នាយករដ្ឋមន្រ្តីជប៉ុនហៅការបាញ់សាកល្បងមីស៊ីលចុងក្រោយរបស់កូរ៉េខាងជើងថា ជារឿងដ៏គួរអោយសោកស្តាយជាទីបំផុត

នាយករដ្ឋមន្រ្តីជប៉ុនលោក ហ៊្វូមីអូ គីស៊ីដា និយាយថា ខ្លួនមានអារម្មណ៍សោកស្តាយជាទីបំផុត ដែលកូរ៉េខាងជើងបាញ់សាកល្បងសាជាថ្មីទៀតនូវអ្វីដែលគេជឿជាក់ថា ជាគ្រាប់មីស៊ីលផ្លោងបាលីស្ទិក។

តូក្យូ៖ នាយករដ្ឋមន្រ្តីជប៉ុនលោក ហ៊្វូមីអូ គីស៊ីដា និយាយថា ខ្លួនមានអារម្មណ៍សោកស្តាយជាទីបំផុត ដែលកូរ៉េខាងជើងបាញ់សាកល្បងសាជាថ្មីទៀតនូវអ្វីដែលគេជឿជាក់ថា ជាគ្រាប់មីស៊ីលផ្លោងបាលីស្ទិក។

លោក គីស៊ីដា បានថ្លែងបែបនេះទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃអង្គារនេះ។ លោកបន្តថា ការបាញ់សាកល្បងមីស៊ីលចុងក្រោយនេះ បានកើតមានឡើងបន្ទាប់ពីសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏គ្រោងនឹងរៀបចំកិច្ចប្រជុំមួយ ដើម្បីពិភាក្សាអំពីវិធីដោះស្រាយបញ្ហាមីស៊ីលដែលកូរ៉េខាងជើងបានបាញ់សាកល្បងកាលពីថ្ងៃទី ០៥ ខែមករាកន្លងទៅផងដែរ។ លោក គីស៊ីដា បន្ថែមថា រដ្ឋាភិបាល​កំពុង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន និង​ការតាម​ដាន​របស់​ខ្លួន ដោយលោកបានណែនាំមន្ត្រីអោយខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីប្រមូល និងវិភាគព័ត៌មាន ក៏ដូចជា​ផ្តល់​ព័ត៌មាន​នោះ​ដល់​សាធារណជន​អោយ​បាន​លឿន និង​ត្រឹមត្រូវ។

បើតាមយោធាកូរ៉េខាងត្បូង និងឆ្មាំ​សមុទ្រ​ជប៉ុន​ ​កូរ៉េ​ខាង​ជើង​បាន​បាញ់​នូវ​អ្វី​ដែលគេជឿជាក់ថា ជា​មីស៊ីល​បាលីស្ទិក នៅក្នុង​ថ្ងៃ​អង្គារ៍នេះ ដែលវា​​​ជា​ការ​បាញ់សាកល្បង​លើក​ទី​២ហើយ ​ក្នុង​រយៈ​ពេល​មិន​ដល់​មួយ​សប្តាហ៍​ផង ក្រោយ​មេ​ដឹក​នាំ​ប្រទេស​នេះ​ជំរុញ​អោយ​យោធា​បង្កើន​សមត្ថភាពបន្ថែម​ទៀត។ កង​កម្លាំង​យោធា​កូរ៉េ​ខាងត្បូងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មីស៊ីលដែលគេសង្ស័យថា ជាមីស៊ីលបាលីស្ទិកត្រូវបានបាញ់នៅចន្លោះម៉ោង ៧៖២៧នាទីព្រឹកថ្ងៃអង្គារ៍នេះ (ម៉ោងក្នុងតំបន់) ចេញពី​តំបន់​ទឹក​ដី​កូរ៉េ​ខាង​ជើង​ឆ្ពោះ​ទៅ​ដែនទឹកភាគ​ខាង​កើត​ឆ្នេរ​សមុទ្រប្រទេសរបស់ខ្លួន៕

——————————–

សូមចូលរួមជាសមាជិកតេឡេក្រាម https://t.me/lorsovanney

Leave a Reply