ប្រធានអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា វ៉ារ៉្យង់ទាំង ២ រួមមាន វ៉ារ៉្យង់ដែលតា និងអូមីក្រុង កំពុងជំរុញឱ្យមានរលកយក្សកូវីដ ដ៏គ្រោះថ្នាក់។ នេះបើតាមឱ្យដឹងពីលោកអគ្គនាយកអង្គការសុខភាពពិភពលោកគឺលោក Tedros Adhanom Ghebreyesus ក្រោយករណីឆ្លងកាន់តែកើនឡើងនៅ សហរដ្ឋអាមេរិក និងប្រទេសនានានៅទូទាំងទ្វីបអឺរ៉ុប។
លោកអគ្គនាយកអង្គការសុខាភាពពិភពលោក Tedros បានព្រមានថា វ៉ារ៉្យង់ទាំងពីរគឺជា “ការគំរាមកំហែងភ្លោះ” ហើយក៏នឹងបន្តដាក់សម្ពាធយ៉ាងសម្បើមលើបុគ្គលិកសុខាភិបាល ដែលកំពុងតែហត់នឿយស្រាប់ ក៏ដូចជាប្រព័ន្ធសុខាភិបាល ដែលកំពុងតែមមាញឹកខ្លាំងស្រាប់ផងដែរ។
វេជ្ជបណ្ឌិត Anthony Fauci អ្នកជំនាញខាងជំងឺឆ្លងកំពូលរបស់អាមេរិក បានប្រាប់សារព័ត៌មាន CNN ថា៖ «វ៉ារ៉្យង់អូមីក្រុង ទំនងជានឹងឈានដល់កម្រិតខ្ពស់បំផុតនៅចុងខែមករានៅសហរដ្ឋអាមេរិក ដោយសារទំហំប្រជាជន និងអត្រានៃការចាក់វ៉ាក់សាំង»។
ប្រទេសអ្នកមានជាច្រើន បានបើកដំណើរការជំរុញឱ្យមានការចែកចាយដូសជំនួយ រួមទាំងចក្រភពអង់គ្លេស ដែលប្រជាជនជាង ៥៧% មានអាយុលើសពី ១២ ឆ្នាំ ទទួលបានដូសជំនួយរួចហើយ។
ទោះជាយ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិត Tedros បានប្រាប់អ្នកយកព័ត៌មានថា៖ «យុទ្ធនាការជំរុញឱ្យមានការចែកចាយដូសជំនួយទ្រង់ទ្រាយធំរបស់ប្រទេសអ្នកមានគឺ “ទំនងជានឹងអូសបន្លាយជំងឺរាតត្បាត” ជាជាងបញ្ឃប់វា ដោយសារពួកគេបានបង្វែរការផ្គត់ផ្គង់ពីប្រទេសក្រីក្រ និងមិនសូវមានវ៉ាក់សាំង ទៅឱ្យប្រទេស ដែលសម្បូរវ៉ាក់សាំងហើយទៅវិញ ដែលនេះអាចនឹងផ្ដល់ឱកាសដល់មេរោគឱ្យកាន់តែរីករាលដាល និងវិវត្តន៍ជាវ៉ារ៉្យង់ថ្មីៗបន្ថែមទៀត»។
——————
សូមចូលរួមជាសមាជិកតេឡេក្រាម https://t.me/lorsovanney