ឯកឧត្តម ញ៉ែម សំអឿន អញ្ជើញពិនិត្យមើលវឌ្ឍនភាព ការស្ថាបនាផ្លូវជាតិលេខ៧៨-៥ ប្រវែងជាង ១គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧៨

នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានចុះពិនិត្យមើលវឌ្ឍនភាព ការស្ថាបនាផ្លូវជាតិលេខ៧៨-៥ តភ្ជាប់ពីផ្លូវជាតិលេខ៧៨ ចាប់ពីចំណុច ផ្លូវបែកជា៤កែងការ៉ាស់សាំងតូតាល់ រហូតដល់ទួលបឹងកំសាន្តស្ថិតក្នុងភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង ។

រតនគិរី ៖ នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានចុះពិនិត្យមើលវឌ្ឍនភាព ការស្ថាបនាផ្លូវជាតិលេខ៧៨-៥ តភ្ជាប់ពីផ្លូវជាតិលេខ៧៨ ចាប់ពីចំណុច ផ្លូវបែកជា៤កែងការ៉ាស់សាំងតូតាល់ រហូតដល់ទួលបឹងកំសាន្តស្ថិតក្នុងភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង ។

លោក សាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តរតនគិរីបានលើកឡើងថា ផ្លូវជាតិលេខ៧៨-៥ ដែលក្រុមការងារមន្ទីរស្ថាបនានេះជាគម្រោងរបស់ក្រសួងសាធារណការជាប្រភេទDBSTមានប្រវែង ១,៦៥០ម៉ែត្រនិងទទឹង១៤ម៉ែត្រ ដោយមានការណែនាំពី ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នោះក្រុមការងាររបស់មន្ទីរបានពន្លឿនការស្ថាបនា ធានាគុណភាព បំពាក់បរិក្ខារគំនូសផ្លូវឲ្យបានរហ័សទាន់ពេលវេលា ។

លោក សាយ សាមាន បន្តថាក្រុមការងារគ្រោងនឹងបញ្ចប់ការដ្ឋានខាងលើនេះ ឲ្យរួចរាល់ជាស្ថាពរនៅខែធ្នូចុងឆ្នាំ២០២១ ហើយផ្លូវជាតិលេខ៧៨-៥ តភ្ជាប់រហូតដល់តំបន់កន្ទុយនាគដែលមានប្រវែង១៩១គីឡូម៉ែត្រ ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានលើកឡើងថាបន្ទាប់ពីស្ថាបនាកំណាត់ផ្លូវជាតិលេខ៧៨-៥រួចរាល់នោះ ឯកឧត្តមនឹងជម្រុញឲ្យក្រុមការងារស្ថាបនាផ្លូវជាច្រើនខ្សែទៀតដោយតភ្ជាប់ពីផ្លូវជាតិលេខ៧៨-៥ទៅស្រុកអូរជុំ,ស្រុកតាវែង,ស្រុកវ៉ឺនសៃ។ ក្នុងនោះប្រភេទDBSTតភ្ជាប់ពីរង្វង់មូលយក្សឡោម ដល់មាត់បឹងយក្សឡោម, ប្រភេទACចាប់ពីផ្សារបានលុងរហូតដល់ផ្លូវឯកឧត្តមព្រឹទ្ធាចារ្យ ប៊ូ ថង និងចាក់បេតុងផ្លូវព័ទ្ធជុំវិញផ្សារបានលុង, ផ្លូវជុំវិញបឹងកន្សែង ឲ្យបានរួចរាល់មុនចូលឆ្នាំប្រពៃណីខ្មែរខាងមុខ ដើម្បីបង្កើនសោភ័ណភាពទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្តភូមិភាគឦសាន្តនៃខេត្តរតនគិរីយើងស្របពេលដែលរាជរដ្ឋាភិបាលបើកអោយដំណើរការសេដ្ឋកិច្ចនឹងទេសចរណ៍ឡើងវិញ ៕ 

Leave a Reply