ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានផ្ញើសាររំលែកទុក្ខជូនប្រជាជនសហរដ្ឋអាមេរិកដែលទទួលរងគ្រោះដោយការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារខ្យល់ព្យុះកំបុតត្បូង។
ខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជាមានសេចក្ដីសោកសង្រេងយ៉ាងខ្លាំង ពេលបានទទួលដំណឹងពីការបាត់បង់ជីវិតមនុស្សជាច្រើននាក់ និងការខូចខាតទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ ដែលបង្កឡើងដោយខ្យល់ព្យុះកំបុតត្បូងដ៏សាហាវ ដែលវាយប្រហារមកលើរដ្ឋមួយចំនួននៅភាគខាងលិច និងខាងត្បូងនៃសហរដ្ឋអាមេរិក។ ស្ថិតក្នុងគ្រាដ៏សែនសោកសៅ និងលំបាកនេះ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមចូលរួមរំលែកទុក្ខដោយស្មោះស្ម័គ្រជាមួយប្រជាជនអាមេរិក និងសូមសម្តែងសេចក្ដីទុក្ខដ៏សែនក្រៀមក្រំ និងក្តីអាណិតអាសូរ ជូនចំពោះក្រុមគ្រួសារទាំងឡាយ ដែលបានបាត់បង់មនុស្សជាទីស្រលាញ់របស់ពួកគេ និងសូមបួងសួងឱ្យជនរងគ្រោះជាច្រើនផ្សេងទៀតដែលកំពុងបាត់ខ្លួនមានសុវត្ថិភាពគ្រប់ៗគ្នា៕