ប្រធានបទអំពីប្រាក់បៀវត្ស៍ផុលផុសឡើងក្នុងបណ្ដាញសង្គមរបស់ចិនក្រោយបុគ្គលិកម្នាក់នៃរដ្ឋបាលក្រុង Hangzhou នៃខេត្ត Zhejiang សរសេរបង្ហោះពីក្ដីព្រួយបារម្ភ បន្ទាប់ពីប្រាក់បំណាច់ឆ្នាំរបស់នាងត្រូវបានកាត់បន្ថយដល់ទៅចំនួន ២៥ ភាគរយ ស្មើរនឹង ៥ ០០០០ យន់ ឬជាង ៧ ៨០០ ដុល្លារ។
ប៉ុន្តែការកាត់បន្ថយប្រាក់បំណាច់ឆ្នាំនោះ មិនមែនជាប្រធានបទក្ដៅដែលអ្នកប្រើប្រាស់បណ្ដាញសង្គមលើកមកនិយាយនោះទេ ដោយមនុស្សភាគច្រើនភ្ញាក់ផ្អើលនឹងការលាតត្រដាងដែលថា បុគ្គលិកដែលមិនបម្រើការងារជាអភិបាលក្រុងក៏មានប្រាក់បំណាច់ឆ្នាំរហូតដល់ ២០០ ០០០ យន់ (ជាង ៣១ ០០០ ដុល្លារ)។ ចំនួននេះ គឺច្រើនជាងប្រាក់បំណាច់ឆ្នាំរបស់បុគ្គលិកធម្មតានៅក្រុមហ៊ុនឯកជនខ្នាតតូច និងមធ្យមក្នុងខេត្ត Zhejiang រួមទាំងមន្ត្រីរាជការធម្មតានៅក្នុងខេត្តផ្សេងទៀតផងដែរ។
លោក Katsuji Nakazawa អ្នកនិពន្ធវិចារណកថាសរសេរក្នុងអត្ថបទវិភាគរបស់លោកចុះផ្សាយដោយកាសែត Nikkei Asia ថា ប្រទេសចិនមិនមានការប្រកាសជាផ្លូវការណាមួយ ធ្វើឡើងអំពីការកាត់បន្ថយប្រាក់ឈ្នួលរបស់មន្ត្រីសាធារណៈទេ ទោះបីការបង្ហោះស្ដីពីការកាត់ប្រាក់ឈ្នួលត្រូវបានអាជ្ញាធរចេញវិធានការលុបចោលរួចហើយក្ដី។ ប៉ុន្តែការកាត់ប្រាក់ឈ្នួលយ៉ាងច្រើនប្រហាក់ប្រហែលគ្នានេះ ក៏មាននៅក្នុងតំបន់សម្បូរសប្បាយមួយចំនួនដូចជាខេត្ត Guangdong ខេត្ត Jiangsu ក្រុង Shanghai និងក្រុង Tianjin ផងដែរ។
នៅប្រទេសចិន ប្រាក់ឈ្នួលមន្ត្រីរាជការត្រូវបានបែងចែកជាពីរផ្នែក។ មួយគឺប្រាក់ឈ្នួលគោល ដែលកំណត់ដោយបទដ្ឋានជាតិ និងមួយទៀតគឺប្រាក់ខែ និងអត្ថប្រយោជន៍សុខុមាលភាពផ្អែកលើគុណសម្បត្តិ។ ប្រាក់រង្វាន់លើកទឹកចិត្ត និងឧបត្ថម្ភធនផ្សេងៗ រួមទាំងប្រាក់ដែលទាក់ទងនឹងការដឹកជញ្ជូន និងលំនៅដ្ឋាន គឺជាផ្នែកនៃប្រាក់ឈ្នួល និងអត្ថប្រយោជន៍សុខុមាលភាពផ្អែកលើគុណសម្បត្តិ។
ទោះយ៉ាងណាក្ដី ប្រាក់លើកទឹកចិត្តផ្សេងៗចន្លោះពី ៤៤០ ដុល្លារ ទៅ ៨៣០ ដុល្លារក្នុងមួយខែ នឹងត្រូវកាត់ចេញនៅក្នុងទីក្រុង Hangzhou ប៉ុន្តែប្រាក់ឈ្នួលគោលនឹងមិនត្រូវបានកាត់នោះទេ ដែលធ្វើឱ្យការបញ្ចេញមតិជាសាធារណៈអំពីការខកចិត្តមិនសូវជាខ្លាំង ដូចនឹងការភ្ញាក់ផ្អើលលើប្រធានបទប្រាក់បំណាច់ឆ្នាំច្រើនរបស់ស្រ្តីដែលសរសេរលើបណ្ដាញសង្គម។ នេះបើតាមការសរសេររបស់លោក Nakazawa ។ បុគ្គលិកសាធារណៈហាក់ដូចជារំពឹងថា ប្រសិនបើសេដ្ឋកិច្ចកើនឡើង នោះប្រាក់ឈ្នួលគោលរបស់ពួកគេនឹងត្រូវបានដំឡើង។
លោក Sun Liping សាស្ត្រាចារ្យសង្គមវិទ្យានៅសកលវិទ្យាល័យ Tsinghua ធ្វើការវិភាគពីស្ថានភាពបច្ចុប្បន្ននៅចិនដោយលើកឡើងពីការកាត់បន្ថយប្រាក់ឈ្នួលរបស់មន្ត្រីសាធារណៈ បញ្ហាពន្ធលើអចលនទ្រព្យ និងការក្លែងបន្លំពន្ធនៅក្រុង Bazhou ខេត្ត Hebei ដោយប្រៀបវាទៅនឹងការដួលរលំនៃសេដ្ឋកិច្ចពពុះហ្គូណូ(Guano)នៅប្រទេសប៉េរូក្នុងសតវត្សរ៍ទី១៩។
ហ្គូណូដែលជាប្រភេទលាមកសត្វស្លាបដូចជាប្រជៀវ ត្រូវបានជីកយកក្នុងបរិមាណយ៉ាងច្រើនពីកោះផ្សេងៗរបស់ប៉េរូ ហើយនាំចេញទៅអឺរ៉ុប។ ប្រាក់ចំណេញដ៏ច្រើនដែលទាញយកពីការធ្វើពាណិជ្ជកម្មហ្គូណូ ធ្វើឱ្យសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសង្គមរបស់ប៉េរូ រីកចម្រើនយ៉ាងឆាប់រហ័ស។
ស្របពេលបែបនេះ ចំនួនមន្រ្តីសាធារណៈរបស់ប៉េរូក៏កើនចំនួន ហើយការចំណាយរបស់រដ្ឋាភិបាលក៏ដូចគ្នា។ ទីបំផុត ហ្គូណូក៏អស់ ប៉ុន្តែរដ្ឋាភិបាលមិនអាចកាត់បន្ថយចំនួនមន្ត្រីរាជការបានលឿននោះទេ ហើយគម្រោងហេដ្ឋារចនាសម្ព័ន្ធក៏ត្រូវការថវិកាបន្ថែមទៀត។ ជាលទ្ធផល ហិរញ្ញវត្ថុរបស់ប្រទេសប៉េរូបានដួលរលំ ហើយរដ្ឋាភិបាលគ្មានជម្រើសអ្វីក្រៅពីការយកពន្ធច្រើននោះទេ។
លោក Sun និយាយថា អ្វីដែលកំពុងកើតឡើងនៅប្រទេសចិនមិនខុសពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះនោះទេ។ នៅពេលដែលតម្លៃលំនៅដ្ឋានឡើងថ្លៃ រដ្ឋាភិបាលតាមតំបន់អាចរកចំណូលបានយ៉ាងច្រើនគ្រប់ពេលដែលពួកគេចង់បាន ដោយលក់សិទ្ធិប្រើប្រាស់ដីរដ្ឋឱ្យអ្នកអភិវឌ្ឍន៍អចលនទ្រព្យ។ រដ្ឋាភិបាលមូលដ្ឋានពឹងផ្អែកលើប្រាក់ចំណូលពីដីដើម្បីបង្កើនចំនួនបុគ្គលិក បង្កើនប្រាក់ឈ្នួល និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ ប៉ុន្តែល្បែងបែបនេះកំពុងតែរលំ ព្រោះវាឈានដល់ទីបញ្ចប់នៃការទាញយកប្រយោជន៍បាត់ទៅហើយ។
ដោយសារវិបត្តិបំណុលរបស់ក្រុមហ៊ុនអចលនៈទ្រព្យធំមួយរបស់ចិនគឺក្រុមហ៊ុន Evergrande គំរូនៃការអភិវឌ្ឍន៍ការពង្រីកដ៏វិសេសវិសាលក៏ត្រូវចប់។ នេះហើយជាមូលហេតុដែលធ្វើឱ្យមានការកាត់បន្ថយប្រាក់ឈ្នួលរបស់មន្ត្រីសាធារណៈនៅខេត្ត Zhejiang ហើយចិនក៏ត្រូវបង្ខំពិចារណាដាក់ពន្ធលើអចលនទ្រព្យ។
ថ្លែងក្នុងកិច្ចប្រជុំប្រតិបត្តិនៃក្រុមប្រឹក្សារដ្ឋ គណៈរដ្ឋមន្ត្រីរបស់ចិនកាលពីខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រី Li Keqiang បានសង្កត់ធ្ងន់លើតម្រូវការកាត់បន្ថយការចំណាយធម្មតារបស់រដ្ឋាភិបាលឱ្យបានត្រឹមត្រូវ និងប្រើប្រាស់មូលនិធិដែលបានរក្សាទុកដើម្បីដោះស្រាយបញ្ហាលំបាកទាក់ទងនឹងជីវភាពរស់នៅរបស់ប្រជាជន។
លោក Nakazawa សរសេរថា ទាំងរដ្ឋាភិបាលថ្នាក់កណ្តាល និងក្នុងមូលដ្ឋានរបស់ចិន មិនអាចមានលទ្ធភាពកាត់បន្ថយយ៉ាងខ្លាំងលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធបានទេ ព្រោះវាជាសសរស្តម្ភនៃវិធានការជំរុញសេដ្ឋកិច្ចរបស់ខ្លួន។ ក្នុងកាលៈទេសៈបែបនេះ ពួកគេលែងមានលទ្ធភាពប្រើប្រាស់លុយដើម្បីកែលម្អលក្ខខណ្ឌការងាររបស់មន្ត្រីសាធារណៈដោយយកប្រាក់ឈ្នួល និងអត្ថប្រយោជន៍សុខុមាលភាពផ្អែកលើគុណសម្បត្តិទៀតហើយ។
ប្រភពចិនមួយព្យាករថា វិធានការកាត់ប្រាក់ឈ្នួលមិនត្រឹមតែមានចំពោះមន្ត្រីរាជការប៉ុណ្ណោះទេ ប៉ុន្តែនឹងធ្វើចំពោះកម្មករទាំងអស់ក្នុងវិស័យសាធារណៈទូទាំងប្រទេស។
លោក Nakazawa ដដែលសរសេរថា នៅប្រទេសចិន មន្ត្រីរាជការសាធារណៈ និងអ្នកបម្រើការសាធារណៈផ្សេងទៀតដែលទទួលប្រាក់ឈ្នួលពីរដ្ឋ គឺជាស្នូលនៃសង្គម។ ប្រសិនបើប្រាក់ចំណូលរបស់ពួកគេធ្លាក់ចុះច្រើន នោះពួកគេទំនងជាមិនសូវមានឆន្ទៈក្នុងការចំណាយ។ ការផ្លាស់ប្តូរបរិយាកាសជុំវិញមន្ត្រីរាជការសាធារណៈបែបនេះ ក៏នឹងក្លាយជាបញ្ហាធំមួយលើសេដ្ឋកិច្ចចិននៅឆ្នាំ ២០២២ ខណៈដែលប្រទេសនេះបន្តនូវកំណើននៃស្ថិរភាពសេដ្ឋកិច្ចរបស់ខ្លួន។