រតនគិរី ៖ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខេត្តរតនគិរីបានរៀបចំកិច្ចប្រជុំ ពិភាក្សា និងវាយតម្លៃអចលនទ្រព្យសម្រាប់ជាមូលដ្ឋានគិតពន្ធប្រថាប់ត្រា នៅខេត្តរតនគិរី ។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្ត អាគារC ក្រោមអធិបតីភាពឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី និងមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត អភិបាលក្រុងស្រុក ប្រធានមន្ទីរនិងមន្រ្ដីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ ។
ថ្លែងក្នុងការបើកកិច្ចប្រជុំនាឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានមានប្រសាសន៍ថាកិច្ចប្រជុំនាឱកាសនេះ ដើម្បីពិនិត្យ ពិភាក្សា វាយតម្លៃ និងផ្ដល់ជាមតិយោបល់កែតម្រូវទាំងអស់គ្នា សម្រាប់ជាមូលដ្ឋានគិតពន្ធប្រថាប់ត្រា ក្នុងខេត្តរតនគិរី អោយកាន់តែមានភាពត្រឹមត្រូវ និងតម្លៃសមស្របសម្រាប់ម្ចាស់អចលនទ្រព្យ ។
ក្នុងកិច្ចប្រជុំនេះមន្រ្ដីជំនាញពន្ធដារបានធ្វើបទបង្ហាញស្ដីពីការបែងចែកភូមិសាស្រ្ដ និងតម្លៃថ្មី ក៏ដូចជាបន្ថែមទីតាំងមួយចំនួនដែលមិនទាន់មានដាក់តម្លៃ នៃការគិតពន្ធប្រថាប់ត្រា លើអចលនទ្រព្យ តាមភូមិសាស្រ្ដមួយចំនួន ទាំងក្នុងក្រុងបានលុង និងតាមស្រុកនីមួយៗ ជូនអង្គប្រជុំពិនិត្យ ពិភាក្សា និងកែតម្រូវ។
ឯកឧត្តម អភិបាលខេត្តក៏បានផ្ដល់អនុសាសន៍ឱ្យមន្ដ្រីជំនាញ និងអភិបាលក្រុងស្រុកពាក់ព័ន្ធត្រូវពិភាក្សា និងវាយតម្លៃអោយបានម៉ត់ចត់ទៅលើតម្លៃនីមួយៗ ដើម្បីធ្វើយ៉ាងណា អោយមានភាពសមស្របសម្រាប់ម្ចាស់អចលនទ្រព្យ ក៏ដូចជាសមស្របសម្រាប់រដ្ឋ និងដើម្បីធ្វើអោយការប្រមូលពន្ធមានប្រសិទ្ធិភាពបន្ថែមទៀត ៕