ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំងរបស់រុស្ស៊ីលោក ឌីមីទ្រី ប៉េស្កូវ បាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីអាមេរិកលោក ចូ បៃដិន ដែលបានជួបគ្នាតាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី០៧ ខែធ្នូកន្លងទៅនេះ ក៏អាចនឹងជួបពិភាក្សាគ្នាម្ដងទៀតផងដែរ នៅមុនឆ្នាំថ្មីចូលមកដល់ បើទោះជាភាគីទាំងពីរ មិនទាន់សម្រេចបានកិច្ចព្រមព្រៀងណាមួយស្ដីពីវិបត្តិអ៊ុយក្រែន។
ស្របពេលជាមួយគ្នានេះ ខាងភាគីរុស្ស៊ីក៏បានអះអាងដែរថា ត្រៀមខ្លួនជាស្រេចដើម្បីបញ្ជូនអ្នកតំណាងឱ្យទៅចូលរួមក្នុងកិច្ចចរចាជាមួយសហរដ្ឋអាមេរិក ស្ដីពី ការធានាសន្តិសុខដែលទីក្រុងម៉ូស្គូកំពុងស្វែងរក ក្នុងចេតនាបន្ធូរបន្ថយវិបត្តិពាក់ព័ន្ធនឹងអ៊ុយក្រែន។ បើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ រីយ៉ាបកូវ នឹងត្រៀមខ្លួនគ្រប់ពេលវេលា ដើម្បីចូលរួមក្នុងកិច្ចប្រជុំ ដែលរៀបចំឡើងនៅឯប្រទេសអព្យាក្រឹតណាមួយ។
សូមជម្រាបថា សហរដ្ឋអាមេរិក-អ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ី ជុំវិញការដាក់ពង្រាយកងទ័ពច្រើនជាង ៩ម៉ឺននាក់នៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន ហើយទំនងជាការត្រៀមលក្ខណៈចូលឈ្លានពាន។ ប៉ុន្តែរុស្ស៊ីបានទាត់ចោលការចោទប្រកាន់នេះ ហើយអះអាងថា ខ្លួនទៅវិញទេដែលកំពុងរងការគំរាមកំហែងពីអង្គការណាតូ និងអ៊ុយក្រែន ដែលចង់ចូលជាសមាជិកបក្សសម្ពន្ធយោធាអាត្លង់ទិចមួយនេះ និងលទ្ធភាពដែលអាចទៅរួចដែលអង្គការណាតូនឹងចាប់ផ្តើមដាក់ពង្រាយមីស៊ីលប្រឆាំងនឹងរុស្ស៊ីនៅលើទឹកដីប្រទេសអ៊ុយក្រែន៕