សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិត ជូនលោកស្រីជាភរិយាលោក Yukio Imagawa ដែលជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដែលបានទទួលមរណភាពកាលពីពេលថ្មីៗនេះ។ នេះបើយោងតាមសារលិខិតចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ ដែលទីភ្នាក់ងារសារព័ត៌មានកម្ពុជា ទទួលបាននៅថ្ងៃនេះ។
នៅក្នុងសារលិខិតរបស់សម្តេចតេជោ បានបញ្ជាក់ថា ៖ “ខ្ញុំ និងភរិយាមានការសោកស្ដាយជាខ្លាំងដែលបាទទួលដំណឹងថា លោក Yukio Imagawa បានទទួលមរណភាពហើយ។ យើងខ្ញុំទាំងពីរសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះលោកជំទាវ និងក្រុមគ្រួសារ ចំពោះការបាត់បង់ដ៏ធំធេងនេះ ហើយសូមបួងសួងឱ្យវិញ្ញាណក្ខន្ធលោក Yukio Imagawa បានទៅកាន់សុគតិភព”។
សម្តេចតេជោ បានគូសបញ្ជាក់នៅក្នុងសារលិខិតផងដែរថា លោកឯកអគ្គរដ្ឋទូត Yukio Imagawa គឺជាមិត្តពិតប្រាកដរបស់កម្ពុជា ហើយត្រូវបានគោរព និងស្រឡាញ់យ៉ាងជ្រាលជ្រៅកាលលោកនៅធ្វើជាឯកអគ្គរាជទូតនៅកម្ពុជា។ លោកបានលះបង់ពេលវេលាចំនួន ៣៩ឆ្នាំនៃជីវិតរបស់លោក ដើម្បីលើកកម្ពស់ទំនាក់ទំនងស្និទ្ធស្នាលរវាងជប៉ុន និងកម្ពុជា ហើយបានរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព ស្ថិរភាព និងវឌ្ឍនភាពសេដ្ឋកិច្ចសង្គមនៅកម្ពុជា។
សូមបញ្ជាក់ថា លោក Yukio Imagawa ត្រូវបានចាត់បញ្ជូនមករាជធានីភ្នំពេញ កាលពីសម័យសង្គមរាស្រ្តនិយមក្នុងឋានៈជាសិក្ខាកាមភាសាខ្មែរនៅឆ្នាំ១៩៥៧ ហើយបានបម្រើការងារនៅទីនេះរហូតដល់ឆ្នាំ១៩៦៥។ នៅក្នុងឆ្នាំ១៩៩២ គឺបន្ទាប់ពីមានការបើកដំណើរការស្ថានទូតជប៉ុនឡើងវិញ លោកត្រូវបានរដ្ឋាភិបាលជប៉ុន ចាត់តាំងឱ្យមកធ្វើជាឯកអគ្គរាជទូតទី១ ប្រចាំនៅកម្ពុជា។ លោក Yukio Imagawa បានទទួលមរណភាពកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ នៅប្រទេសជប៉ុន៕
——————————–
សូមចូលរួមជាសមាជិកតេឡេក្រាម https://t.me/lorsovanney