ភ្នំពេញៈ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជាបានហៅការលើកឡើងរបស់ក្រុមអ្នកនយោបាយរត់ចោលស្រុក និងបក្ខពួក ដែលសុំឱ្យមានការចរចាត្រីភាគីរវាងគណបក្សកាន់អំណាច និងអតីតមេដឹកនាំគណបក្សប្រឆាំងដែលមានការ ចូលរួមពីអន្តរការីរបស់សហគមន៍អន្តរជាតិ គឺសុទ្ធតែជាក្រុមមនុស្សខ្វាក់គំនិត និងឥតចេះស្តាប់ភាសាខ្មែរ។
លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជាបានបញ្ជាក់លើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៧ខែ វិច្ឆិកានេះថា ក្រុមអ្នកនយោបាយរត់ចោលស្រុកនិងបក្ខពួកដែលបន្តទទូចលើកឡើងដដែលៗពីការសុំឱ្យមានការចរចារវាងមេដឹកនាំរបស់ខ្លួនដែលកំពុងខ្ចាត់ខ្ចាយរត់ចោលស្រុកជាមួយនឹងប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាហើយថែមទាំងយកបរទេសមក អួតអាងនោះ គឺសុទ្ធតែជាក្រុមមនុស្សខ្វាក់គំនិត និងឥតចេះស្តាប់ភាសាខ្មែរនោះទេ !។
លោកបានសរសេរទៀតថា សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្រាប់មិនតិចដងហើយទេថា គ្មានការចរចា និងគ្មានការលើកលែងឲ្យពួកឆ្កួតជ្រុលនិយមរត់ចោលស្រុកដែលធ្វើនយោបាយប៉ុនប៉ងមកផ្តួលរំលំរដ្ឋាភិបាលនិងធ្វើនយោបាយចង់តែបំផ្លាញសន្តិភាព បំផ្លាញស្ថេរភាពនយោបាយប្រទេសនោះទេ…។ ដូចនេះការលើកឡើងដដែលៗរបស់ពួកគេរួមទាំងមេដឹកនាំរត់ចោលស្រុករបស់ពួកគេដែលកំពុងអស់លក្ខណ៍នយោបាយផងនោះ វាគឺបង្ហាញថា ពួកនេះចេះតែនិយាយឲ្យគេស្តាប់ តែមិនចេះស្តាប់គេនិយាយប្រាប់វិញទេ..! ។ ចំណែកពួកមនុស្សមួយដំបរស្វាដែលបន្តដើរតាមមេដឹកនាំរត់ស្រុកនេះក៏ជាក្រុម ខ្វាក់គំនិតដែលបិទទ្វារបិទឱកាសខ្លួនឯងនៅលើផ្លូវនយោបាយផងដែរ។ពោលពួកអ្នកដែលយកវាសនាប្រទេសជាតិខ្លួនឯងទៅផ្ញើរលើបរទេសដែលជាហៅថាបរទេសនិយមនោះចុងក្រោយពួកគេនឹង យំដោយសារបរទេស មិនខាន…។
លោក សួន សេរីរដ្ឋា បានបន្ថែមថា អ្នកឆ្លាតយល់ការពិត គេវិលចូលមកធ្វើនយោបាយចូលរួមប្រកួតប្រជែងការបោះឆ្នោតតាម រយៈលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលមានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ មានតែពួកល្ងង់ ខ្វាក់ខួរគិតប៉ុណ្ណោះដែលនៅរងចាំនិងបន្តហែហមសង់រោងដេកយាមផ្នូរខ្មោចបក្សដែលរលាយនោះ៕