ព្រុចសែល៖ អគ្គលេខាធិការអង្គការណាតូលោក ជែនស៍ ស្តូលធិនប៊ឺក ថ្លែងអះអាងថា អង្គការណាតូមិនមានគម្រោងដាក់ពង្រាយគ្រាប់មីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែររយៈចម្ងាយមធ្យមនៅតំបន់អឺរ៉ុបនោះឡើយ។
ការថ្លែងបែបនេះរបស់លោក ជែនស៍ ស្តូលធិនប៊ឺក ត្រូវបានធ្វើឡើងជាការឆ្លើយតបទៅនឹងអះអាងអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ រីយ៉ាបកូវ ថ្លែងថា ការជាប់គាំងទាំងផ្នែកនយោបាយ និងការទូត គឺមានតែជំរុញឲ្យរុស្ស៊ីឆ្លើយតបដោយមធ្យោបាយយោធា និងបច្ចេកវិទ្យាផ្នែកយោធាប៉ុណ្ណោះ… រឿងគឺបែបនេះ វានឹងក្លាយជាការប្រឈមមុខដាក់គ្នា… វានឹងកើតឡើងនៅដំណាក់កាលបន្ទាប់។ ប្រមុខអង្គការណាតូរូបនេះបានបញ្ជាក់ទៅកាន់អ្នកយកព័ត៌មាននៅក្នុងទីក្រុងព្រុចសែល ថា រុស្ស៊ីទៅវិញទេ ទើបជាអ្នកដែលបានរំលោភទៅលើសន្ធិសញ្ញា INF នាប៉ុន្មានឆ្នាំមកនេះ ដោយការដាក់ពង្រាយគ្រាប់មីស៊ីលរយៈចម្ងាយមធ្យម ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរថ្មីៗនៅតំបន់អឺរ៉ុប។ សន្ធិសញ្ញា INF ដែលលោក ស្តូលធិនប៊ឺក និយាយខាងលើនេះ គឺត្រូវបានចុះហត្ថលេខាបង្កើតឡើងកាលពីឆ្នាំ១៩៨៧ រវាងមេដឹកនាំសហភាពសូវៀតលោក មីខែល ហ្គ័របាឆូវ និងប្រធានាធិបតីអាមេរិកលោក រ៉ូណាល់ រីហ្គែន។
INF បានហាមឃាត់វត្តមានមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែររយៈចម្ងាយមធ្យម ៥០០ដល់ ៥,៥០០គីឡូម៉ែត្រនៅក្នុងតំបន់អឺរ៉ុប។ សន្ធិសញ្ញានេះបានផុតកំណត់កាលពីឆ្នាំ២០១៩រួចទៅហើយ ប៉ុន្តែពេលនេះភាគីពាក់ព័ន្ធទាំងឡាយកំពុងសម្លឹងរកមើលការបន្តវាជាថ្មីឡើងវិញ ចំពេលស្ថានការណ៍រវាងរុស្ស៉ី និងលោកខាងលិចកំពុងតែតានតឹងខ្លាំង៕