ភ្នំពេញៈ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ឯកឧត្តម កុយ គួង បានបញ្ជាក់ថា ដំណើរទស្សនកិច្ចជាផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាទៅកាន់ប្រទេសមីយ៉ាន់ម៉ា គឺពុំមានអ្វីប្រែប្រួលនោះទេ។ រដ្ឋាភិបាលមីយ៉ាន់ម៉ាបានធានា សុវត្ថិភាព ជូនសម្តេចតេជោ ហ៊ុន សែន ។បច្ចុប្បន្ននេះអាជ្ញាធរសន្តិសុខនៃប្រទេសមីយ៉ាន់ម៉ា បានបង្កើនកិច្ចការពារសន្តិសុខ សុវត្ថិភាពដល់អគារស្ថានទូតកម្ពុជា ការពារសន្តិសុខសុវត្ថិភាពជូន ដល់មន្ត្រីស្ថានទូតកម្ពុជាក៏ដូចជាបង្កើនកិច្ចការពារសន្តិសុខដល់គេហដ្ឋានមន្ត្រីស្ថានទូតកម្ពុជានៅប្រទេសមីយ៉ាន់ម៉ាផងដែរ។អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ឯកឧត្តម កុយ គួង។
ឯកឧត្តមបានបញ្ជាក់នៅល្ងាចថ្ងៃទី៣ខែមករាថាកាលពីថ្ងៃទី៣១ខែធ្នូឆ្នាំ២០២១ មានករណីបំផ្ទុះគ្រាប់បែកនៅក្បែរស្ថានទូតកម្ពុជាប្រចាំនៅប្រទេសមីយ៉ាន់ម៉ាប៉ុន្តែមិនបណ្តាលឲ្យមន្ត្រីស្ថានទូតកម្ពុជាណាម្នាក់រងរបួសនោះទេ។ចំណែកអាជ្ញាធរមីយ៉ាន់ម៉ាបានពង្រឹងសន្តិសុខកាន់តែខ្លាំងឡើង គឺទាំងស្ថានទូត និងផ្ទះមន្ត្រីទូតកម្ពុជាស្នាក់នៅទាំងអស់។
ការបំផ្ទុះគ្រាប់បែកនេះបានធ្វើឡើងខណៈពេលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាគ្រោងនឹង អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ារយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី៧-៨ មករា ឆ្នាំ២០២២ខាងមុខនេះតបតាមការអញ្ជើញរបស់លោកប្រធានក្រុមប្រឹក្សារដ្ឋនិងជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
គួររំលឹកថា កាលរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១កន្លងទៅឯកឧត្តម កុយ គួង ធ្លាប់បានប្រាប់ AMS នៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ថា ករណីផ្ទុះនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ នៅ ចន្លោះពីម៉ោង១០ទៅម៉ោង១០:៣០។ខាងមន្ត្រីទូតកម្ពុជាបានឮសូរផ្ទុះ។គឺផ្ទុះទី១ដោយពិនិត្យមើលទៅចម្ងាយពីរបងស្ថានទូតប្រហែលជា ១០០ម៉ែត្រ និងសំឡេងផ្ទុះទី២ មានចម្ងាយពីរបងស្ថានទូតប្រហែល ១៥០ម៉ែត្រ។
តាមការបញ្ជាក់របស់អាជ្ញាធរមីយ៉ាន់ម៉ាគេពិនិត្យមើលទៅ គឺជាគ្រាប់បែកកែច្នៃ គ្រាន់តែវាធ្វើឲ្យឮសូរសំឡេងខ្លាំងៗ និងមិនមានផលប៉ះពាល់ដល់អ្នកណាទាំងអស់។
ដោយឡែកនៅថ្ងៃនេះអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា “មកដល់ពេលនេះ មន្ត្រីទូតយើងនៅតែបំពេញការងារជាប្រក្រតី ។ខាងភាគីអាជ្ញាធរមីយ៉ាន់ម៉ាគេកាន់តែពង្រឹងសន្តិសុខកាន់តែខ្លាំងឡើង ទាំងស្ថានទូតនិងផ្ទះមន្ត្រីទូតកម្ពុជាស្នាក់នៅ ទាំងអស់ គឺអាជ្ញាធរមីយ៉ាន់ម៉ា គេយកចិត្តទុកដាក់ខ្ពស់”៕
——————————-
សូមចូលរួមជាសមាជិកតេឡេក្រាម ដើម្បីទទួលបានព័ត៌មានថ្មីៗhttps://t.me/lorsovanney