ក្នុង១ខែ រាជរដ្ឋាភិបាលចំណាយជាង៣០លានដុល្លារ សម្រាប់ពលរដ្ឋរងគ្រោះដោយសារវិបត្តិកូវីដ១៩

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា ក្នុងពេលវិបត្តិជំងឺកូវីដ១៩ រាជរដ្ឋាភិបាលទទួលបន្ទុកចិញ្ចឹមប្រជាពលរដ្ឋ ក្នុងនោះមួយខែ ត្រូវចំណាយថវិកាជាង៣០លានដុល្លារ ខណៈដែលពលរដ្ឋទទួលរងនូវការប៉ះពាល់ជីវភាពដោយសារវិបត្តិនេះមានជិត៣លាននាក់។

រាជធានីភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា ក្នុងពេលវិបត្តិជំងឺកូវីដ១៩ រាជរដ្ឋាភិបាលទទួលបន្ទុកចិញ្ចឹមប្រជាពលរដ្ឋ ក្នុងនោះមួយខែ ត្រូវចំណាយថវិកាជាង៣០លានដុល្លារ ខណៈដែលពលរដ្ឋទទួលរងនូវការប៉ះពាល់ជីវភាពដោយសារវិបត្តិនេះមានជិត៣លាននាក់។

សម្ដេចបានអះអាងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីម្សិលមិញ។

សម្ដេចតេជោបន្តថា ថវិកាដែលយកទៅប្រើប្រាស់ដើម្បីចិញ្ចឹមប្រជាពលរដ្ឋ នៅក្នុងពេលវិបត្តិកូវីដ១៩នេះ គឺជាថវិកាដែលរាជរដ្ឋាភិបាលកម្ពុជា បានសន្សំទុក។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា “យើងត្រូវទទួលបន្ទុកចិញ្ចឹមប្រជាពលរដ្ឋរបស់យើង ជិត៣លាននាក់ ដែលមួយខែយើងចំណាយប្រមាណ ជាង៣០លានដុល្លារ មិនទាន់គិតដល់អ្វីដែលយើងត្រូវផ្ដល់ជូននៅតាមមន្ទីរពេទ្យនានា”។

សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានឲ្យដឹងដែរថា ក្នុងឆ្នាំ២០២១នេះ ចំណូលពន្ធដារ និងគយ មានទឹកប្រាក់ជាង៤ពាន់លានដុល្លារ ខណៈចំណូលនេះធ្លាក់ច្រើនបើធៀប មុនពេលមិនទាន់មានកូវីដ១៩ តែអាចជួយឲ្យកម្ពុជាគ្រប់គ្រងស្ថានភាពចំណាយបាន ដោយសារតែរាជរដ្ឋាភិបាលមានការគ្រប់គ្រងថវិកាបានត្រឹមត្រូវ ដែលសម្ដេចហៅថា ការគ្រប់គ្រងសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា មិនមែនជា «មាយាទស្ត្រីខ្ជិលធ្លុះ» នោះឡើយ៕

Leave a Reply