ភ្នំពេញៈ ជប៉ុនប្រកាសផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ប្រមាណ ៣០ ម៉ឺនដូសបន្ថែមទៀតដល់កម្ពុជា ដែលនឹងត្រូវដឹកជញ្ជូនមកដល់កម្ពុជានៅថ្ងៃទី ១៩ ធ្នូ ក្រោមការរៀបចំភ័ស្តុភារដោយ COVAX Facility និងគាំទ្រដោយអង្គការយូនីសេហ្វ និងអង្គការសុខភាពពិភពលោក។
វ៉ាក់សាំងដែលត្រូវបានផ្ដល់អាជ្ញាប័ណ្ណផលិតក្នុងប្រទេសជប៉ុន ប្រមាណ ៣០ ម៉ឺនដូសនេះ គឺជាការបន្ថែមពីលើវ៉ាក់សាំងប្រមាណ ១ លានដូសដែលរដ្ឋាភិបាលជប៉ុនបានផ្តល់ដល់កម្ពុជារួចហើយ។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ថ្លែងនាថ្ងៃទី ១៦ ធ្នូ ថា៖ «ការសម្រេចនេះ ធ្វើឡើងស្របតាមចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជា។ ខ្ញុំសង្ឃឹមថា ជំនួយនេះនឹងរួមចំណែកបន្ថែមទៀត ដល់ជំហានឆ្ពោះទៅរកការងើបឡើងវិញនៃសង្គម និងសេដ្ឋកិច្ចក៏ដូចជាកាត់បន្ថយការព្រួយបារម្ភមួយចំនួនរបស់ប្រជាជនកម្ពុជា»។