សេអ៊ូល៖ មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន នៅសប្តាហ៍នេះបានបើកកិច្ចសំខាន់មួយរបស់គណបក្សកាន់អំណាច ជាវេទិកាមួយដែលកន្លងមកលោកធ្លាប់បានប្រើសំរាប់ការប្រកាសគោលនយោបាយឆ្នាំថ្មី។
ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េKCNAបានរាយការណ៍កាលពីថ្ងៃអង្គារថា សម័យប្រជុំពេញអង្គលើកទី៤របស់គណៈកម្មាធិការមជ្ឈិមបក្សកម្មករកូរ៉េ(WPK)បានចាប់ផ្តើមកាលពីថ្ងៃចន្ទ ។
ជំនួបរបស់មន្ត្រីបក្សនិងរដ្ឋាភិបាលកូរ៉េខាងជើង ត្រូវបានរៀបចំឡើងនៅពេលកូរ៉េខាងជើងខិតខំតស៊ូជម្នះវិបត្តិសេដ្ឋកិច្ចកាន់តែផុងជ្រៅឡើង បង្កឡើងដោយការបិទខ្ទប់ប្រឆាំងជំងឺឆ្លង ទណ្ឌកម្មអន្តរជាតិដោយសារកម្មវិធីនុយគ្លេអ៊ែរ បូករួមទាំងគ្រោះមហន្តរាយធម្មជាតិ។
វាក៏កើតឡើងចំពេលកូរ៉េខាងជើងប្រារព្វខួបទី១០ការដែលលោកគីមកាន់តំណែងជាអគ្គមេបញ្ជាការកងទ័ពក្រោយមរណភាពឪពុករបស់លោក នៅឆ្នាំ២០១១។
របាយការណ៍បាននិយាយថា« សម័យប្រជុំពេញអង្គនេះត្រូវពិនិត្យមើលឡើងវិញការអនុវត្តគោលនយោបាយធំៗរបស់បក្សនិងរដ្ឋសំរាប់ឆ្នាំ២០២១។វាក៏នឹងពិភាក្សានិងសំរេចគោលនយោបាយយុទ្ធសាស្ត្រនិងកលយុទ្ធ ព្រមទាំងជំហានអនុវត្តសំរាប់«ដឹកនាំការតស៊ូរបស់បក្សនិងប្រជាជនយើងប្រកបដោយថាមភាពក្នុងយុគថ្មីមួយនៃការអភិវឌ្ឍសង្គមនិយមឆ្ពោះទៅកាន់ដំណាក់កាលជោគជ័យបន្ទាប់»។
កន្លងមកពេលជិតចូលឆ្នាំថ្មី លោកគីមតែងប្រកាសគោលនយោបាយធំៗ រួមមាននៅឆ្នាំ២០១៨នៅពេលលោកប្រកាសបំណងបញ្ជូនគណៈប្រតិភូមួយទៅកាន់អូឡាំពិករដូវរងារនៅកូរ៉េខាងត្បូងនិងនៅឆ្នាំ២០១៩ នៅពេលលោកបានពិភាក្សាអំពីបំណងបន្តកិច្ចពិភាក្សាជាមួយប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ។
NK Newsគេហទំព័រសារព័ត៌មាននៅកូរ៉េខាងត្បូង ដែលតាមដានសភាពការណ៍នៅកូរ៉េខាងជើងបាននិយាយថា «លោកគីម បានប្រើសុន្ទរកថាចុងឆ្នាំដើម្បីបង្ហាញកាយវិការាក់ទាក់ជាមួយអាម៉េរិកនិងកូរ៉េខាងត្បូង តែក៏បង្ហាញការប្តេជ្ញាចិត្តអភិវឌ្ឍនុយគ្លេអ៊ែរនិងផែនការយោធាផងដែរ»។
កូរ៉េខាងជើងបាននិយាយថា ខ្លួនបើកចំហសំរាប់កិច្ចពិភាក្សាជាមួយអាម៉េរិកនិងកូរ៉េខាងត្បូង តែទាល់តែរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងសេអ៊ូលចាត់វិធានការបញ្ចប់គោលនយោបាយអរិភាព ដូចជាដកទណ្ឌកម្មនិងបញ្ឈប់ការធ្វើសមយុទ្ធយោធា៕
——————————-
សូមចូលរួមជាសមាជិកតេឡេក្រាម ដើម្បីទទួលបានព័ត៌មានថ្មីៗ https://t.me/lorsovanney