ក្រុងព្រះសីហនុ៖ ដោយសារមានអ្នកវិភាគមួយចំនួន តែងតែហៅសកម្មភាពរបស់សម្តេចថាជាការពង្រឹងអំណាចនោះ សម្តេចតេជោបានឆ្លើយតបថា «OK! វាមិនដែលនរណាកាន់អំណាចហើយមិនពង្រឹងអំណាចទេ និយាយឱ្យច្បាស់ម្តង! ខ្ញុំមិនធ្វើសត្រូវជាមួយអំណាចទេ!»។ សម្តេចតេជោ ហ៊ុន សែន ថ្លែងដូចនេះនៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ និងសមិទ្ធផលនានា ក្នុងក្រុងព្រះសីហនុ ដែលចំណាយថវិកាជាតិសម្រាប់សាងសង់សរុបប្រមាណ ៣០០លានដុល្លារអាមេរិក។
សម្តេចតេជោបានចោទជាសំណួរទៅអ្នកវិភាគ ដែលលោកតែងហៅថាល្ងង់ទូថា «ចុះបើកាន់អំណាចយើងបែរជាគ្មានអំណាច សួរថាកាន់ធ្វើអ្វី? ឧទាហរណ៍ ខ្ញុំបញ្ជារទៅទន្លេសាប បើរឹងទទឹងវៃខ្នោះភ្លាមអត់មានរញេរញ៉ៃទេ ឥឡូវលឺថាចុះហត្ថលេខាប្រគល់ដី។ នេះជាអំណាច!»។ សម្តេចបានបញ្ជាក់បន្តថា «អ្នកឯងថាអីថាទៅ អ្នកឯងកាន់តែថា ខ្ញុំកាន់តែពង្រឹងអំណាច»។
គ្រប់សកម្មភាពរបស់នាយករដ្ឋមន្ត្រីរូបនេះ សូម្បីតែយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ជូនដល់ប្រជាពលរដ្ឋ ក៏ត្រូវបានអ្នកវិភាគទាំងនោះហៅថាជាការពង្រឹងអំណាច ជាការឆ្លើយតប សម្តេចតេជោបានលើកឡើងថា «សូម្បីចាក់វ៉ាក់សាំងក៏ដើម្បីអំណាច បើចាក់វ៉ាក់សាំងទៅប្រជាជនគាត់ស្រលាញ់ គាត់ថាអាហ្នឹងផលប្រយោជន៍ការពារជីវិតគាត់បាន គាត់បោះឆ្នោតឱ្យទៀត អាហ្នឹងវាជាការពង្រឹងអំណាច វាជាការធម្មតា»។
សម្តេចតេជោ បានហៅអ្នកវិភាគដែលតាំងខ្លួនជាបណ្ឌិត ថាជាបណ្ឌិតផេះ ដោយលោកបានពន្យល់ថា «ដើរសួរទៅ ប្រធានាធិបតី នាយករដ្ឋមន្ត្រី លើពិភពលោក តើមានប្រធានាធិបតី និងនាយករដ្ឋមន្ត្រីណា ដែលថា ខ្ញុំអត់មានពង្រឹងអំណាចទេ ខ្ញុំកាត់បន្ថយអំណាច ដកថយ អញ្ចឹងចាំបាច់ធ្វើធ្វើអី? សូម្បីតែអាចារ្យវត្តក៏ប្រឹងពង្រឹងអំណាចដែរ គ្រូសូត្រឆ្វេង គ្រូសូត្រស្តាំក៏ពង្រឹងអំណាចដែរ ទម្រាំគេធ្វើនាយករដ្ឋមន្ត្រី ទាហានផង ប៉ូលីសផង កងកម្លាំងប្រដាប់អាវុធផង មន្ត្រីរាជការស៊ីវិលផង បើអត់មានអំណាចយកទៅធ្វើអ្វី?»៕