលដែលបានបញ្ជាក់ គឺ ៤ខែក្រោយពេលទទួលដុសទី២ បើមិនទាន់បាន ៤ខែទេ គឺក្រសួងសុខាភិបាល ឬគ្រូពេទ្យមិនទទួលចាក់ជូនទេព្រោះមិនធានានូវសុវត្ថិភាព ដូច្នេះបងប្អូនដែលចង់បានទទួលវ៉ាក់សាំងនៅតាមទីកន្លែងនានានូវដុសជំរុញ គឺត្រូវតែធានាថា ពីដុសដែលខ្លួនបានចាក់លើកមុន នឹងចាក់លើកក្រោយ ត្រូវតែមានរយៈពេលមិនតិចជាង ៤ខែ ដូចជាករណីខ្លួនខ្ញុំនេះ ចង់ចាក់បានមុន ក៏ប៉ុន្តែគ្រូពេទ្យមិនព្រមអនុញ្ញាតឱ្យចាក់នោះទេ រហូតដល់ថ្ងៃទី១៤ ខាងមុខនេះ នៅសល់៤ថ្ងៃទៀត ទើបគ្រូពេទ្យហ៊ានចាក់ជូន។ សម្ដេចថា នេះជាករណីឧទាហរណ៍មួយ ក្នុងចំណោមឧទាហរណ៍ដែលមន្ត្រីសុខាភិបាលរបស់យើង មានការទទួលខុសត្រូវទៅលើបញ្ហាការចាក់វ៉ាក់សាំង។
សម្ដេចតេជោ ហ៊ុន សែន បានយកឱកាសនេះ អំពាវនាវឲ្យអភិបាលរាជធានី-ខេត្ត មន្ត្រីស្រុក ឃុំ-សង្កាត់ ភូមិ ត្រូវយកចិត្តទុកដាក់ប្រមូលប្រជាពលរដ្ឋរបស់យើង ដែលមិនទាន់បានចាក់ដុសជំរុញ គឺប្រមូលឲ្យពួកគាត់មកទទួលបានចាក់ដុសជំរុញ ចំណែកឯផ្នែកសុខាភិបាល ត្រូវរៀបចំឱ្យបានគ្រប់គ្រាន់នូវវ៉ាក់សាំង ដើម្បីចាក់ មិនថាវ៉ាក់សាំងប្រភេទណាទេ ប៉ុន្តែភាពបន្ទាន់របស់យើង គឺដុសជំរុញ ហើយដុសជំរុញ ត្រូវតែ ៤ខែយ៉ាងតិច បន្ទាប់ពីដុសដែលបានចាក់លើកមុន។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឲ្យប្រញាប់ប្រញាល់ ដើម្បីអនុវត្តការងារនេះ ដោយប្រមូលផ្ដុំក្រុមគ្រូពេទ្យទាំងអស់ ដើម្បីចាប់ផ្ដើមដំណើរការចាក់វ៉ាក់សាំងដុសជំរុញនេះ ដែលមកដល់ពេលនេះ យើងចាក់បានប្រមាណជិត ៤លាននាក់ ប៉ុន្តែយើងនៅប្រមាណ ១០លាននាក់ថែមទៀតដែលមិនទាន់បានចាក់នៅឡើយ ។ ដូច្នេះ សម្ដេចសូមឱ្យយកចិត្តទុកដាក់ទៅលើការដោះស្រាយបញ្ហានេះជាបន្ទាន់ ។
សម្ដេចតេជោ ហ៊ុន សែន ក៏សូមរំលឹកសារជាថ្មីចំពោះឯកឧត្តម លោកជំទាវ អភិបាលខេត្ត ក៏ដូចជាអស់លោក លោកស្រីអភិបាលស្រុក អស់លោក លោកស្រីក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏ដូចជាថ្នាក់ភូមិ ត្រូវខិតខំដើម្បីបំផុសឲ្យប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំងដុសជំរុញនេះឲ្យខាងតែបាន ដើម្បីធានាថា ប្រទេសរបស់យើងបន្តបើក ទោះបីអូមេក្រុងលុកលុយចូលក្នុងសហគមន៍ ដែលថ្ងៃនេះ គឺមាន ១០ករណីបូកបន្ថែមដោយពីម្សិល ១ករណី ថ្ងៃនេះ ៤ករណី និងមានបន្ថែមទៀត ១០ករណី គឺយើងមាន ១៤ករណីដែលចូលក្នុងសហគមន៍រួចស្រេចទៅហើយ ដូច្នេះជម្រើសដែលល្អជាងគេ គឺជម្រើសនៃការផ្ដល់នៅវ៉ាក់សាំងដុសជម្រុញឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី សង្ឃឹមថា ព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិ និងចូលរួមក្នុងយុទ្ធនាការនេះ ដើម្បីការពារនូវសុខភាពផ្ទាល់ខ្លួន ទាំងព្រះសង្ឃ ទាំងគ្រហស្ថ ហើយអាជ្ញាធរត្រូវតែធ្វើកិច្ចការងារនេះបន្ទាន់ ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍ដែលបន្ទាន់នេះ ៕
——————————–
សូមចូលរួមជាសមាជិកតេឡេក្រាម https://t.me/lorsovanney