ភ្នំពេញ ៖ អតីតនិស្សិតថ្នាក់បណ្ឌិតមួយក្រុមដែលបានបញ្ចប់ការសិក្សានៅក្រៅប្រទេស បានទាមទារឱ្យទណ្ឌិត សម រង្ស៊ី ដែលជាអ្នកនយោបាយចាស់វង្សាធ្វើការសុំទោសជាសាធារណៈចំពោះការលើកឡើងដែលគ្មានភស្តុតាង និងបានធ្វើការវាយតម្លៃបែបបង្អាប់ពីគុណភាពសញ្ញាបត្រសិក្សានៅក្រៅប្រទេសរបស់និស្សិតកម្ពុជាថា ជាសញ្ញាបត្រប្រភេទទីពីរ ឬសញ្ញាបត្រយោគយល់។
យោងតាមលិខិតចំហរបស់អតីតនិស្សិតថ្នាក់បណ្ឌិតដែលបានបញ្ចប់ការសិក្សានៅក្រៅប្រទេសនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ បានសម្តែងនូវការសោកស្តាយជាពន់ពេកចំពោះអ្នកនយោបាយចាស់វស្សាមួយរូប ដែលបានធ្វើការវាយតម្លៃបែបបង្អាប់ពីគុណភាពសញ្ញាបត្រសិក្សានៅក្រៅប្រទេសរបស់និស្សិតកម្ពុជាថា ជាសញ្ញាបត្រប្រភេទទីពីរ ឬសញ្ញាបត្រយោគយល់។
នៅក្នុងលិខិតចំហដែលឈ្មោះ និងមានចុះហត្ថលេខាផងបានបញ្ជាក់ថា ការថ្លែងជាសាធារណៈរបស់អ្នកនយោបាយខាងលើនេះ ពិតជាបានប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងការមិនទទួលស្គាល់នូវការខិតខំប្រឹងប្រែងរបស់យើងខ្ញុំដែលបានជម្នះរាល់ឧបសគ្គនានា ដើម្បីទទួលបានជោគជ័យក្នុងការសិក្សា។ លើសពីនេះ ការថ្លែងបែបនេះ ពិតជាបានប៉ះពាល់ដល់គុណភាពអប់រំនៃគ្រឹះស្ថានឧត្តមសិក្សានានានៅក្រៅប្រទេសដែលយើងខ្ញុំបានសិក្សាក្រេបយកចំណេះដឹងផងដែរ។ ជាមួយគ្នានេះ អតីតនិស្សិតថ្នាក់បណ្ឌិតដែលបានបញ្ចប់ការសិក្សានៅក្រៅប្រទេសទាំងអស់គ្នា សូមស្នើសុំអ្នកនយោបាយចាស់វង្សាខាងលើ ធ្វើការកែតម្រូវ និងសុំទោសជាសាធារណៈ ចំពោះការលើកឡើងដែលគ្មានភស្តុតាង និងទំនួលខុសត្រូវពីគុណភាពអប់រំដែលពួកគេទទួលបាននៅក្រៅប្រទេស ដើម្បីបង្ហាញពីគំរូវីរភាពដល់អ្នកដឹកនាំជំនាន់ក្រោយ។ ទន្ទឹមនេះ សូមប្រកាសគាំទ្រចំពោះសារឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានលើកឡើងនៅលើទំព័របណ្ដាញសង្គមហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ស្នើអ្នកនយោបាយខាងលើបញ្ជាក់ពីអំណះអំណាងដើម្បីផ្ដល់ភាពយុត្តិធម៌ដល់និស្សិតដែលបានបញ្ចប់ការសិក្សានៅក្រៅប្រទស។
គួររំលឹកថា នៅលើបណ្តាញសង្គមកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសរសេរថា កាលពីថ្ងៃទី ២៨ ខែកញ្ញា ២០១៩ នៅទីក្រុងឡុងប៊ិចលោក សម រង្ស៊ី ធ្លាប់បាននិយាយមើលងាយថា សញ្ញាបត្ររបស់លោកពីសាលាបណ្ឌិតសភាយោធាអាមេរិក(United States Military Academy ឬហៅកាត់ថា West Point) ជាសញ្ញាបត្រកម្រិត២ ដែលផ្ដល់ឱ្យជាកិត្តិយសម្រាប់និស្សិតនាយទាហានបរទេសដែលរៀនក្រោមស្តង់ដារ។ ដើម្បីការពារនូវកិត្តិយស និងសេចក្តីថ្លៃថ្នូរបស់លោក ក៏ដូចជារបស់និស្សិតនាយទាហានខ្មែរជាច្រើនរូបដែលកំពុងសិក្សានិងដែលបានបញ្ចប់ការសិក្សានៅសាលា West Point និងសាលាបណ្ឌិតសភាផ្សេងទៀតរបស់សហរដ្ឋអាមេរិក និងនៅតាមប្រទេសនានាលើសកលលោក លោកបានទាមទារឱ្យលោក សម រង្ស៊ី ធ្វើការបង្ហាញនូវភស្តុតាងដើម្បីការពារនូវពាក្យសំដីក្នុងចេតនាមាក់ងាយរបស់គាត់ តាមរយៈការភ្នាល់គ្នា។ ឯកឧត្តមបានបន្តថា ជាការឆ្លើយតបនៅពេលនោះលោក សម រង្ស៊ី មិនត្រឹមតែមិនហ៊ានធ្វើការភ្នាល់នោះទេ ប៉ុន្តែបែរជាបង្វែរប្រធានបទ ហើយព្រមទាំងលើកឡើងថា “មិនចាំបាច់ទៅស្បថស្បែ ឬភ្នាល់គ្នាដូចកូនក្មេងទេ”។
ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “អ្វីដែលខ្ញុំស្មានមិនដល់ គឺអ្នកនយោបាយចាស់វស្សាម្នាក់នេះ មិនត្រឹមតែខ្វះភាពក្លាហានដើម្បីការពារអំណះអំណាងរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែបែរជាគាត់ នៅតែបន្តវាយប្រហាខ្ញុំរឿងសញ្ញាប័ត្រ “ប្រភេទ២” ឬ “សញ្ញាប័ត្រយោគយល់” ដដែលៗ ហើយព្រមទាំងវាយប្រហារ មាក់ងាយ ទៅលើនិស្សិតខ្មែរជាច្រើននាក់ទៀតដែលរៀននៅក្រៅប្រទេស ដោយថាសាកលវិទ្យាល័យបរទេសផ្ដល់សញ្ញាបត្រក្លែងក្លាយ ឬសញ្ញាប័ត្រយោគយល់ ឱ្យនិស្សិតទាំងនោះ។ ប្រហែលជាបងប្អូននិស្សិតខ្មែរដែលធ្លាប់បានសិក្សា ឬកំពុងសិក្សានៅក្រៅប្រទេសទាំងអស់យល់ច្បាស់ហើយថា តើបងប្អូនត្រូវខិតខំប្រឹងប្រែងយ៉ាងណាខ្លះ ទម្រាំបានទទួលសញ្ញាបត្របញ្ចប់ការសិក្សាពីបណ្តាសាលានៅក្រៅប្រទេស”។
ឯកឧត្តមបានលើកឡើងថា ជាថ្មីម្ដងទៀតដើម្បីជាការការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់លោក ក្នុងនាមជានិស្សិតម្នាក់ដែលបានបញ្ចប់ការសិក្សានៅក្រៅប្រទេស (និងដើម្បីជាតំណាងអោយនិស្សិតខ្មែរទាំងអស់ដែលរៀននៅក្រៅប្រទេសដែលត្រូវលោកសម រង្សី មើលងាយ) លោកសូមបបួលលោក សម រង្ស៊ី ធ្វើការភ្នាល់គ្នាម្ដងទៀត ហើយសង្ឃឹមថា លោក សម រង្ស៊ី នឹងមិនប្រើយុទ្ធសាស្ត្រមាន់ត្រចៀកសម្ដងទៀតទេ (មាន់ត្រចៀកស គឺវាយគេពីក្រោយខ្នង ដល់គេបកមកវាយតបវិញ រត់គេចបាត់។ ដល់ពេលគេដើរចេញ គឺវាចាប់ផ្តើមដេញវាយគេពីក្រោយខ្នងទៀត)។
លក្ខណ្ឌនៃការភ្នាល់÷
ខ្ញុំបានរៀននៅបណ្ឌិតសភាយោធាអាមេរិក (West Point) ថ្នាក់បរិញ្ញាបត្រ, នៅសាកលវិទ្យាល័យញូវយ៉ក (New York University) ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងនៅសាកលវិទ្យាល័យប្រ៊ីសស្តុល (Bristol University) នៅចក្រភពអង់គ្លេស ថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ច។
បើសិនជាលោក សម រង្ស៊ី អាចឱ្យសាលាទាំងបីនេះបញ្ជាក់ថា ហ៊ុន ម៉ាណែត កាលនៅរៀនទីនោះគឺគ្មានសមត្ថភាព ឬរៀនក្រោមស្តង់ដារបស់សាលា ហើយសាលាបានផ្ដល់សញ្ញាបត្រឱ្យ ហ៊ុន ម៉ាណែត ដែលជាសញ្ញាបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់ ខ្ញុំនឹងលាលែងពីបេក្ខភាពជានាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជន។ ផ្ទុយទៅវិញបើលោក សម រង្ស៊ី មិនអាចឱ្យសាលាបញ្ជាក់ជាផ្លូវការថា សញ្ញាប័ត្រដែលសាលាទាំងនោះផ្តល់ឱ្យ ហ៊ុន ម៉ាណែត ជាសញ្ញាបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់ទេនោះ សូមលោកសម រង្ស៊ី លាឈប់ពីឆាកនយោបាយចាប់ពីពេលនេះតទៅ។ ករណីលោក សម រង្ស៊ី ឯកភាព ដើម្បីឱ្យមានតម្លាភាពក្នុងការបញ្ជាក់នេះ យើងអាចរៀបចំក្រុមការងារចម្រុះមួយ ដែលរួមមានភាគីខាងលោក សម រង្ស៊ី និងភាគីខាងខ្ញុំ ដើម្បីទំនាក់ទំនងសុំការបំភ្លឺពីសាលាទាំងបីដែលខ្ញុំធ្លាប់រៀន។ បន្ថែមលើនេះ យើងក៏អាចឱ្យក្រុមការងាររបស់វិទ្យុអាស៊ីសេរី, VOA, RFI,…,។ល។ ទៅយកពត៌មានផ្ទាល់តែម្តង កុំឱ្យលោកបារម្ភថា រាជរដ្ឋាភិបាលកម្ពុជាដាក់សម្ពាធទៅលើសាលាទាំងបីនោះមិនឱ្យបញ្ជាក់ការពិត។
តើលោក សម រង្ស៊ី ហ៊ានភ្នាល់ជាមួយខ្ញុំទេ?
ខ្ញុំសង្ឃឹមថាលោក សម រង្សី នឹងមិនចេញសារដូចលើកមុន ដែលសុំមិនចាំបាច់ទៅស្បថស្បែ ឬភ្នាល់គ្នាដូចកូនក្មេង។ ព្រោះកូនក្មេងម្នាក់នេះលែងជឿអ្នកនយោបាយចាស់វស្សាដែលនិយាយបាតដៃខ្នងដៃ ឬប្រើយុទ្ធសាស្ត្រមាន់ត្រចៀកសទៀតហើយ។ ខ្ញុំសង្ឃឹមថាអ្នកនយោបាយចាស់វស្សាដូចលោក សម រង្ស៊ី ប្រាកដជាមានភាពហានក្លា ក្នុងការការពារនូវអំណះអំណាងរបស់ខ្លួន ដែលបានលើកឡើងជាសាធារណៈម្តងហើយម្តងទៀត ដើម្បីវាយប្រហារក្មេងជំនាន់ក្រោយដូចជារូបខ្ញុំ។ លោក សម រង្ស៊ី បានវាយប្រហារឪពុករបស់ខ្ញុំជាច្រើនទស្សវត្សហើយ ប៉ុន្តែទៅមុខមិនរួច។ ឥឡូវបែរមកវាយប្រហារលើខ្ញុំដែលជាក្មេងជំនាន់ក្រោយទៅវិញ។ បើលោកជ្រុលជាធ្វើអ៊ីចឹងទៅហើយ សូមលោកបង្ហាញភាពក្លាហានផងទៅ កុំឱ្យក្មេងមើលស្រាលថាមនុស្សចាស់វស្សាតែគ្មានភាពហានក្លាក្នុងការទទួលខុសត្រូវចំពោះអ្វីដែលខ្លួនបាននិយាយឬធ្វើ។ ណាមួយលោកមានអាយុច្រើនជាងឪពុកខ្ញុំផង គួរកុំឱ្យខូចឈ្មោះ នៅចំពោះមុខក្មេងជំនាន់ក្រោយ។
ជាសីលធម៌ និងគុណធម៌ក្នុងការរស់នៅ ខ្ញុំតែងតែគោរពមនុស្សចាស់ទុំ។ ប៉ុន្តែបើមនុស្សដែលមានវ័យចំណាស់ អាងតែមានអាយុច្រើនហើយ ធ្វើការងារគ្មានការទទួលខុសត្រូវ ជាពិសេសធ្វើការវាយប្រហារដោយគ្មានមូលដ្ឋានមកលើរូបខ្ញុំ នោះខ្ញុំគ្មានជម្រើសអ្វីក្រៅពីការការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្ញុំទេ។ សូមកុំចោទថា ខ្ញុំមិនស្គាល់ចាស់ទុំ៕
——————————-
សូមចូលរួមជាសមាជិកតេឡេក្រាម ដើម្បីទទួលបានព័ត៌មានថ្មីៗhttps://t.me/lorsovanney