រាជធានីភ្នំពេញ៖ ក្នុងរយៈពេល ១៥ ឆ្នាំមកនេះកម្ពុជាបានបញ្ជូន កងទ័ពមួកខៀវចំនួនជាង ៧ ៨០០ នាក់ទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ UN ។នេះបើយោងតាមយោងតាមរបាយការណ៍របស់ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។
របាយការណ៍ដដែលបានឱ្យដឹងថា ក្នុងរយៈពេល ១៥ ឆ្នាំមកនេះ ពោលគឺ ចាប់តាំងពីឆ្នាំ ២០០៦ រហូតមកដល់បច្ចុប្បន្ន មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា សរុបចំនួន ៧ ៨២៦ នាក់ ក្នុងនោះមានកម្លាំងនារីចំនួន ៤៩៤ នាក់ ចូលរួមបេសកកម្មអង្គការសហប្រជាជាតិ ទៅកាន់បេសកកម្មចំនួន ១១ ក្នុងប្រទេសចំនួន៩ រួមមាន ស៊ូដង់ ឆាដ ស៊ូដង់ខាងត្បូង លីបង់ សាយប្រឹស ស៊ីរី ម៉ាលី អាហ្វ្រិកកណ្តាល និងយេមែន។
របាយការណ៍ដដែលបានបន្តថា បច្ចុប្បន្ន កងទ័ពមួកខៀវកម្ពុជាប្រមាណ ៨០០ នាក់ កំពុងបំពេញបេសកកម្មនៅប្រទេស ស៊ូដង់ខាងត្បូង លីបង់ ម៉ាលី និងអាហ្វ្រិកកណ្តាល។
សម្រាប់ឆ្នាំ ២០២១ គឺជាឆ្នាំទី ១០ នៃការចូលរួមបេសកកម្មរក្សាសន្តិភាព នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង (UNMISS) ដែលមានចំនួនសរុប ៧៣០នាក់ នារី១២៤នាក់។
ជាក់ស្តែងនៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះមានកងទ័ពមួកខៀវជាកងអនុសេនាធំ រាជអាវុធហត្ថលេខ ១៨៦ គឺជាកងទី ៩ ដែលមានកម្លាំងសរុប ៧៣ នាក់ ក្នុងនោះមាននារីចំនួន ២៨ នាក់ បានវិលត្រឡប់មកមាតុភូមិកម្ពុជាវិញក្រោយបញ្ចប់បេសកកម្មមនុស្សធម៌រក្សាសន្តិភាពអស់រយៈពេល ១ ឆ្នាំប្រកបដោយជោគេជ័យ ដូចបណ្តាកងមុនៗនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។
រីឯកងដែលត្រូវធ្វើការប្តូរវេន គឺកងអនុសេនាធំសរាជអាវុធហត្ថលេខ ៧៣៩ ជាកងទី ១០ ដែលមានកម្លាំងសរុប ៧៣ នាក់ (នារី៣៤នាក់)។ អត្រាចូលរួមរបស់នារីក្នុងកងនេះស្មើ ៤៦% លើសពីតម្រូវការរបស់ អ.ស.ប. ត្រឹម ១៥%។
គួរបញ្ជាក់ថា កម្ពុជាទទួលបានការកោតសរសើរគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដោយទទួលបានចំណាត់ ថ្នាក់លេខ ២៧ លើ ១២២ ប្រទេស បរិច្ចាគកងកម្លាំង និងបានចំណាត់ថ្នាក់លេខ ១៣ ក្នុងការបញ្ជូនកងកម្លាំងនារី។ ដោយឡែកក្នុងសហគមន៍ អាស៊ាន កម្ពុជាទទួលចំណាត់ថ្នាក់លេខ២៕