កំពង់ចាម ៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បាន ណែនាំ ដល់មន្ត្រីនៃ មន្ទីរកសិកម្ម ត្រូវត្រៀមលក្ខណៈ និងសម្ភារទុកជាមុនសម្រាប់ចុះជួយអន្តរាគមន៍ ពេលមានគ្រោះធម្មជាតិកើតឡើង ជាពិសេសគ្រោះខ្វះទឹក ព្រមទាំងសហការល្អជាមួយអជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការផ្សព្វផ្សាយដល់កសិករ ឲ្យចេះគ្រប់គ្រងទឹក ដោយលើកភ្លឺ លើកទំនប់ទប់ស្កាត់ និងស្តុកទឹកទុកការពារគ្រោះខ្វះទឹកជាយថាហេតុ ។ ការថ្លែង យ៉ាង ដូច្នេះ ក្នុង កិច្ចប្រជុំ បូកសរុប លទ្ធផល ការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម នារសៀល ថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២ ។
ក្នុង កិច្ចប្រជុំ នោះដែរ ឯកឧត្តមអភិបាលខេត្ត បានជំរុញ ដល់ មន្ត្រីជំនាញ ឲ្យ បន្តចុះអនុវត្ត និងតាមដានការអនុវត្ត របស់ប្រជាកសិករ ព្រមទាំងផ្តល់ប្រឹក្សាបច្ចេកទេសសមស្រប ឲ្យបានទាន់ពេលវេលា និង អប់រំផ្សព្វផ្សាយពីវិធានបច្ចេកទេស នៃការប្រើប្រាស់ថ្នាំកសិកម្ម និងជីកសិកម្ម ព្រមទាំងវិធានសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ សំដៅឲ្យការដាំដុះទទួលបានទិន្នផលខ្ពស់ស្របតាមតំរូវការទីផ្សារ ក្រៅពីនោះ ត្រូវចុះសិក្សាវាយតម្លៃ និងស្វែងរកទីផ្សារដើម្បីជួយដល់ប្រជាកសិករ ជៀងវាងការក្រឡុកតម្លៃពីសំណាក់ឈ្មួញកណ្តាល ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំ ដល់ ថ្នាក់ដឹកនាំ មន្ទីរកសិកម្ម ឲ្យសហការជាមួយមន្ត្រីជំនាញ និងអាជ្ញាធរក្រុង-ស្រុក ត្រូវកំណត់ផ្ទៃដីបឹង ដីរដ្ឋរក្សាទុក ហេីយត្រូវបោះបង្គោលព្រំ និងចុះបញ្ជីឲ្យបានត្រឹមត្រូវ ព្រមទាំង ពិនិត្យលទ្ធភាពក្នុងការសិក្សាប្រភេទដីជូនប្រជាពលរដ្ឋ ហេីយត្រូវខិតខំបណ្តុះកូនឈើសម្រាប់ដាំ និងចែកចាយជូនប្រជាពលរដ្ឋ ដេីម្បីយកទៅដាំនៅតាមលំនៅដ្ឋាន និងផ្លូវសាធារណៈផងដែរ ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បាន ជំរុញ មន្ត្រី ជំនាញ ឲ្យ ធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជានេសាទទាំងក្នុង និងក្រៅសហគមន៍នេសាទឲ្យយល់ជ្រួតជ្រាបពីសារៈប្រយោជន៍នៃការគ្រប់គ្រងធនធានជលផលក្នុងដែននេសាទសហគមន៍ ហេីយ ត្រូវចុះត្រួតពិនិត្យទប់ស្កាត់បទល្មើសនេសាទគ្រប់ប្រភេទពិសេសនៅតំបន់អភិរក្សជលផល លេីសពីនេះ ត្រូវបណ្តុះបណ្តាលបច្ចេកទេសផលិតកូនត្រីពូជ ដល់កសិករថ្មី ដែលបានជ្រើសរើស និង បន្តចុះផ្សព្វផ្សាយ ដល់វារីវប្បករទូទៅ ស្តីពីការគ្រប់គ្រងការចិញ្ចឹមត្រីរ៉ស់ និងត្រីឆ្តោ ដេីម្បី លេីកស្ទួយដល់ការនាំចេញ ៕
————————————–
ចូលរួមជាសមាជិក តេឡេក្រាម https://t.me/lorsovanney