ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបសន្ទនាជាមួយលោកបណ្ឌិត យុន យ៉ុងហូ អគ្គនាយកសហព័ន្ធសន្តិភាពសកល តាមប្រព័ន្ធវីដេអូអនឡាញ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ ២០២២ ដោយលោកបណ្ឌិត បានបង្ហាញការគាំទ្រអំពីទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់មីយ៉ាន់ម៉ា ជាពិសេស ចាត់ទុកសម្តេចតេជោ ថា មានទស្សនសន្តិភាព ។ ក្រៅពីនេះ លោកបណ្ឌិត ក៏បានស្នើសុំសម្ដេចតេជោ ហ៊ុន សែន អំពីគំនិតផ្តួចផ្តើមរៀបចំសួនមេគង្គសន្តិភាព ឱ្យមាននៅក្នុងប្រទេសកម្ពុជា ជាគំនិតផ្ដួចផ្ដើមមួយដ៏សំខាន់ ក្នុងការជំរុញឲ្យតំបន់មេគង្គមានសន្តិភាព ។
ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់អ្នកសារព័ត៌ាមនឲ្យដឹងថា លោកបណ្ឌិត យុន យ៉ុងហូ អគ្គនាយកសហព័ន្ធសន្តិភាពសកល បានជម្រាបសម្តេចតេជោ ហ៊ុន សែន ថា អង្គការសហព័ន្ធសន្តិភាពសកល (UPF) សូមវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះសម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលបានកាន់ជាប្រធានអាស៊ានឆ្នាំ២០២២ ហើយក៏ស្វាគមន៍ និងអបអរសាទរចំពោះទស្សនកិច្ចការងាររបស់សម្តេចទៅកាន់ប្រទេសមីយ៉ាន់ម៉ាដែលចាត់ទុកថា ជាទស្សនកិច្ចសន្តិភាព ហើយសូមស្វាគមន៍ និងអបអរសាទនៃសមិទ្ធផលជោគជ័យពាក់ព័ន្ធទៅនឹងការជម្រុញបទឈប់បាញ់រហូតដល់ចុងឆ្នាំ ២០២២នៅមីយ៉ាន់ម៉ា ការគាំទ្រប្រេសិតពិសេសប្រធានអាស៊ានដើម្បីមានលទ្ធភាពក្នុងការជួបជាមួយភាគីពាក់ព័ន្ធនៅប្រទេសមីយ៉ាន់ម៉ា និងអំពីការផ្ដល់ជំនួយមនុស្សធម៌ ដែលការងារនេះ អាចចាត់ទុកថា ជាផ្លែផ្កានៃដំណើរអញ្ជើញរបស់សម្តេចតេជោ ទៅកាន់មីយ៉ាន់ម៉ា។ លោកអគ្គនាយកសហព័ន្ធសន្តិភាពសកល ក៏បានគាំទ្រសម្ដេចតេជោនាយករដ្ឋមន្ត្រីថា មានទស្សនៈនូវសន្តិភាព ។
ក្នុងឱកាសនេះ លោកបណ្ឌិត យុន យ៉ុងហូ ក៏បានរាយការណ៍ជូនសម្តេចតេជោ អំពីការត្រៀមរៀបចំកិច្ចប្រជុំពិភពលោកឆ្នាំ២០២២ ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ ដោយសារតែសម្ដេចតេជោនាយករដ្ឋមន្ត្រី គឺជាសហប្រធានគណៈកម្មការរៀបចំ នៃកិច្ចប្រជុំកំពូលពិភពលោក ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ។ នៅក្នុងជំនួបនេះ លោកបណ្ឌិតអគ្គនាយកសហព័ន្ធសន្តិភាពសកល បានរាយការណ៍ជូនសម្ដេចតេជោអំពីការត្រៀមរៀបចំនៅពេលប្រជុំនេះនៅក្រោយខែកុម្ភៈ ឆ្នាំ២០២២ ដោយក្នុងនោះ គណៈកម្មការរៀបចំក៏បានអញ្ជើញលោក បាន គីមមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ ចូលរួមកិច្ចប្រជុំផងដែរ។
នៅក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២នេះ លោកបណ្ឌិត យុន យ៉ុងហូ បានជម្រាបសម្ដេចតេជោ ហ៊ុន សែន ថា បានត្រៀមលក្ខណៈរួចរាល់ហើយ ជាពិសេស នឹងមានការចូលរួមជាច្រើនភាគីពីប្រទេសកូរ៉េ និងជុំវិញពិភពលោក រួមទាំងថ្នាក់ដឹកនាំដែលកំពុងកាន់អំណាច និងអតីតថ្នាក់ដឹកនាំផងដែរ ហើយមានការចូលរួមពីបណ្ដាញ នៃប្រព័ន្ធផ្សព្វផ្សាយយ៉ាងច្រើនប្រមាណ ៣៥០០ប្រព័ន្ធ ដើម្បីចូលរួមក្នុងការផ្សព្វផ្សាយ នៃកិច្ចប្រជុំកំពូលនាពេលខាងមុខ។ លោកបណ្ឌិត បន្តថា ការចូលរួមពីបណ្ដាតំណាងប្រទេស ១៥៧ប្រទេស ដែលមានស្ថានទូតដែលប្រចាំនៅប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូង ហើយពលរដ្ឋជុំវិញពិភពលោក នឹងចូលរួមតាមប្រព័ន្ធអនឡាញ។
ក្រៅពីនេះ លោកបណ្ឌិត ក៏បានស្នើសុំសម្ដេចតេជោ ហ៊ុន សែន អំពីគំនិតផ្តួចផ្តើមរៀបចំសួនមេគង្គសន្តិភាព ឱ្យមាននៅក្នុងប្រទេសកម្ពុជា ជាគំនិតផ្ដួចផ្ដើមមួយដ៏សំខាន់ ក្នុងការជំរុញឲ្យតំបន់មេគង្គមានសន្តិភាព ។
ជាមួយគ្នានេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានឱ្យយោបល់ក្នុងកិច្ចប្រជុំសន្តិភាពពិភពលោកនេះ ជាពិសេស នៅក្នុងឧបទ្វីបកូរ៉េ ផងដែរ ហើយក្នុងន័យនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីទស្សនទានរបស់អាស៊ានស្ដីពីឥណ្ឌូប៉ាស៊ីហ្វិក ដែលត្រូវតែមានគោលការណ៍ ៣ នៅក្នុងការងារ ជាពិសេសនៅក្នុងគំនិតផ្ដួចផ្ដើមក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ ។ គោលការណ៍ ៣យ៉ាង ដែលត្រូវបានគាំទ្រមាន ទី១- ក្នុងក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិក ត្រូវតែមានគោលដៅគាំទ្រសន្តិភាព និងការអភិវឌ្ឍ, ទី២- មិនត្រូវប្រឆាំងនឹងក្រុមណា ឬប្រទេសណាឡើយ និងទី៣- គឺត្រូវតែគាំទ្រអាស៊ាន និងទស្សនទានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក។
នៅក្នុងជំនួបនេះ លោកអគ្គនាយកសហព័ន្ធសន្តិភាពសកល ក្នុងនាមលោកស្រី ហាក់ ចាហាន់មូន (Hak Ja Han Moon) សហស្ថាបនិកសហព័ន្ធសន្តិភាពសកល ក៏បានអញ្ជើញសម្ដេចចូលរួមកម្មវិធីផ្ទាល់ នៅថ្ងៃទី១២ និង១៣ ខែកុម្ភៈ ហើយសម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានឯកភាពទទួលយក នៃការអញ្ជើញនេះ ៕
——————————–
សូមចូលរួមជាសមាជិកតេឡេក្រាម https://t.me/lorsovanney