រាជធានីភ្នំពេញ៖ក្រសួងអប់រំយុវជន និង កីឡាបានឱ្យដឹងថាចំនួនបេក្ខជនអវត្តមានក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅបាក់ឌុបនៅថ្ងៃទី១មានចំនួនសរុប៤២២៤នាក់ (ស្រី១៧៩៤នាក់) ត្រូវជា៣,៧ ភាគរយ ។
បើតាមក្រសួងអប់រំបានឲ្យដឹងនៅល្ងាចថ្ងៃទី២៧ធ្នូនេះថាថ្ងៃទី១ នៃការប្រឡងសញ្ញាបត្របាក់ឌុប សម័យប្រឡង៖ ២៧ ធ្នូ ២០២១ បានបញ្ចប់ទៅដោយជោគជ័យ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ ដោយបេក្ខជនបានគោរពតាមបទប្បញ្ញត្តិដែលដាក់ចេញដោយក្រសួងអប់រំ យុវជន និងកីឡា។
ទោះបីយ៉ាងណាក្រសួងអប់រំបានឱ្យដឹងដែរថាចំពោះបេក្ខជនប្រឡងនៅតាមមណ្ឌលប្រឡងមួយចំនួនតូច មានបញ្ហាសុខភាពនៅក្នុងអំឡុងពេលដំណើរការសំណេរនាថ្ងៃដំបូងនេះ។ បញ្ហាសុខភាពរបស់បេក្ខជន រួមមានអាការៈវិលមុខ ខ្យល់គរ ក្អួត និងបានទទួលការជួយសង្គ្រោះបឋម ពីសំណាក់ក្រុមគ្រូពេទ្យប្រចាំការ នៅតាមមណ្ឌលប្រឡង ដើម្បីអាចត្រឡប់ចូលរួមបន្តការប្រឡងបាន។
ក្រសួងបានបញ្ជាក់បន្ថែមថាបេក្ខជនមានបញ្ហាសុខភាព ចំនួន ២៩ករណី ក្នុងនោះបេក្ខជនមានជំងឺកូវីដ-១៩ ដែលជាកីឡាការិនី ចំនួន ២នាក់ បេក្ខជនមានកម្តៅលើសធម្មតា ដែលត្រូវដាក់អោយប្រឡងនៅបន្ទប់ដាច់ដោយឡែកចំនួន៧នាក់ និងបេក្ខជនមានបញ្ហាសុខភាពដ៏ទៃទៀតចំនួន២០នាក់។ បេក្ខជនដែលមានបញ្ហាសុខភាព និងវិជ្ជមានជំងឺកូវីដ-១៩ អាចបន្តការប្រឡងរហូតដល់ចប់ ក្រោមការយកចិត្តទុកដាក់ពីគណៈមេប្រយោគ ភ្នាក់ងារសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ។ នៅក្នុងដំណើរការប្រឡងនាថ្ងៃទី១ នេះក៏មានគណៈមេប្រយោគចំនួន២នាក់ ផងដែរដែលមានបញ្ហាសុខភាព។
ក្រសួងឲ្យដឹងដែរថាបេក្ខជនប្រឡងឆ្នាំនេះ មានចំនួន១១៤ ១៨៣នាក់ ស្រី៦០៣៩៧នាក់ មាន ២០៤ មណ្ឌល ៤៦១៦ បន្ទប់ ។ ចំនួនបេក្ខជនអវត្តមានថ្ងៃនេះមានចំនួន៤២២៤នាក់ (ស្រី១៧៩៤នាក់) ត្រូវជាភាគរយ៣,៧ ភាគរយ។ សម្រាប់ការប្រឡងនាថ្ងៃទី១នេះ ថ្នាក់វិទ្យាសាស្ដ្របានប្រឡងមុខវិជ្ជាប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា និងភាសាបរទេស ចំណែកឯបេក្ខជនថ្នាក់វិទ្យាសាស្ដ្រសង្គមបានប្រឡងមុខវិជ្ជាផែនដី និងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា និងភាសាបរទេស។
ក្រសួងថានៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ បេក្ខជនអនុវត្តតាមបទប្បញ្ញត្តិ វិធានសុខភាពនិងសុវត្ថិភាព និងសេចក្ដីណែនាំប្រតិបត្តិនានា របស់ក្រសួងអប់រំ យុវជន និងកីឡា គ្មានការយកសំណៅឯកសារ ឬឧបករណ៍អេឡិចត្រូនិក ចូលក្នុងមណ្ឌល និងបន្ទប់ប្រឡងឡើយ។ បេក្ខជនទាំងអស់បានអនុវត្តយ៉ាងល្អ និងខិតខំប្រឹងប្រែង ក្នុងការធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន។
ជាមួយគ្នានោះដែរគណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មាការកណ្ដាល គណៈកម្មាការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស មានការចិត្តយកទុកដាក់បំពេញភារកិច្ច ប្រកបដោយទំនួលខុសត្រូវខ្ពស់ ដោយមានការចូលរួមសហការពី អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ៕
——————
សូមចូលរួមជាសមាជិកតេឡេក្រាម https://t.me/lorsovanney