ប៉ៃលិន៖ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអគារមជ្ឈមណ្ឌលប្រមូលផ្តុំកសិផល (Collecting Center) របស់គម្រោងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធននឹងអាកាសធាតុ ស្ថិតនៅភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ អគារ ដែលសម្ពោធដាក់អោយប្រើប្រាស់នាពេលនេះ គឺជាសមិទ្ធផលថ្មីមួយ និងជាសម្បត្តិរួមសម្រាប់ បម្រើសេវាលក់ដូរកសិផលង របស់បងប្អូនប្រជាពលរដ្ឋទូទៅនៅក្នុងខេត្ត ព្រមទាំង ចែករំលែកនូវបទពិសោធន៍ថ្មី និង ការផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដោយបានកំណត់គោលដៅយ៉ាងច្បាស់ ក្នុងការជួយ ដល់កសិករ ក្រីក្រខ្នាតតូចសរុបទូទាំងខេត្ត ចំនួន ១៤៩៤គ្រួសារ តាមរយៈការកែលម្អ ផលិត ភាព កសិកម្ម និងបង្កើនភាពធន នៃការប្រកបមុខរបរកសិកម្ម ឲ្យបន្ស៊ំាទៅនឹងការប្រែប្រូលអាកាសធាតុ ដើម្បីជម្រុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន និងកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោយបាយរបស់រដ្ឋាភិបាលកម្ពុជា។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ឱ្យដឹងថា៖ ក្នុងដំណាក់កាលការទប់ស្កាត់ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានផ្តល់ថវិកាឧបត្ថម្ភ និងជម្រុញឱ្យបងប្អូនប្រជាពលរដ្ឋ ខិតខំចិញ្ចឹមសត្វ និងដាំដំណាំតាមគេហដ្ឋាន តាមរយៈការជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងពូជ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជួយដោះស្រាយ បញ្ហាខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើឡើង។
ក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់កសិករផលិតទាំងអស់ ដើម្បីសម្រេចគោលដៅខាងលើនេះ គឺត្រូវសហការគ្នាជាក្រុមបណ្តុំ និងរៀបចំផែនការផលិតអោយបានច្បាស់លាស់ ទៅតាមរដូវកាល និងទីផ្សារ ដោយអនុវត្តបច្ចេកទេសទំនើប និងការប្រើប្រាស់ធាតុចូលកសិកម្មសមស្រប ជាពិសេសបងប្អូនកសិករយើង ត្រូវតែមានឆន្ទៈចូលរួមគិត ចូលរួមធ្វើ និងចូលរួមទទួលផល ក្នុងនោះត្រូវធ្វើការវិនិយោគទាំងពេលវេលា និង ធនធានផ្ទាល់ជាមួយកម្មវិធី។
បើតាមរបាយការណ៍របស់លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មខេត្ត ប៉ៃលិន បាន អោយ ដឹងថា៖ អគារមជ្ឈមណ្ឌលប្រមូលផ្តុំកសិផល (Collecting Center) របស់គម្រោងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធននឹងអាកាសធាតុ គឺមាន ទំហំ ៥ម X ៧ម ដោយមានចំនួន ៣ទីតាំង ដោយទីតាំងទី១-ស្ថិតនៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ, ទីតាំង ទី ២-ស្ថិតនៅភូមិភ្នំកុយ ឃុំសាលាក្រៅ និងទីតាំងទី៣-ស្ថិតនៅភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដែលបានដាក់សម្ពោធអោយប្រើប្រាស់ជាផ្លូវការនាពេលនេះ។